ប្រធានភូមិឡពាងជនរងគ្រោះក្នុងអំពើរំលោភយកដីធ្លីពីក្រុមហ៊ុនខេឌីស៊ី អ្នកស្រី ទូច លី មានប្រសាសន៍ទាំងអស់សង្ឃឹមថា ៖ «ចូលរួមប្រជុំជាមួយក្រុមហ៊ុន បើនិយាយឲ្យខ្លីទៅ គឺខាងតំណាងក្រុមហ៊ុនគាត់អញ្ជើញទៅ ដូចប្រាប់យើងឲ្យដឹងថា ដីនេះជាដីរបស់ក្រុមហ៊ុនស្របច្បាប់ គាត់ទិញមក ព្រោះគាត់ជាម្ចាស់ទី២ ។ ខ្ញុំអត់ដឹងថាមានគំនិតតវ៉ារបៀបម៉េចទេ ដូចថាអស់សង្ឃឹមក្នុងខ្លួនហើយ ព្រោះខ្ញុំបានភ្ញាក់ខ្លួនថា ដីហ្នឹងមិនទាន់បានលក់ ។ អ៊ីចឹងដីហ្នឹងរង់ចាំការដោះស្រាយជាក់ស្ដែង ព្រោះដីខ្ញុំអត់បានលក់ដែរ» ។
គួរបញ្ជាក់ថាក្រុមហ៊ុនខេឌីស៊ីកាន់កាប់ដោយជំទាវ ជា ខេង ភរិយារបស់លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន ។
តំណាងក្រុមហ៊ុនខេឌីស៊ី លោកមេធាវី ផាត់ ពៅសៀង បដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋ ។ លោកមានប្រសាសន៍ថាក្រុមហ៊ុនពុំបានរំលោភយកដីពីប្រជាពលរដ្ឋទេ ។
លោកមេធាវី ផាត់ ពៅសៀង បានមានប្រសាសន៍ថា ៖ «ក្នុងនាមអ្នកច្បាប់ ក្នុងនាមជាមេធាវី រឿងក្ដីហ្នឹងគឺថាច្បាស់លាស់ណាស់ សិក្សារឿងហ្នឹងច្បាស់ណាស់ ហើយមានឯកសារគ្រប់គ្រាន់បង្ហាញក្រុមហ៊ុន KDC ។ មានប្លង់របស់គេ គេទិញហ្នឹង គឺប្លង់ហ្នឹងមានតាំងពី ៩៧ ឆ្នាំ ២០០៧ គាត់ទិញហ្នឹង ប្លង់វាមានដល់១០៥ប្លង់» ។
មេឃុំតាជេស លោក ឌី ឌឿន មានប្រសាសន៍ថាលោកអាណិតអាសូរចំពោះប្រជាពលរដ្ឋក្នុងឃុំដែរ តែលោកថាបញ្ហានេះហួសពីសមត្ថភាពដែលលោកអាចជួយបាន ។
លោក ឌី ឌឿន បានឲ្យដឹងថា ៖ «ខ្ញុំមិនដឹងធ្វើម៉េចទេ ដល់អ៊ីចឹងមិនដឹងជារកធ្វើម៉េច ។ អាណិតហើយប្រជាពលរដ្ឋ ខ្ញុំមិនដឹងធ្វើម៉េច បើខ្ញុំមិនដឹងសាច់រឿងច្បាស់លាស់ដែរ» ។
សូមបញ្ជាក់ដែរថា តាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១០៤៩ស.ជ.ណ ចុះថ្ងៃទី៨ សីហា ២០០៨ ដែលបានយោងចំណាររបស់លោកនាយករដ្ឋមន្ត្រីឲ្យក្រុមហ៊ុនខេឌីស៊ី ពិនិត្យនិងដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្នុងភូមិឡពាង និងភូមិបឹងកក់ ជូនប្រជាពលរដ្ឋ ។ នៅព្រឹកថ្ងៃទី២៥ ក្រុមហ៊ុនបានអញ្ជើញប្រជាពលរដ្ឋមកជួប តែពុំមែនដើម្បីស្រាយដោះទេ ផ្ទុយទៅវិញក្រុមហ៊ុនប្រកាសពីភាពស្របច្បាប់របស់ខ្លួនតែម្តង ។
អភិបាលស្រុកកំពង់ត្រឡាច លោក អ៊ាន ឈា សម្ដែងពីភាពមិនទទួលខុសត្រូវរបស់ខ្លួនចំពោះបញ្ហានេះ ។ លោកមានប្រសាសន៍ថា ៖ «រឿងក្រុមហ៊ុននេះ ខ្ញុំគ្រាន់តែអ្នកនៅរង់ចាំកន្លែងទេ» ។
មន្ត្រីសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថាគេគួរអនុវត្តស.ជ.ណលេខ១០៤៩ ដោយបង្កើតគណៈកម្មការចម្រុះមួយដើម្បីដោះស្រាយដោយមិនត្រូវធ្វើការគំរាមស្មារតីរបស់ប្រជាពលរដ្ឋ តាមរបៀបអង្គប្រជុំនៅព្រឹកថ្ងៃទី២៥ សីហានោះទេ ៕
