ក្រុមប្រជាពលរដ្ឋដដែលបានឲ្យដឹងថា ៖ «ប្រជាពលរដ្ឋទាំងអស់មួយសាហ្នឹងទៀត ទៅហើយ បើមិនចាក់សាំងដុតទេ ក៏កាប់គ្នាងាប់រស់មួយៗដែរ ព្រោះ... គ្នាគោរពតាមអស់ហើយ ។ ឥឡូវដោះស្រាយៗ ឲ្យមកប្រជុំ អត់មកប្រជុំគ្នាទៀត» ។
កាលពីព្រឹកថ្ងៃទី១៨ សីហា អភិបាលរងស្រុកស្នួលបានចុះទៅដោះស្រាយជាមួយប្រជាពលរដ្ឋដោយអះអាងប្រាប់ថា នឹងមិនឲ្យក្រុមហ៊ុនស៊ីអាយវី ឈូសឆាយប៉ះពាល់លើផលដំណាំរបស់អ្នកស្រុកជាបន្តទៅទៀតឡើយ ។ ប៉ុន្តែនៅវេលារសៀលនៃថ្ងៃដដែលនោះ ក៏មានត្រាក់ទ័រចំនួន២គ្រឿងបានចូលទៅឈូសឆាយលើដំណាំដំឡូងរបស់ប្រជាពលរដ្ឋបន្តទៅទៀត ដែលជាហេតុធ្វើឲ្យមានការក្ដៅក្រហាយ ។
លោក គឹម អែលអាន បានឲ្យដឹងថា ៖ «ខ្ញុំឈ្មោះ គឹម អែលអាន ម្សិលមិញហ្នឹង អាប៊ុលហ្នឹងមកឈូសដំឡូងខ្ញុំ ។ ២ម្ចាស់ បើឈូសដំឡូងខ្ញុំ បើគិតជាបណ្ដោយដីហ្នឹង ប្រហែលជិត៤០០ម៉ែត្រ ។ ឥឡូវតវ៉ាមិនឲ្យវាឈូសទេ ទុកឲ្យវាធ្វើតែម្ដងទៅ បើធ្វើបានអីប្រជាពលរដ្ឋធ្វើហូបដីហ្នឹង ព្រោះដីប្រជាពលរដ្ឋធ្វើតាំងពីដើមមក» ។
តំណាងសហគមន៍នៅទីនោះគឺលោក សារ៉ែន កែត បានឲ្យដឹងថាឥឡូវនេះប្រជាពលរដ្ឋបាននាំគ្នាទប់ស្កាត់មិនឲ្យមានគ្រឿងចក្រចូលទៅធ្វើការឈូសឆាយបន្តទៅទៀតឡើយ លុះត្រាតែមានដំណោះស្រាយត្រឹមត្រូវ ។
លោក សារ៉ែន កែត បានឲ្យដឹងថារូបលោកត្រូវបានគេអញ្ជើញឲ្យទៅចូលរួមដោះស្រាយជាមួយក្រុមហ៊ុននៅវេលាល្ងាចនេះ ។ ប៉ុន្តែលោកថាប្រជាពលរដ្ឋបានព្រមានលោកជាមុនហើយថា កុំឲ្យទទួលយកការដោះស្រាយជាគោលការណ៍នយោបាយដោយសងជាប្រាក់ឡើយ ដោយចោទថាទង្វើនេះជាការមើលងាយដល់ប្រជាពលរដ្ឋ ។
លោក សារ៉ែន កែត បានមានប្រសាសន៍ថា ៖ «គេមិនគិតថា ពួកខ្ញុំជាប្រជាពលរដ្ឋរបស់គេទេ បានន័យថាគេប្រជាពលរដ្ឋ ប៉ុន្តែគេមកបំផ្លាញរបស់ប្រជាពលរដ្ឋ ហាក់បីដូចជាប្លន់របស់ប្រជាពលរដ្ឋអ៊ីចឹង អត់ត្រឹមត្រូវទេ» ។
អភិបាលស្រុកស្នួល គឺលោក អៀវ សាភុម ដែលជានិច្ចកាលតែងតែអះអាងថា នឹងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនោះបានជម្រាបថា ក្រោយពេលទទួលដំណឹងនេះភ្លាម លោកបានបញ្ជាឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយដោយឲ្យវិលត្រឡប់ទៅកន្លែងវិញ ។ ប៉ុន្តែប្រជាពលរដ្ឋមានកំហឹងហាក់ដូចជាពុំចង់ឲ្យទៅ តែលោកបានអង្វរដោយកុំឲ្យប៉ះពាល់របស់គេ ។
លោក អៀវ សាភុម បានបញ្ជាក់ថា ៖ «យើងមិនអាចប៉ះពាល់អីរបស់គេទេ ប៉ុន្តែខ្ញុំនឹងរកវិធីដោះស្រាយជាមួយបងប្អូនយើង ធ្វើម៉េចឲ្យបានសមស្រប» ។
សូមជម្រាបថាកាលពីថ្ងៃទី១១ សីហា ប្រជាពលរដ្ឋក៏បាននាំគ្នាតវ៉ាឲ្យបញ្ឈប់ក្រុមហ៊ុនស៊ីអាយវី ដែលទទួលបានដីអភិវឌ្ឍន៍ដាំដុះដំណាំកសិឧស្សាហផលចំនួន១ពាន់ហិកតា នៅក្នុងឃុំស្រែចារ និងឃុំ២ធ្នូ ហើយក៏មានការសន្យាថានឹងមិនឲ្យប៉ះពាល់ដីប្រជាពលរដ្ឋដូចគ្នានឹងពេលនេះដែរ ៕
