ជនជាតិព្នងនៅភូមិលេខ១ ឃុំប៊ូស្រា បានផ្ដល់សម្ភាសន៍កាលពីព្រឹកថ្ងៃទី៩ ខែឧសភាថាពួកខ្លួនកំពុងតែនាំគ្នាផ្ដិតមេដៃសុំធ្វើការតវ៉ាជាថ្មី ដើម្បីបដិសេធមិនទទួលស្គាល់ក្រុមជនជាតិព្នងដែលផ្ដិតមេដៃលើកិច្ចសន្យាដោះស្រាយកាលពីថ្ងៃទី៤ ឧសភា ៖ «គេមាន១០នាក់ផ្ដិតមេដៃនៅកន្លែងសាលាខែត្រពីថ្ងៃមុននោះ ខ្ញុំអត់គាំទ្រអត់ទទួលស្គាល់ទេ ខ្ញុំបដិសេធព្រោះផ្ដិតមេដៃមិនអត់ត្រឹមត្រូវ» ។
ស្ត្រីជនជាតិព្នងរូបនេះបានអះអាងបន្ថែមថា ការផ្ដិតមេដៃលើកនេះក៏ជាការរកដំណោះស្រាយជាថ្មី ដើម្បីឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ធ្វើការឈូសឆាយចៀសឲ្យផុតពីព្រៃកេរដូនតានិងចម្ការវិលជុំរបស់ពួកគេ ៖ «ពួកខ្ញុំតវ៉ាដើម្បីយកដីធ្លី ចម្ការវិលជុំ... បើថាគាត់មិនយល់ព្រមទេ ពួកខ្ញុំមិនយល់ព្រមឲ្យធ្វើជាដាច់ខាត» ។
ក្នុងចំណោមជនជាតិព្នងដែលផ្ដិតមេដៃបញ្ចប់វិវាទពីថ្ងៃទី៤ ឧសភា បានអះអាងថាពួកខ្លួនត្រូវបានគេយកចុងកន្ទុយសន្លឹកមកឲ្យផ្ដិតមេដៃ ដោយមិនឲ្យមើលខ្លឹមសារខាងដើមមែន ប៉ុន្តែនៅតែអះអាងថាពួកខ្លួនមិនបានផ្ដិតមេដៃគាំទ្រឲ្យក្រុមហ៊ុនឈូសឆាយរំលោភលើដីរបស់ប្រជាពលរដ្ឋនោះទេ ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក គឺលោក សម សារិន ដែលតាមឃ្លាំមើលបញ្ហាវិវាទនេះបានរិះគន់អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីកាលពីថ្ងៃទី៤ ឧសភាថា គ្មានតម្លាភាពធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យលើគ្នាទៅវិញទៅមក ។
លោក សម សារិន បានឲ្យដឹងថា ៖ «ការដោះស្រាយកាលពីថ្ងៃទី៤ ជាដំណោះស្រាយមួយរបៀបរៀបចំល្បិចបោកប្រាស់ប្រជាពលរដ្ឋ ព្រោះថាដឹងថាប្រជាពលរដ្ឋមិនសូវចេះអក្សរ អ៊ីចឹងយកសំណើនិងសំណូមពរប្រជាពលរដ្ឋហ្នឹងទៅឲ្យនាយករដ្ឋមន្ត្រីសម្រេច ។ ប៉ុន្តែបែរជាយកមេដៃប្រជាពលរដ្ឋប្រហែលជាបួនដប់ហ្នឹង ទៅធ្វើកិច្ចសន្យាបញ្ចប់វិវាទរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនទៅវិញ ។ អ៊ីចឹងគួរតែអាជ្ញាធរជាតិពិនិត្យឡើងវិញ» ។
សូមជម្រាបថាកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ឧសភា ជនជាតិព្នងនៅឃុំប៊ូស្រាដែលតវ៉ាពីរឿងវិវាទដីធ្លីត្រូវបានរំសាយទៅផ្ទះវិញ បន្ទាប់ពីអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីបានតម្រូវឲ្យជនជាតិព្នងប្រមាណ១០នាក់ ផ្ដិតមេដៃជាតំណាងភូមិនីមួយៗក្នុងឃុំប៊ូស្រាដើម្បីបញ្ចប់វិវាទ ដែលមានខ្លឹមសារខ្លះសរសេរថា នឹងនាំពាក្យតវ៉ាទៅដាក់ជូននាយករដ្ឋមន្ត្រីដើម្បីដោះស្រាយ ព្រមទាំងធ្វើយ៉ាងណាដើម្បីកុំឲ្យក្រុមហ៊ុនឈូសឆាយលើដីកសិកម្មរបស់ប្រជាពលរដ្ឋ ដែលក្នុងនោះប្រជាពលរដ្ឋថា មិនបាននិយាយអំពីផលប៉ះពាល់មកលើដីចម្ការវិលជុំរបស់ពួកគាត់ ។
អភិបាលរងខែត្រមណ្ឌលគិរីគឺលោក ញ៉ា រាំងចាន់ បានផ្តល់សម្ភាសន៍ថាអាជ្ញាធរខែត្របានបង្កើតគណៈកម្មការស៊ើបអង្កេតដើម្បីពន្យល់ប្រជាពលរដ្ឋទាំងនោះឲ្យយល់ច្បាស់អំពីរឿងនេះ ៕
