ជនជាតិព្នងនៅភូមិទី៤ ឃុំប៊ូស្រា បានឲ្យដឹងកាលពីថ្ងៃទី២៤ សីហា ថា មានក្រុមហ៊ុនជាច្រើនបានចូលទៅអភិវឌ្ឍដោយដណ្ដើមយកដីដំណើរវិលជុំរបស់ជនជាតិ ដែលការបន្តដណ្ដើមគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយបែបនេះ ធ្វើឲ្យជនជាតិព្នងមានការបារម្ភចំពោះការខ្វះខាតដីផលិត ។
ជនជាតិព្នងដដែលបានឲ្យដឹងថា ៖ «ថ្ងៃក្រោយទៅកូនចៅអត់មានដីធ្វើចម្ការវិលជុំ ដោយសារតែថ្នាក់ដឹកនាំរបស់យើងហ្នឹង ដីត្រង់ណាក៏ឲ្យក្រុមហ៊ុនធ្វើដែរ ។ ប្រជាពលរដ្ឋឃើញអស់ដីចម្ការវិលជុំសម្រាប់ធ្វើហើយ ប្រហែលជាត្រឹម២ឆ្នាំទៀតអ្នកភូមិទាំងអស់ហ្នឹងនឹងរកស្អីហូបគ្មានទេ» ។
ការព្រួយបារម្ភនេះបានកើតមានឡើងបន្ទាប់ពីអ្នកស្រុកឲ្យដឹងថា ប៉ុន្មានថ្ងៃមុននេះមានក្រុមហ៊ុនថ្មីមួយបានចូលទៅវាស់វែងលើដីដែលមានទំនាស់ជាមួយមន្រ្តីយោធាខេត្តពីមុនដើម្បីអភិវឌ្ឍ ៖ «ដីទំនាស់ជាមួយលោក ស៊ុយ សុខន ហ្នឹង រដ្ឋរឹបអូសទុកជាសម្បត្តិរដ្ឋអីណាអីណីអ៊ីចឹងទៅ ។ ឮប៉ុន្មានថ្ងៃមុនហ្នឹង ឮថាពួកក្រុមហ៊ុនឯណាឯណីមកវាស់វែងកន្លែងហ្នឹង ។ ដីប៊ូស្រាកន្លែងណាក៏ក្រុមហ៊ុនដែរ អត់មានដីប្រជាជនធ្វើចម្ការទេ អស់រលីងតែម្ដង ប្រជាជនតវ៉ាលែងចេញហើយឥឡូវ» ។
ប្រធានភូមិទី៤ គឺលោក ជិត ច្រេះ បានឲ្យដឹងថាក្រុមហ៊ុនថ្មីនោះមានឈ្មោះថា ក្រុមហ៊ុន សាំបាឡា ចូលមកសិក្សាអភិវឌ្ឍដាំដុះកៅស៊ូ លើដីដែលធ្លាប់មានទំនាស់ជាមួយនឹងមន្រ្តីយោធាខេត្ត ចំនួន ៨០០ម៉ែត្រ គុណនឹង ១២០០ម៉ែត្រ ដែលទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋមិនព្រមទទួលឲ្យដែរ ហើយលោកបានអះអាងថាបានជួយអន្តរាគមន៍រឿងនេះទៅឲ្យអង្គការក្រៅរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍រួចហើយ ៖ «ទៅជួបជាមួយមេធាវី និងអង្គការយុត្តិធម៌» ។
ប្រធានភូមិនិងអ្នកស្រុកបានឲ្យដឹងថា ក្រុមហ៊ុនថ្មីនេះបានអភិវឌ្ឍលើដីធ្លាប់មានទំនាស់ជាមួយនឹងមន្រ្តីយោធាខេត្តដែលកាលណោះតុលាការធ្លាប់ចាប់ខ្លួនមនុស្ស៤នាក់ ដាក់ពន្ធនាគារម្ដងរួចមកហើយ ។
អភិបាលរងខេត្តមណ្ឌលគិរី គឺលោក កែវ ហន បានជម្រាបថាប៉ុន្មានថ្ងៃមុនមានក្រុមការងារខាងកសិកម្មបានចុះសិក្សាពីផលប៉ះពាល់ក្នុងការអភិវឌ្ឍដាំដុះរបស់ក្រុមហ៊ុនសាំបាឡា ដែលមិនទាន់បានទទួលច្បាប់ដំណើរការដាំដុះ លើដីជាង៣ពាន់ហិកតានៅឡើយទេ តែលោកអះអាងថាបើសិនជាមានផលប៉ះពាល់មែននិងមានការកាត់ចេញ ។
លោក កែវ ហន បានមានប្រសាសន៍ថា ៖ «ស្រេចលើការអង្កេតវាស់វែង ការធ្វើកំណត់ហេតុរបស់ក្រុមការងារដែលចុះមកសិក្សាផលប៉ះពាល់ តើត្រូវប៉ុន្មានពាក់ព័ន្ធនឹងប្រជាពលរដ្ឋ កាត់ចេញតាមគោលការណ៍របស់រដ្ឋាភិបាលយើង» ។
នេះជាក្រុមហ៊ុនក្រោយមួយទៀតបន្ទាប់ពីក្រុមហ៊ុនខូវជីលី និងក្រុមហ៊ុនដាឡាត់វៀតណាម ព្រមទាំងមន្រ្តីយោធាដែលបានចូលអភិវឌ្ឍដែលអ្នកស្រុកអះអាងថា ប៉ះពាល់លើដីចម្ការវិលជុំរបស់ពួកគេ ហើយថាគ្រោះទុរ្ភិក្សនឹងកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនទាំងនោះដណ្ដើមយកដីចម្ការវិលជុំទៅអភិវឌ្ឍអស់ ៕
