ជនជាតិព្នងបានសម្ដែងការបារម្ភនេះបន្ទាប់ពីពួកគេសង្កេតឃើញស្រូវកំពុងតែបែកគុម្ព ហើយក៏មានសត្វល្អិតមកបំផ្លាញធ្វើឲ្យងាប់ដើមឡើងក្រហមពេញចម្ការ ៖ «ប្រជាពលរដ្ឋខ្ញុំនៅឃុំដាក់ដាំ កំពុងតែភ័យខ្លាចដាច់ពូជឆ្នាំក្រោយ ។ ឥឡូវហ្នឹងបញ្ហាអង្ករឡើងថ្លៃ ឥឡូវនៅសល់១គីឡូ ៣៥០០ សាំងនៅ៦៥០០ក្នុងមួយលីត្រ» ។
នៅឃុំរមនា ស្រុកសែនមនោរម្យ ក៏ទទួលរងនូវការរាតត្បាតពីសត្វល្អិតមមាចត្នោតដែរ ដែលអ្នកស្រុកអះអាងថាបើមានការជួយអន្តរាគមន៍ទាន់ពេលវេលា ប្រហែលជាអាចសល់ពូជសម្រាប់ទៅឆ្នាំក្រោយខ្លះ ។
អ្នកស្រុកដដែលបានឲ្យដឹងថា ៖ «បើសិនជាគេផ្ដល់ថ្នាំសម្លាប់សត្វល្អិត ឬមួយមានថ្នាំការពារស្រូវកុំឲ្យងាប់ អាហ្នឹងអាចសល់ស្រូវបានខ្លះ ។ ខាងកសិកម្មឲ្យជួយប្រជាជនតាមភូមិ ដូចថាមានថ្នាំអីខ្លះអាចផ្ដល់ដល់សហគមន៍កុំឲ្យស្រូវងាប់អស់ ។ ខ្ញុំព្រួយបារម្ភខ្លាចស្រូវងាប់អស់ទៅ មិនមានផលដល់ប្រជាជន ហើយខ្លាចលំបាករកស្រូវអង្ករធ្វើពូជសម្រាប់ឆ្នាំក្រោយទៅ អត់មានបាយស៊ី» ។
តំណាងសហគមន៍ជនជាតិនៅស្រុកសែនមនោរម្យបានជម្រាបអំពីសត្វល្អិតបំផ្លាញស្រូវនោះថា វាចាប់ផ្ដើមស៊ីបណ្ដូល ហើយកកូនកចៅបំផ្លាញស្រូវ រយៈពេលប្រមាណ១ខែស្រូវក៏ក្រហមពេញស្រែតែមិនរលួយឬសទេ ដែលបញ្ហានេះលោកថា ទើបកើតមាននៅឆ្នាំនេះខ្លាំងតែម្ដង ។
តំណាងសហគមន៍ជនជាតិនៅស្រុកសែនមនោរម្យបានមានប្រសាសន៍ថា ៖ «ឆ្នាំនេះអស់មួយភូមិតែម្ដង អត់មានថ្នាំផង មមាចត្នោតហ្នឹង ស៊ីមួយភូមិទាំងអស់ ។ ចាប់ផ្ដើមតាំងពីចន្លោះខែ៧ និងខែ៨ ។ អង្គការវីជីឡែន ទាក់ទងខាងក្រសួងកសិកម្ម អត់អនុវត្តផង» ។
មន្រ្តីនៃអង្គការវីជីឡែន គឺលោក ឯម វាសនា បានជម្រាបថាលោកបានចុះពិនិត្យបញ្ហានេះ បន្ទាប់ពីមានប្រជាពលរដ្ឋ៨ឃុំ មករាយការណ៍ដល់ទីស្នាក់ការ ហើយក៏បានធ្វើការទំនាក់ទំនងទៅមន្ទីរកសិកម្មម្ដងរួចមកហើយ តែពុំទាន់មានលទ្ធផលនៅឡើយ ។
ប្រធានមន្ទីរកសិកម្មគឺលោក អេង ប៊ុនហ៊ាង បានជម្រាបថាលោកបានចាត់ឲ្យមន្រ្តីជំនាញចុះទៅធ្វើការផ្សព្វផ្សាយពីវិធីកម្ចាត់មមាចត្នោតនេះនៅកន្លែងមួយចំនួនហើយ ។
លោក អេង ប៊ុនហ៊ាង បានមានប្រសាសន៍ថា ៖ «កម្ចាត់សត្វមមាចត្នោត ខ្ញុំមានសម្ភារៈគ្រប់គ្រាន់ ប៉ុន្តែគ្រាន់ថាកន្លែងខ្លះគាត់មិនរាយការណ៍ អាចនឹងយឺត ។ ចាំមើលខ្ញុំចាត់ចែងទៅទៀត» ។
ប្រធានមន្ទីរកសិកម្មបានបន្ទោសប្រជាពលរដ្ឋទាំងនោះថា មិនបានរាយការណ៍ទៅខាងជំនាញផ្ទាល់ ឬក៏តាមរយៈមេឃុំជាបន្ទាន់ដើម្បីធ្វើការទប់ស្កាត់ ប៉ុន្តែលោកអះអាងថាការខូចខាតទាំងនោះមានតែបន្តិចបន្តួចប៉ុណ្ណោះ ហើយវិធីបំផ្លាញសត្វល្អិតទាំងនោះ គឺការប្រើស្បៃមុងកៀរនិងយកអង្កាមលាយនឹងប្រេងម៉ាស៊ីនបាចទៅក្នុងស្រែនៅដំណាក់កាលចុងក្រោយ ៕
