ការស្នើសុំនេះ គឺដើម្បីចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង បូជាព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានថ្វាយបញ្ជីឈ្មោះអ្នកទោសដល់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី រួចហើយ ដើម្បីប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសទាំងស្រុងដល់អ្នកទោសមួយចំនួនដែលកំពុងជាប់ពន្ធនាគារនៅទូទាំងប្រទេស។
ការលើកលែងទោស និងបន្ធូរបន្ថយទោសនោះ គឺតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន លើគោលការណ៍មនុស្សធម៌ មានដូចជា អ្នកទោសទាំងនោះបានកែប្រែអត្តចរិតល្អ មានវ័យចាស់ជរា មានអាយុរវាង ៦០ឆ្នាំ ទៅ ៧០ឆ្នាំ មានជំងឺប្រចាំកាយ និងស្ត្រីមានកូនតូច ព្រមទាំងអនុវត្តតាមគោលការណ៍ច្បាប់ គឺថា អ្នកទោសទាំងនោះត្រូវបានបំពេញទោសចំនួន ២ភាគ៣ រួចហើយ។
អ្នកទោសទាំងនោះនឹងត្រូវបានអនុញ្ញាតឲ្យស្លៀកពាក់ខោអាវធម្មតា នៅពេលមកចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើងខាងមុខនេះ។ ការដោះលែងអ្នកទោសនេះ គឺជាករណីពិសេសមួយខុសពីករណីធម្មតា ដែលព្រះមហាក្សត្រតែងតែប្រទានការលើកលែងទោសនៅក្នុងឱកាសចម្រើនព្រះជន្ម និងឱកាសចូលឆ្នាំខ្មែរជាដើម។
លោក អង្គ វង្សវឌ្ឍនា បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅក្រសួងយុត្តិធម៌ថា ទោះបីជាអ្នកទោសណាមួយបានបំពេញទោសចំនួន ២ភាគ៣ ហើយក៏ដោយ ប៉ុន្តែជននោះមិនបានកែប្រែអត្តចរិតល្អ គឺមិនត្រូវបានបន្ធូរបន្ថយទោស ឬលើកលែងទោសនោះឡើយ៖ «ប្រហែលជាអ្នកដែលត្រូវដោះលែងហ្នឹង ថ្ងៃបូជាព្រះបរមសព គឺទៅទាំងអស់គ្នាតែម្តង ខាងមហាផ្ទៃ គេរៀបចំឲ្យមានខោអាវធម្មតា។ ថ្វាយព្រះភ្លើងហើយ ប្រហែលជាព្រះករុណាលោកឡាយព្រះហស្តលេខាពេលហ្នឹង លែងពេលហ្នឹង»។
លោកបានបញ្ជាក់ថា លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ពុំមានឈ្មោះក្នុងបញ្ជីដែលបានថ្វាយព្រះមហាក្សត្រប្រទានការលើកលែងទោស ឬបន្ធូរបន្ថយទោសទេ ដោយសារតែលោក សម រង្ស៊ី មិនបានមកបំពេញទោស ចំណែកឯលោក ម៉ម សូណង់ដូ មិនទាន់បានបំពេញទោសចំនួន ២ភាគ៣ នៅឡើយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក គុយ ប៊ុនស៊ន បានមានប្រសាសន៍នៅថ្ងៃសុក្រ ទី១១ មករា ថា លោកបានទទួលឯកសារសំណើពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហើយ តាមរយៈក្រសួងមហាផ្ទៃ ហើយលោកកំពុងតែចាត់ការតាមនីតិវិធី។
តាមការកំណត់ជាផ្លូវការដោយរដ្ឋាភិបាល បានឲ្យដឹងថា ព្រះរាជពិធីដង្ហែ និងព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គឺមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ក្នុងនោះព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព នៅថ្ងៃទី៤ ខែកុម្ភៈ នៅវេលាម៉ោង ១៨ និង ៣០នាទី និងមានការបាញ់កាំជ្រួច និងកាំភ្លើងធំផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។