មូរ សុខហួរ ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​តុលាការ​ខែត្រ​កំពត

លោកស្រី មូរ សុខហួរ នៃ​គណបក្ស​សមរង្ស៊ី​ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មី នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ កញ្ញា បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ខេត្ត​កំពត ទាក់ទង​នឹង​បណ្ដឹង​ចោទ​ប្រកាន់​អគ្គលេខាធិការ​រង​សាលា​ខេត្ត​កំពត ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត បៀត​បៀន​កេរ្តិ៍ខ្មាស និង​បង្ក​របួស​ស្នាម​ដោយ​ចេតនា នា​អំឡុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​មណ្ឌល​ខេត្ត​កំពត​នោះ។

0:00 / 0:00

នៅ​ក្នុង​ពាក្យ​បណ្ដឹង លោកស្រី មូរ សុខហួរ បាន​រៀបរាប់​ថា​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត នា​ថ្ងៃ​ទី​៣០ មិថុនា នៅ​ឯ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត លោកស្រី​បាន​ព្យាយាម​ថត​រថយន្ត​របស់​អគ្គលេខាធិការ​រង​សាលា​ខេត្ត​កំពត លោក សាន់ ស្មាន់ ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ហើយ​មាន​បិទ​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង​ខាង​កញ្ចក់​ដែល​ផ្ទុយ​នឹង​ច្បាប់​បោះ​ឆ្នោត។

លោកស្រី មូរ សុខហួរ បាន​បន្ត​ថា​ការសុំ​ថត​រូប​រថយន្ត​នោះ​ត្រូវ​បាន​រារាំង​ដោយ​លោក សាន់ ស្មាន់ ហើយ​ចោទ​ថា លោក សាន់ ស្មាន់ បាន​ច្រាន​លោកស្រី​និង​មួល​ដៃ​ថែម​ទៀត។ លោកស្រី​បាន​បន្ត​ទៀត​ថា ការរុញ​ច្រាន​លោកស្រី​ចេញ​បាន​បណ្ដាល​ឲ្យ​របូត​ឡេវ​អាវ។

លោកស្រី មូរ សុខហួរ បាន​ចោទ​ទៀត​ថា លោក សាន់ ស្មាន់ បាន​បញ្ជា​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ឡើង​បើក​រថយន្ត​នោះ​ថយ​ក្រោយ​យ៉ាង​លឿន​ដោយ​អូស​លោកស្រី​ប្រហែល​ពីរ​បី​ម៉ែត្រ។

លោកស្រី មូរ សុខហួរ បាន​ឲ្យ​ដឹង​ថា ៖ «ករណី​នេះ​គឺ​ជា​ករណី​ព្រហ្មទណ្ឌ។ បើសិន​ជា​គាត់​មិន​បាន​ប៉ះពាល់​ដល់​រាងកាយ​របស់​ខ្ញុំ ឬ​មួយ​ចិត្ត​របស់​ខ្ញុំ​គឺ​ចប់​ត្រឹម​ហ្នឹង។ តែ​នេះ​មាន​ការពាក់ព័ន្ធ​ទៅ​ដល់​មួល​ដៃ​ខ្ញុំ រុញ​ច្រាន​ខ្ញុំ រហូត​ដល់​ខ្ញុំ​របូត​ឡេវ​អាវ​នៅ​មុខ​សាធារណៈ។ នេះ​គឺ​ជា​រឿង​ពាក់ព័ន្ធ​នឹង​ព្រហ្មទណ្ឌ ទើប​ខ្ញុំ​ឡើង​មក​ដល់​តុលាការ»

ឆ្លើយតប​ទៅ​នឹង​ការចោទ​ប្រកាន់​នោះ លោក សាន់ ស្មាន់ អគ្គលេខាធិការ​រង​សាលា​ខេត្ត​កំពត និង​ជា​ប្រធាន​ច្រកទ្វារ​តន់ហន់ ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាង​កើត ស្រុក​កំពង់ត្រាច បាន​ជំទាស់​រាល់​ពាក្យ​ចោទ​ប្រកាន់​របស់​លោកស្រី មូរ សុខហួរ ដោយ​បញ្ជាក់​ថា​ជា​ការ​មិន​ពិត។

លោក សាន់ ស្មាន់ ដែល​ចូល​បំភ្លឺ​មុខ​ព្រះរាជអាជ្ញា​ខេត្ត​កំពត​នៅ​រសៀល​ថ្ងៃ​ដដែល​បាន​ទទួល​ស្គាល់​ថា រថយន្ត​របស់​លោក​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ពិត​ជា​មាន​រូប​សញ្ញា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​បី​រូប​ពិត​មែន ហើយ​ត្រូវ​គណៈកម្មធិការជាតិ​រៀបចំ​ការបោះឆ្នោត​ពិន័យ​ជា​ទឹក​ប្រាក់​៥​លាន​រៀល​រួច​មក​ហើយ។

លោក សាន់ ស្មាន់ បាន​ឲ្យ​ដឹង​ទៀត​ថា​លោក​មិន​បាន​រុញ​ច្រាន​លោកស្រី មូរ សុខហួរ រហូត​ដល់​របូត​ឡេវ​អាវ​នោះ​ទេ ហើយ​ថា​វា​អាច​ទាក់​នឹង​រថយន្ត​ដែល​កំពុង​បរ​ថយ​ក្រោយ។

លោក សាន់ ស្មាន់ បាន​មាន​ប្រសាសន៍​ថា ៖ «រឿង​របេះ​ហ្នឹង បើ​តាម​សាក្សី​យើង​បំភ្លឺ​ដល់ NEC នៅ PEC ក្ដី គេ​ថា​គាត់​ថ្ពក់​នឹង​កាង​ឡាន ថ្ពក់​ត្រង​ណា​អី​ត្រង់​ណា ខ្ញុំ​មិន​ដឹង​ទេ ហើយ​របូត​មិន​របូត​ក៏​ខ្ញុំ​អត់​បាន​ឃើញ​ដែរ។ ខ្ញុំ​អត់​បាន​ឃើញ គាត់​របូត​មិន​របូត​ខ្ញុំ​អត់​ដឹង ពេល​ហ្នុង​ដូច​ថា​ខ្ញុំ​បាត់​ម្ចាស់ការ មិន​ដឹង​ថា​គេ​ចង់​ធ្វើ​អី ក៏​អត់​ស្គាល់​ថា​គាត់​ហ្នឹង​នរណា​ផង»

លោក សាន់ ស្មាន់ បាន​បន្ត​ទៀត​ថា​ជម្លោះ​នេះ​អាច​បណ្ដាល​មក​ពី​ការប្រកួត​ប្រជែង​គ្នា​រវាង​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សមរង្ស៊ី។

តុលាការ​ខេត្ត​កំពត​កំពុងតែ​ចាត់​វិធានការ​ស៊ើបអង្កេត​ក្នុង​ករណី​បណ្ដឹង​របស់​លោកស្រី មូរ សុខហួរ នោះ។

គួរ​ជម្រាប​ផងដែរ​ថា នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ លោកស្រី មូរ សុខហួរ បាន​ទាមទារ​សង​ជំងឺចិត្ត​ជា​ទឹក​ប្រាក់​ចំនួន​៥០​លាន​រៀល៕