សភា​ទទួល​យក​ញត្តិ​សុំ​ឲ្យ​ពន្លឿន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

2008-05-17

សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា​បាន​ទទួល​យក​ជា​ផ្លូវការ​នូវ​ញត្តិ​មាន​ផ្តិត​ស្នាម​មេដៃ​និង​ហត្ថលេខា​របស់​ពលរដ្ឋ​ជាង​១​លាន​នាក់ ដែល​ញត្តិ​នោះ​សុំ​ឲ្យ​រដ្ឋសភា​ជួយ​ពន្លឿន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ និង​ឆាប់​យក​ច្បាប់​នោះ​មក​អនុម័ត ។

RFA Photo/Ouk Savborey

ក្បួន​ដង្ហែ​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​របស់​សង្គមស៊ីវិល​ទៅ​កាន់​រដ្ឋសភា កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០០៨ ។

រដ្ឋសភា​ទទួល​យក​ញត្តិ​នោះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០០៨ បន្ទាប់ពី​សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​កម្ពុជា​ប្រឆាំង​អំពើ​ពុករលួយ បាន​ប្រមូល​ស្នាម​មេដៃ​និង​ហត្ថលេខា​ប្រជាជន ១៩​ខែត្រ​ក្រុង កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៧ ដល់​ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០០៨ បាន​ចំនួន​១៩៤៤៥០​នាក់ ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ចង់​បាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ យក​មក​អនុវត្ត​ និង​មាន​ការ​ដាក់ទោស​ដល់​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ ។

មន្រ្តី​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារ៉ាយ មាន​ប្រសាសន៍​ក្រោយ​ជំនួប​ប្រគល់​ញត្តិ​រវាង​តំណាង​សង្គម​ស៊ីវិល និង​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ថា សមាជិក​សភា​បាន​ទទួល​យក​សំណូមពរ​ខ្លះ​ ដែល​ចែង​នៅ​ក្នុង​ញត្តិ​នោះ និង​មិន​បាន​សន្យា​ថា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​អាច​នឹង​ចេញ​ពី​ដៃ​រដ្ឋាភិបាល​ដាក់​ឲ្យ​សភា​អនុម័ត​នៅ​ពេល​ណា​ទេ ។

លោក ធន សារ៉ាយ បាន​មាន​ប្រសាសន៍​ថា ៖ «ពីព្រោះ​ថា​សភា​នេះ​ជិត​អស់​អាណត្តិ​ហើយ​អ៊ីចឹង​មិន​អាច​ធ្វើ​អី​កើត​ទេ អ៊ីចឹង​ទាល់​តែ​សភា​ក្រោយ​បាន​អាច​ធ្វើ​អី​បាន ប៉ុន្តែ​យើង​បំពង​សំឡេង​ពេល​នេះ ដើម្បី​ឲ្យ​អ្នក​ដែល​ចូល​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ហើយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​សភា​អាណត្តិ​ក្រោយ​នេះ លោក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​នូវ​សំឡេង​ដ៏​ធំ​នេះ​របស់​ប្រជារាស្រ្ត​យើង​នេះ»

ចំណែក​ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក​មិន​រំពឹង​ថា ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​អាច​នឹង​ចេញ​ឆាប់​បាន​ឡើយ ដោយ​ប្រធាន​សភា​កម្ពុជា​បាន​ចាត់តាំង​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ទៅ​ទទួល​ញត្តិ​ដែល​គណៈកម្មការ​នោះ​មិន​បាន​ធ្វើការ​ជាមួយ​អំពើ​ពុករលួយ គឺ​គណៈកម្មការ​ទី​៤​ទៅ​វិញ​ទេ​ដែល​ត្រូវ​ទទួល​ញត្តិ​នោះ ។

លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា ៖ «តែ​ខាង​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​មិន​បាន​បញ្ជាក់​ជំហរ​អ្វី​ឲ្យ​បាន​ច្បាស់​លាស់​ទេ គឺ​គាត់​តម្លាក់​បន្ទុក​ទៅ​លើ​រដ្ឋាភិបាល ថា​រដ្ឋាភិបាល​ជា​អ្នក​ដែល​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់ ដែល​គាត់​មិន​អាច​កំណត់​ថា​ពេល​ណា​នឹង​ធ្វើ​ច្បាប់​ហ្នឹង​បាន​ទេ ។ ហើយ​ជា​ពិសេស​ទៅ​ទៀត នៅ​ក្នុង​រដ្ឋសភា​ហ្នឹង តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ច្រើន​លើស​លុប តែ​បើ​សិនជា​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ធ្វើ គឺ​គេ​ធ្វើ​បាន គេ​កោះ​ប្រជុំ​វិសាមញ្ញ រួច​ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថា ទេ​រដ្ឋាភិបាល​អ្នកឯង​ត្រូវ​តែ​បញ្ជូន​​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង​មក​រដ្ឋសភា»

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ថា​ប្រាក់​ច្រើន​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ ក្នុង​ប្រទេស​កម្ពុជា បាន​បាត់បង់​ក្រោម​អំពើ​ពុករលួយ ។ ឯ​ប្រទេស​កម្ពុជា​ជាង​១៤​ឆ្នាំ​មកហើយ​ដែល​បាន​សន្យា​ជាមួយ​ម្ចាស់​ជំនួយ និង​ប្រជាជន​ទូទៅ ថា​នឹង​មាន​ច្បាប់​នោះ ប៉ុន្តែ​នៅតែ​មិន​អាច​បញ្ចេញ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មក​ដាក់​ទោស​ដល់​អ្នក​ប្រព្រឹត្ត​ឬ​អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ ។

ចំណែក​ប្រជាជន សិស្ស និសិ្សត ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ញត្តិ​ទៅ​សមាជិក​សភា នៅ​ថ្ងៃ​សុក្រ សុទ្ធតែ​រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​នឹង​ជួយ​ពន្លឿន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្រោយ​ជាប់​ឆ្នោត​សភា​អាណត្តិ​ទី​៤ ៕

អត្ថបទ​ដែល​ទាក់ទង

កង​វិស្វកម្ម​នៅ​ស្រុក​បាធាយ​ចោទ​ថា មេ​របស់​ខ្លួន​កិបកេង​ប្រាក់​ឧបត្ថម្ភ

ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​បាត់ដំបង​រង​ការចោទ​ប្រកាន់​ថា​ពុក​រលួយ

សង្គម​ស៊ីវិល​និងបក្ស​នយោបាយ​គ្រោង​ប្រជុំ​ពី​បញ្ហា​ពុករលួយ

ការ​បកស្រាយ​របស់​អ្នក​ច្បាប់​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ

សង្គមស៊ីវិល​និង​ការ​ជំរុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ

ក្រសួង​មហាផ្ទៃ​នឹង​ដាក់ទោស​សមត្ថកិច្ច​ដែល​ធ្វើ​បាប​ស្រ្តី​រកស៊ី​ផ្លូវ​ភេទ​ក្រោយ​ពេល​ចាប់​ខ្លួន

ការក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​និង​អំពើ​ពុករលួយ​នៅ​ច្រក​ប៉ោយប៉ែត

ហ៊ុន សែន ព្រមានពី​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​ជន​ពុករលួយ

បេក្ខជន​ដាក់ពាក្យ​សុំធ្វើការ​ជា​អ្នក​រៀបចំ​បោះឆ្នោត​ចោទ​ថា មាន​ការទារ​ប្រាក់

ប៉េអឹម​ស្រុក​ដូនកែវ​ខេត្ត​តាកែវ​ជំរិត​ទារ​ប្រាក់​អ្នក​លក់​ឱសថ​បុរាណ