សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាក់ទង​នឹង​គម្រោង​ផលិត​ថាមពល​វារី​អគ្គិសនី

រដ្ឋសភា​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​ទាក់ទង​នឹង​ដំណើរការ​ប្រព្រឹត្ត​នៃ​ក្រុមហ៊ុន​ចិន​មួយ​ដែល​គ្រោង​នឹង​ផលិត​ថាមពល​វារី​អគ្គិសនី​តម្លៃ​ជាង​​៣៩០​លាន​ដុល្លារ​អាមេរិក ។

0:00 / 0:00

ជាមួយ​សំឡេង​យល់ព្រម​ចំនួន​៨៦​សំឡេង​លើ​៩១ ក្នុង​សម័យ​ប្រជុំ​វិសាមញ្ញ​របស់​ខ្លួន​រដ្ឋសភា​បាន​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ទី៨ ឧសភា​នេះ នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន Power Synergy Corporation Co., Ltd. ទោះបី​ជា​មាន​ការ​រិះគន់​ពី​សមាជិក​សភា​មកពី​គណបក្ស​ប្រឆាំង​ថា​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​បាត់បង់​កិត្តិយស​ក៏ដោយ ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​តំណាង​រាជរដ្ឋាភិបាល​ដែល​មាន​ភារកិច្ច​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​លោក គង់ វិបុល មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​ថាមពល​វារីអគ្គិសនី​ពុំអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​បាន​ឡើយ​ហេតុ​នេះ​ហើយ​ការ​មាន​ប្រភព​ថាមពល​ផ្សេង​ទៀត​គឺ​ជា​ជម្រើស​ដែល​មិនអាច​ចៀសវាង​បាន​ដើម្បី​ធានា​ចំពោះ​សន្តិសុខ​ថាមពល ។

លោក គង់ វិបុល មាន​ប្រសាសន៍​ថា ៖ «លទ្ធភាព​វារីអគ្គិសនី​ដែល​ធ្វើ​បាន​ខែ​ប្រាំង​នោះ បាន​តែ​៣០%​ទេ ដូច្នេះ ៧០%​យក​មកពី​ណា ? គឺ​ជំនួស​ឲ្យ​ប្រេង​និង​ធ្យូង​ថ្ម​នេះ​ឯង»

សមាជិក​សភា​គណបក្ស​ប្រឆាំង​គឺ​លោក សុន ឆ័យ បាន​រិះគន់​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ ថា​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​កិត្តិយស ៖ «...ក្រុម​អ្នក​រកស៊ី​នោះ​មិន​ទុកចិត្ត​រដ្ឋាភិបាល អាហ្នឹង​ជា​រឿង​មួយ ជា​ការ​មាក់ងាយ​ដល់​រដ្ឋាភិបាល ពីព្រោះ​ធ្វើ​ដូច​ជា​ពេល​ដែល​រាជរដ្ឋាភិបាល គឺ​ថា​មាន​បុព្វសិទ្ធិ​គ្រប់គ្រាន់...»

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក ជាម យៀប មាន​ប្រសាសន៍​ថា​ការ​បង្កើត​ច្បាប់​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​វិនិយោគ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​សម្រាប់​ឲ្យ​គេ​ទុកចិត្ត​ដើម្បី​ចូលមក​វិនិយោគ​ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ពុំ​មាន​អ្វី​ទាស់​ខុស​ឬ​បាត់បង់​កិត្តិយស​នោះ​ឡើយ ។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា ៖ «នេះ​គឺ​ថា​មាន​ចែង​នៅក្នុង​ការ​លើកទឹកចិត្ត​នៃ​ច្បាប់​ស្ដី​អំពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ច្បាប់​នេះ​មិន​ដូច​ឯកឧត្ដម សុន ឆ័យ ថា​ថ្ងៃក្រោយ​មិនធ្វើ មិនធ្វើ​ខុស​រដ្ឋធម្មនុញ្ញ ខុស​ច្បាប់ ។ ឯកឧត្ដម​ថា​ធ្វើ​សា​ឡើង​វិញ មាត្រា​៩០​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ក្របខ័ណ្ឌ​ទី២​បាន​និយាយ​ថា​មានតែ​សភា​ទេ​ដែល​បាន​ផ្ដល់​សច្ចាប័ន​លើ​ការ...ហិរញ្ញវត្ថុ ជូន​ដល់​វិនិយោគទុន»

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ មីនា​កន្លងទៅ រាជរដ្ឋាភិបាល​បាន​អនុម័ត​ផ្តល់​សម្បទាន​ឲ្យ​ក្រុម ហ៊ុន Power Synergy Corporation Co., Ltd. វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មាន​កម្លាំង​២០០​មេហ្គាវ៉ាត់ នៅ​ក្រុង​ព្រះសីហនុ​ដែល​គម្រោង​នេះ​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន ៣៩០,៨​លាន​ដុល្លារ​អាមេរិក ។ ឯ​រយៈពេល​សម្បទាន​គឺ ៣៣​ឆ្នាំ​ក្នុង​នោះ ៣​ឆ្នាំ​សម្រាប់​ការ​សាងសង់ និង ៣០​ឆ្នាំ​ទៀត​សម្រាប់​ធ្វើ​អាជីវកម្ម ៕