ជាមួយសំឡេងយល់ព្រមចំនួន៨៦សំឡេងលើ៩១ ក្នុងសម័យប្រជុំវិសាមញ្ញរបស់ខ្លួនរដ្ឋសភាបានអនុម័តនៅព្រឹកថ្ងៃទី៨ ឧសភានេះ នូវសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុន Power Synergy Corporation Co., Ltd. ទោះបីជាមានការរិះគន់ពីសមាជិកសភាមកពីគណបក្សប្រឆាំងថាបានធ្វើឲ្យរដ្ឋាភិបាលបាត់បង់កិត្តិយសក៏ដោយ ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាតំណាងរាជរដ្ឋាភិបាលដែលមានភារកិច្ចការពារសេចក្តីព្រាងច្បាប់នេះគឺលោក គង់ វិបុល មានប្រសាសន៍ថាបច្ចុប្បន្នថាមពលវារីអគ្គិសនីពុំអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការរបស់អ្នកប្រើប្រាស់បានឡើយហេតុនេះហើយការមានប្រភពថាមពលផ្សេងទៀតគឺជាជម្រើសដែលមិនអាចចៀសវាងបានដើម្បីធានាចំពោះសន្តិសុខថាមពល ។
លោក គង់ វិបុល មានប្រសាសន៍ថា ៖ «លទ្ធភាពវារីអគ្គិសនីដែលធ្វើបានខែប្រាំងនោះ បានតែ៣០%ទេ ដូច្នេះ ៧០%យកមកពីណា ? គឺជំនួសឲ្យប្រេងនិងធ្យូងថ្មនេះឯង» ។
សមាជិកសភាគណបក្សប្រឆាំងគឺលោក សុន ឆ័យ បានរិះគន់ចំពោះសេចក្តីព្រាងច្បាប់នេះ ថាបានធ្វើឲ្យរដ្ឋាភិបាលបាត់បង់កិត្តិយស ៖ «...ក្រុមអ្នករកស៊ីនោះមិនទុកចិត្តរដ្ឋាភិបាល អាហ្នឹងជារឿងមួយ ជាការមាក់ងាយដល់រដ្ឋាភិបាល ពីព្រោះធ្វើដូចជាពេលដែលរាជរដ្ឋាភិបាល គឺថាមានបុព្វសិទ្ធិគ្រប់គ្រាន់...» ។
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថាការបង្កើតច្បាប់ធានាទូទាត់របស់រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនវិនិយោគ គឺជាផ្នែកមួយនៃការលើកទឹកចិត្តដល់វិនិយោគិនសម្រាប់ឲ្យគេទុកចិត្តដើម្បីចូលមកវិនិយោគក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពុំមានអ្វីទាស់ខុសឬបាត់បង់កិត្តិយសនោះឡើយ ។
លោក ជាម យៀប បានឲ្យដឹងថា ៖ «នេះគឺថាមានចែងនៅក្នុងការលើកទឹកចិត្តនៃច្បាប់ស្ដីអំពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ហើយច្បាប់នេះមិនដូចឯកឧត្ដម សុន ឆ័យ ថាថ្ងៃក្រោយមិនធ្វើ មិនធ្វើខុសរដ្ឋធម្មនុញ្ញ ខុសច្បាប់ ។ ឯកឧត្ដមថាធ្វើសាឡើងវិញ មាត្រា៩០ថ្មី នៃរដ្ឋធម្មនុញ្ញក្របខ័ណ្ឌទី២បាននិយាយថាមានតែសភាទេដែលបានផ្ដល់សច្ចាប័នលើការ...ហិរញ្ញវត្ថុ ជូនដល់វិនិយោគទុន» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ មីនាកន្លងទៅ រាជរដ្ឋាភិបាលបានអនុម័តផ្តល់សម្បទានឲ្យក្រុម ហ៊ុន Power Synergy Corporation Co., Ltd. វិនិយោគសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមានកម្លាំង២០០មេហ្គាវ៉ាត់ នៅក្រុងព្រះសីហនុដែលគម្រោងនេះត្រូវចំណាយទឹកប្រាក់ចំនួន ៣៩០,៨លានដុល្លារអាមេរិក ។ ឯរយៈពេលសម្បទានគឺ ៣៣ឆ្នាំក្នុងនោះ ៣ឆ្នាំសម្រាប់ការសាងសង់ និង ៣០ឆ្នាំទៀតសម្រាប់ធ្វើអាជីវកម្ម ៕
