ប៉ុន្តែសំណើនេះ ត្រូវបានមន្ត្រីបក្សប្រឆាំងប្រតិកម្មថា ស្ថាប័ន គ.ជ.ប ទៅវិញទេដែលត្រូវដើរតួសំខាន់ក្នុងការអនុវត្តច្បាប់ ដើម្បីឲ្យដំណើរការបោះឆ្នោតបានស្មើភាពគ្នារវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង។
សមាជិក គ.ជ.ប លោក ហាវ៉ាណ ស៊ីវិល័យ មានប្រសាសន៍ក្នុងសន្និសីទកាសែត ព្រឹកថ្ងៃសុក្រ ទី៤ ខែមករា ថា បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ គ.ជ.ប បានផ្តល់សុពលភាព និងប្រកាសផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។
លោកថា មានអ្នកបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ បានចុះឈ្មោះបោះឆ្នោត ក្នុងនោះមានស្ត្រីចំនួន ៥.០៨១.៨៤៣នាក់។ លោកបន្តថា បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ ដែល គ.ជ.ប ផ្តល់សុពលភាព គឺជាបញ្ជីឈ្មោះសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ រីឯអ្នកគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ គ្មានសិទ្ធិបោះឆ្នោតទេ។
លោក ហាវ៉ាណ ស៊ីវិល័យ៖ «បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១២ នេះ គ.ជ.ប នឹងបង្ហោះតាមវេបសាយ (Website) ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ តាមអាសយដ្ឋាន www.voterlist.org.kh ហើយវេបសាយ នេះ នឹងបិទនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនីតិកាលទី៥ មានការិយាល័យបោះឆ្នោតសរុបចំនួន ១៩.០០៩ ការិយាល័យទូទាំងប្រទេស»។
បន្ថែមលើនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក៏បានអំពាវនាវទៅគ្រប់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ត្រូវចូលរួមជំរុញឲ្យការងារបោះឆ្នោតនេះមានភាពរលូន។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិក មានប្រសាសន៍ថា និចហ្វិក បានត្រៀមបុគ្គលិកជាង ៣ពាន់នាក់ ដើម្បីចូលរួមអង្កេតការណ៍បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥៖ «និចហ្វិក (Nicfec) នឹងត្រៀមធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតនេះ ដើម្បីពិនិត្យរកកម្រិតត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតនេះ។ ក្នុងនោះ គឺមាន ៤១៥ឃុំ-សង្កាត់ ដែលនិចហ្វិក នឹងធ្វើសវនកម្ម។ ហើយការចូលរួមផ្សេងទៀត ក៏និចហ្វិក នឹងរៀបចំឲ្យមានការផ្សព្វផ្សាយនូវព័ត៌មាន និងនីតិវិធីមួយចំនួន ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ព្រមទាំងឃ្លាំមើលការសង្កេតការណ៍បោះឆ្នោតនៅទូទាំងប្រទេសផងដែរ»។
ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ មន្ត្រីគណបក្សប្រឆាំងបានជំរុញឲ្យមន្ត្រីដឹកនាំស្ថាប័ន គ.ជ.ប ត្រូវអនុវត្តច្បាប់បោះឆ្នោតឲ្យបានស្មើភាពគ្នារវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង។
លោក អ៊ូ ចន្ទឫទ្ធិ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្ស សិទ្ធិមនុស្ស បានថ្លែងថា ការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ មន្ត្រីដឹកនាំស្ថាប័ន គ.ជ.ប មិនត្រូវធ្វើសកម្មភាពបម្រើឲ្យផលប្រយោជន៍បក្សកាន់អំណាចដូចអាណត្តិកន្លងមកនោះទេ។
លោក អ៊ូ ចន្ទឫទ្ធិ៖ «កន្លងមកយើងបានស្នើសុំឲ្យជ្រើសរើសសមាសភាពចេញមកពីសាធារណជនដែលមិនមែនជាអ្នកមកពីគណបក្សនយោបាយ ដើម្បីមានការទុកចិត្តពីប្រជាពលរដ្ឋ។ យើងសង្ឃឹមថាការបោះឆ្នោតខាងមុខនេះ នឹងមានការបោះឆ្នោតមួយដោយរលូន ដើម្បីឲ្យគ្រប់គណបក្សទាំងអស់ទទួលយកបាន។ ទាំងគណបក្សឈ្នះ ឬគណបក្សចាញ់ក៏ដោយ យើងសុំឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយកុំឲ្យមានការលួចបន្លំសន្លឹកឆ្នោតដូចពេលកន្លងមក»។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។ ការផ្តល់ប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ រីឯការឃោសនាបោះឆ្នោត ចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។