គ.ជ.ប ប្រកាស​បញ្ជី​ឈ្មោះ​ផ្លូវ​ការ​សម្រាប់​បោះ​ឆ្នោត​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ស្នើ​ឲ្យ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ ឲ្យ​ចូល​រួម​ជំរុញ​សកម្មភាព​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នីតិកាល​ទី៥ ឆ្នាំ​២០១៣ មាន​ដំណើរ​ល្អ។

0:00 / 0:00

ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​ប្រតិកម្ម​ថា ស្ថាប័ន គ.ជ.ប ទៅ​វិញ​ទេ​ដែល​ត្រូវ​ដើរ​តួ​សំខាន់​ក្នុង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន​ស្មើ​ភាព​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង។

សមាជិក គ.ជ.ប លោក ហាវ៉ាណ ស៊ីវិល័យ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត ព្រឹក​ថ្ងៃ​សុក្រ ទី៤ ខែ​មករា ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១២ សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣ គ.ជ.ប បាន​ផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២។

លោក​ថា មាន​អ្នក​បោះ​ឆ្នោត​ចំនួន ៩.៦៧៥.៤៥៣​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៥.០៨១.៨៤៣​នាក់។ លោក​បន្ត​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១២ ដែល គ.ជ.ប ផ្តល់​សុពលភាព គឺ​ជា​បញ្ជី​ឈ្មោះ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣ រីឯ​អ្នក​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ទេ។

លោក ហាវ៉ាណ ស៊ីវិល័យ៖ «បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​ឆ្នាំ​២០១២ នេះ គ.ជ.ប នឹង​បង្ហោះ​តាម​វេបសាយ (Website) ចាប់​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៣ តាម​អាសយដ្ឋាន www.voterlist.org.kh ហើយ​វេបសាយ នេះ នឹង​បិទ​នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នីតិកាល​ទី៥ មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន ១៩.០០៩ ការិយាល័យ​ទូទាំង​ប្រទេស»

បន្ថែម​លើ​នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក៏​បាន​អំពាវនាវ​ទៅ​គ្រប់​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ ត្រូវ​ចូល​រួម​ជំរុញ​ឲ្យ​ការងារ​បោះ​ឆ្នោត​នេះ​មាន​ភាព​រលូន។

ទាក់​ទិន​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក មាន​ប្រសាសន៍​ថា និចហ្វិក បាន​ត្រៀម​បុគ្គលិក​ជាង ៣​ពាន់​នាក់ ដើម្បី​ចូល​រួម​អង្កេត​ការណ៍​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥៖ «និចហ្វិក (Nicfec) នឹង​ត្រៀម​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ ដើម្បី​ពិនិត្យ​រក​កម្រិត​ត្រឹម​ត្រូវ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ។ ក្នុង​នោះ គឺ​មាន ៤១៥​ឃុំ-សង្កាត់ ដែល​និចហ្វិក នឹង​ធ្វើ​សវនកម្ម។ ហើយ​ការ​ចូល​រួម​ផ្សេង​ទៀត ក៏​និចហ្វិក នឹង​រៀបចំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន និង​នីតិវិធី​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ព្រម​ទាំង​ឃ្លាំ​មើល​ការ​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ផង​ដែរ»

ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ដឹកនាំ​ស្ថាប័ន គ.ជ.ប ត្រូវ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ស្មើ​ភាព​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង។

លោក អ៊ូ ចន្ទឫទ្ធិ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ មន្ត្រី​ដឹកនាំ​ស្ថាប័ន គ.ជ.ប មិន​ត្រូវ​ធ្វើ​សកម្មភាព​បម្រើ​ឲ្យ​ផល​ប្រយោជន៍​បក្ស​កាន់​អំណាច​ដូច​អាណត្តិ​កន្លង​មក​នោះ​ទេ។

លោក អ៊ូ ចន្ទឫទ្ធិ៖ «កន្លង​មក​យើង​បាន​ស្នើសុំ​ឲ្យ​ជ្រើស​រើស​សមាសភាព​ចេញ​មក​ពី​សាធារណជន​ដែល​មិន​មែន​ជា​អ្នក​មក​ពី​គណបក្ស​នយោបាយ ដើម្បី​មាន​ការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។ យើង​សង្ឃឹម​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ នឹង​មាន​ការ​បោះ​ឆ្នោត​មួយ​ដោយ​រលូន ដើម្បី​ឲ្យ​គ្រប់​គណបក្ស​ទាំង​អស់​ទទួល​យក​បាន។ ទាំង​គណបក្ស​ឈ្នះ ឬ​គណបក្ស​ចាញ់​ក៏ដោយ យើង​សុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​កុំ​ឲ្យ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដូច​ពេល​កន្លង​មក»

ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៣។ ការ​ផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នក​បោះ​ឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣។ រីឯ​ការ​ឃោសនា​បោះ​ឆ្នោត ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។