គ.ជ.ប.​បកស្រាយ​ករណី​មាន​ឈ្មោះ​វៀតណាម​ក្នុង​បញ្ជី​បោះ​ឆ្នោត

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​បកស្រាយ​នៅ​ថ្ងៃ​នេះ ជុំវិញ​ករណី​ឃើញ​ឈ្មោះ​វៀតណាម​ជា​ច្រើន​រយ​នាក់​ដែល​គេ​បាន​ចុះ​បញ្ជី​អនុញ្ញាត​ផ្តល់​សិទ្ធិ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៧ កក្កដា​កន្លង​មក​នេះ ។

សូម​បញ្ជាក់​ថា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​មាន​ការបញ្ចេញ​ឯកសារ​មួយ​ពី​ខេត្ត​សៀមរាប ដែល​មាន​ចុះ​ឈ្មោះ លេខ​កូដ​ការិយាល័យ​បោះ​ឆ្នោត​ត្រឹមត្រូវ នៅ​ក្នុង​ឃុំ​ចុង​ឃ្នៀស បង្ហាញ​ឈ្មោះ​មនុស្ស​ប្រមាណ​៣០០​នាក់​ដែល​ប្រើ​នាម​ត្រកូល សែ ង្វៀង សែ ត្រឹង សែ ផាម។ល។ ដែល​គេ​ជឿ​ថា​សុទ្ធ​ជា​ក្រុម​នាម​ត្រកូល​សែស្រឡាយ​វៀតណាម ។ ឈ្មោះ​មនុស្ស​ទាំង​នោះ​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បាន​ប្រថាប់​ត្រា​ផ្តល់​សិទ្ធិ​ឲ្យ​មាន​ការបោះឆ្នោត​រួច​មក​ហើយ​កន្លង​មក​នេះ ។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា​លោក​មិន​ដឹង​ថា​ការបញ្ចេញ​ឯកសារ​ជា​សាធារណៈ​បង្ហាញ​ឈ្មោះ​វៀតណាម​ទាំង​នោះ កំពុង​តែ​មាន​គោលបំណង​អ្វី​ណា​មួយ​នោះ​ទេ ប៉ុន្តែ​លោក​បាន​បកស្រាយ​ថា​ការចុះ​ឈ្មោះ​រាល់​ជន​បរទេស​និង​ផ្តល់​សិទ្ធិ​ឲ្យ​បាន​ទៅ​បោះ​ឆ្នោត គឺ​អាស្រ័យ​យោង​តាម​ឯកសារ​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​របស់​ពួក​គេ ។

លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា ៖ «គ.ជ.ប.​ពុំ​មាន​សមត្ថកិច្ច​នឹង​ផ្ដល់​សញ្ជាតិ​ឲ្យ​នរណា​ម្នាក់​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​មាន​ឯកសារ​បញ្ជាក់​សញ្ជាតិ​ច្បាស់លាស់​ហើយ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត យើង​ចុះ​ជូន»

ម៉ាយ៉ារិទ្ធិ ៖ ដូច្នេះ​បាន​ន័យ​ថា​គេ​មាន​សញ្ជាតិ​ខ្មែរ​រួច​ទៅ​ហើយ ?

ទេព នីថា ៖ ខ្ញុំ​មិន​ដឹង​យ៉ាង​ណា​ទេ តែ​ដំណើរការ​ចុះ​ឈ្មោះ​អ៊ីចឹង កាលណា​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មាន​ប័ណ្ណ​គ្រួសារ​ដែល​បញ្ជាក់​ថា​សញ្ជាតិ​ខ្មែរ​ហើយ យើង​ចុះ​ឲ្យ​ហើយ ។

ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ការផ្សាយ​ឯកសារ​បង្ហាញ​ឈ្មោះ​សែ​ត្រកូល​ជាតិ​វៀតណាម​ទាំង​នោះ​ទេ​នៅ​ថ្ងៃ​នេះ ៕