អង្គការ​មួយ​គ្រោង​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ​ក្នុង​ក្រុង​ភ្នំពេញ

សៀវភៅ​ច្បាប់​ចរាចរណ៍​១​ម៉ឺន​៥​ពាន់​ក្បាល​ត្រូវ​គេ​គ្រោង​ចែក​នៅ​ថ្ងៃ​២៤ ខែ​កញ្ញា​ខាង​មុខ ដល់​អ្នក​បើកបរ​ក្នុង​ទីក្រុង​ភ្នំពេញ តាមរយៈ​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម លោក ប៉ូ សំណាង អះអាង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា សៀវភៅ​១​ម៉ឺន​៥​ពាន់​ក្បាល​នោះ​ចែក​ជូន​មិន​គិត​ថ្លៃ តាម​ភ្លើង​ស្តុប​៤​កន្លែង ជិត​ពេទ្យ​ព្រះសង្ឃ ជិត​ពេទ្យ​ព្រះអង្គឌួង ជិត​ក្រសួង​កសិកម្ម និង​ជិត​រង្វល់​មូល​ក្បាល​ថ្នល់។ ការចែក​នោះ​ក្នុង​គោលបំណង​ឲ្យ​អ្នក​ដំណើរ​អាន​និង​រៀន​ពី​ច្បាប់​និង​ស្លាក​សញ្ញា​ចរាចរណ៍​ជួយ​បន្ថយ​គ្រោះថ្នាក់។

លោក​ថា កាលពី​ថ្ងៃ​២៧ ខែ​កក្កដា ក្រសួង​មហាផ្ទៃ ក្រសួង​គមនាគមន៍ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រជុំ​រិះរក​វិធី​ឲ្យ​ប៉ូលិស​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ ប៉ុន្តែ​ច្បាប់​នោះ​ពុំ​បាន​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​ទេ។

លោក ប៉ូ សំណាង បាន​ឲ្យ​ដឹង​ថា ៖ «ជា​រៀងរាល់​ថ្ងៃ​អ្នក​ចុះ​ឈ្មោះ​ទៅ​រៀន​ច្បាប់​បើកបរ​ហ្នឹង វា​នៅ​មាន​កម្រិត​តិច​ណាស់ គួបផ្សំ​ទៅ​នឹង​ក្រសួង​សាធារណការ ក៏​ដូច​ជា​មន្ទីរ​សាធារណការ​ខេត្ត​ក្រុង ការផ្សព្វផ្សាយ​ហ្នឹង​វា​ស្ទើរតែ​តិច​បំផុត​សម្រាប់​អ្នក​ដែល​បញ្ជា​យានយន្ត គឺ​ថា​សឹងតែ​ពុំ​បាន​ទទួល​យល់ដឹង​ច្បាប់​បើកបរ ច្បាប់​ចរាចរណ៍»

លោក ប៉ូ សំណាង រិះគន់​ថា​គ្រោះថា្នក់​បាន​កើន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ច្រើន​ជាង​៤​នាក់ មក​ពី​មន្រ្តី​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​បន្ត​ធ្វើ​ឲ្យ​ច្បាប់​គ្មាន​ប្រសិទ្ធភាព។

លោក​ថា​មន្រ្តី​ទាំង​នោះ​បណ្តោយ​ឲ្យ​រថយន្ត​ចត​ពីរ​ជួរ ប្រើ​រយៈពេល​យូរ​នាំ​ឲ្យ​ស្ទះ​ចរាចរណ៍​លើ​ដង​វិថី​និង​មហាវិថី ។ ចត​ឬ​ឈប់​មិន​ប្រកាន់​ស្តាំ បញ្រ្ចាស​ទិស ចត​ឬ​ឈប់​កែង​ភ្លើង​ស្តុប ត្រង់​ផ្លូវ​កោង ចត​ត្រួត​ពីរ​ជួរ​មុខ​សណ្ឋាគារ មុខ​ភោជនីយដ្ឋាន ចត​ពីរ​ជួរ​តាម​ផ្សារ​នានា បណ្តោយ​ឲ្យ​អ្នក​បើកបរ​ចុះ​ចោល​ចង្កូត ហើយ​ប្រើ​ពេល​ច្រើន​ម៉ោង រីឯ​មន្រ្តី​នគរបាល​អនុវត្ត​ច្បាប់​ចរាចរណ៍ បែរ​ជា​ឈរ​យាម​ការពារ​រថយន្ត​ដែល​ចត​ឬ​ឈប់​ខុស​នោះ ទើប​ធ្វើ​ឲ្យ​ច្បាប់​ចរាចរណ៍​អនុវត្ត​គ្មាន​ប្រសិទ្ធភាព។

អ្នក​ធ្វើ​ដំណើរ​តាម​ដង​វិថី​បាន​រិះគន់​មន្រ្តី​អនុវត្ត​ច្បាប់​ចរាចរណ៍​ថា មន្រ្តី​ខ្លះ​មិន​បាន​ដាក់​កញ្ចក់​ម៉ូតូ​ខ្លួនឯង​ទេ ប៉ុន្តែ​បែរ​ជា​ទៅ​ផាក​ពិន័យ​អ្នក​កំពុង​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ឲ្យ​ដាក់​កញ្ចក់​ម៉ូតូ ឲ្យ​ពាក់​មួក​សុវត្ថិភាព។

ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់​ខាង​លើ​នេះ ប្រធាន​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ លោក ទិន ប្រសើរ មាន​ប្រសាសន៍​ថា​មន្រ្តី​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​ពីរ​សណ្ឋាន គឺ​គ្រប់គ្រង​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ជើង​គោក។ លោក​ថា​នគរបាល​ទាំង​ពីរ​នេះ​មាន​សម្លៀក​បំពាក់​ប្រហាក់​ប្រហែល​គ្នា និង​ធ្វើការ​ស្រដៀង​គ្នា។

លោក ទិន ប្រសើរ បាន​ឲ្យ​ដឹង​ថា ៖ «ប៉ូលិស​ចរាចរណ៍​ស្លៀកពាក់​ស្រដៀង​នឹង​ប៉ូលិស​សណ្ដាប់ធ្នាប់​ដែរ ប៉ុន្តែ​មាន​អាវ​ចាំង​ពន្លឺ​ពី​ក្រៅ»

ចំណែក​ប្រធាន​នគរបាល​សណ្តាប់ធ្នាប់ លោក ហាស់ ភិរម្យ មាន​ប្រសាសន៍​ថា​ក្រៅពី​នគរបាល​ទាំង​ពីរ​នេះ ក៏​មាន​នគរបាល​ខណ្ឌ​ធ្វើ​ការងារ​ចរាចរណ៍​ដែរ ដោយ​ពុំ​អាច​ដឹង​ថា​ក្រុម​ណា​មួយ​ជា​អ្នក​អនុវត្ត​ខុស​ច្បាប់​ទេ ៖ «មាន​២ ទី​១ កម្លាំង​ចរាចរណ៍ ទី​២ ពាក់ព័ន្ធ​នឹង​ខណ្ឌ»

យោង​តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​២៧ កក្កដា ថា កំណើន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ចាប់ពី​ទសវត្សរ៍​១៩៩០​មក។ បច្ចុប្បន្ន​មនុស្ស​ច្រើន​ជាង​៤​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ និង ៧០​នាក់​រងរបួស។ ឯ​៧​ខែ​ដើម​ឆ្នាំ​២០០៨ គ្រោះថ្នាក់​ចរាចរណ៍​មាន​១៨​ករណី នាំ​ឲ្យ​មនុស្ស​រងគ្រោះ​៣២​នាក់៕