ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន បានមានប្រសាសន៍ថា អង្គការរបស់លោកនឹងប្រារព្ធពិធីនោះដើម្បីបួងសួងសុំឲ្យមានសន្តិភាព ជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក សុំឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃនៅគង់វង្សយូរអង្វែង ។
លោក មឿង សុន ក៏បានមានប្រសាសន៍ដែរថាអង្គការរបស់លោកនឹងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំប្រាសាទព្រះវិហារផងដែរ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រជាពលរដ្ឋប្រមាណ១០គ្រួសារដែលរស់នៅទីនោះកំពុងតែជួបប្រទះនឹងបញ្ហាខ្វះស្បៀងអាហារ ដោយសារការបិទច្រកចូលប្រាសាទព្រះវិហារពីខាងទឹកដីថៃមក ។
លោក មឿង សុន បានមានប្រសាសន៍ថា ៖ «ខ្ញុំក៏សូមជម្រាបដែរគឺថាថ្ងៃអាទិត្យ ២៩ហ្នឹង ពួកអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្ញុំនេះ នឹងទៅធ្វើបុណ្យហើយនិងចែកគ្រឿងបរិភោគដល់ប្រជាពលរដ្ឋខ្មែរនៅលើប្រាសាទព្រះវិហារ ហើយឆ្លៀតពេលហ្នឹងយើងនឹងធ្វើការបន់បួងសួងដើម្បីឲ្យមានសុខសន្តិភាពរវាងប្រជាពលរដ្ឋនៃប្រទេសជិតខាង ចំពោះបញ្ហាប្រាសាទព្រះវិហារហើយនិងសូមឲ្យបានសម្រេចជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបេតិកភណ្ឌពិភពលោកទៀតផង» ។
គួរជម្រាបថាស្ថានការណ៍នៃការដាក់បញ្ចូលប្រាសាទព្រះវិហារមានការតានតឹង បន្ទាប់ពីមានការប្រឆាំងតវ៉ាពីសំណាក់ប្រជាពលរដ្ឋថៃ និងក្រុមគណបក្សប្រឆាំង ដែលចោទថារដ្ឋាភិបាលថៃដែលបានយល់ព្រមលើផែនទីប្រាសាទព្រះវិហារថ្មីនោះ កំពុងតែកាត់ទឹកដីមកឲ្យភាគីកម្ពុជា ។
ទោះជាយ៉ាងណាមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានអះអាងជាញឹកញាប់ថា គ្មានភាគីណាមួយបានបាត់បង់ទឹកដីមួយចំអាមឡើយ បើយោងតាមផែនទីថ្មីនោះ ។ ទន្ទឹមនឹងនេះអ្នកជំនួញនិងប្រជាពលរដ្ឋថៃដែលកំពុងរកស៊ីក្នុងប្រទេសកម្ពុជា ក៏មានការព្រួយបារម្ភខ្លាចក្រែងមានការប្រឆាំងតវ៉ានឹងប្រទេសថៃណាមួយកើតឡើង ដូចព្រឹត្តិការណ៍កម្ទេចស្ថានទូតថៃក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៣ទៀត ៕
