លោកបានជូនភស្តុតាងនៃការបង្ខាំងអតីតព្រះគ្រូចៅអធិការវត្តភ្នំឌិន ទឹម សាខន ការចាប់ដាក់គុកព្រះសង្ឃខ្មែរក្រោម៥អង្គនៅខេត្តឃ្លាំង ដោយរួមទាំងស្ត្រីខ្មែរក្រោមពីរនាក់ទៀតនៅខេត្តស្វាយទងដែលត្រូវអាជ្ញាធរក្រុងហាណូយចាប់ដាក់គុកដោយអយុត្តិធម៌។
លោកអនុប្រធាន ប្រាក់ សិរីវុឌ្ឍ បានអំពាវនាវសុំពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកជួយផ្តល់ការគាំទ្រដោយសុំឲ្យមានការគាំទ្រពីសមាជិកព្រឹទ្ធសភាពីគ្រប់រដ្ឋអនុម័តលើគម្រោងច្បាប់៣០៩៦ ដែលគម្រោងច្បាប់មួយនេះតម្រូវឲ្យអាជ្ញាធរហាណូយអនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិដែលជាផលប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោក ប្រាក់ សិរីវុឌ្ឍ បានមានប្រសាសន៍ថា ៖ «ច្បាប់ហ្នឹងគឺថាបោះជាប់នៅផ្នែកខាងតំណាងរាស្ត្រហើយ ប៉ុន្តែនៅផ្នែកខាងព្រឹទ្ធសភាមិនទាន់បានបោះឆ្នោត ហើយគេនឹងបោះឆាប់ៗនេះ។ ដូច្នេះខ្ញុំចង់ឆ្លៀតឱកាសនេះសុំឲ្យប្រជាពលរដ្ឋខ្មែរយើងទូទៅ ទាំងមិត្តភក្ដិបរទេសទាំងអស់ដែលមានការអាណិតអាសូរចំពោះបងប្អូនខ្មែរក្រោម មេត្តាជួយអំពាវនាវទៅសមាជិកព្រឹទ្ធសភារបស់ខ្លួននៅតាមរដ្ឋនីមួយៗ ព្រោះក្នុងរដ្ឋនីមួយៗមានសមាជិកព្រឹទ្ធសភា២នាក់ តំណាងរដ្ឋប្រចាំនៅ វ៉ាស៊ីនតោន ឌីស៊ីនេះ ឲ្យគេបោះឆ្នោតឲ្យច្បាប់ហ្នឹងបានជាប់ HR3096។ បើសិនជាជាប់ គឺថាការគាបសង្កត់ទៅលើសេដ្ឋកិច្ចប្រទេសយួននឹងមានឥទ្ធិពលយ៉ាងខ្លាំង ដែលយួនត្រូវតែបន្ទន់ខ្លួនគោរពតាម ព្រោះច្បាប់ហ្នឹងយួនវាជាប់លក្ខខណ្ឌក្នុងរឿងផ្សេងៗ...»៕
