លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា ក្រុមទាហានប្រដាប់ដោយកាំភ្លើង AK47 មិនគួរប្រើអាវុធប្រឆាំងប្រជាពលរដ្ឋស្លូតត្រង់នោះទេ ហើយថាបើសកម្មភាពហិង្សានៅតែបន្តកើតមានឡើងនោះនឹងមានប្រជាពលរដ្ឋកាន់តែច្រើននឹងត្រូវរងរបួសឬក៏អាចមានស្លាប់បន្ថែមទៀត។
សេចក្តីថ្លែងការណ៍នោះបន្តថា កាលពីថ្ងៃច័ន្ទផ្ទះអ្នកស្រុកចំនួន១៣០ខ្នងបានត្រូវដុតបំផ្លាញឆេះ ហើយនៅថ្ងៃអង្គារម្សិលមិញនេះ ផ្ទះនៅសេសសល់ប្រមាណជា១៧០ខ្នងក៏បានត្រូវដុតបំផ្លាញខ្ទេចខ្ទីអស់បន្ថែមទៀត ហើយថាអ្នកស្រុកដោយមិនដឹងទៅរស់នៅទីណាផ្សេង ក៏បាននាំគ្នាទៅគេងលើគំនរផេះនៅទីកន្លែងផ្ទះរបស់ខ្លួនដែលឆេះនោះ៕
