សិទ្ធិ​មនុស្ស​អំពាវនាវ​សុំ​ឲ្យ​ក្រុម​យោធា​នៅ​កំពត​ផ្អាក​ប្រើ​អំពើ​ហិង្សា

កាលពី​ម្សិលមិញ​នេះ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​ការពារ​ជាតិ​ចេញ​បញ្ជា​ដល់​ក្រុម​ទាហាន​នៃ​កងពល​លេខ​៣១ ប្រចាំការ​នៅ​ខេត្ត​កំពត ផ្អាក​សកម្មភាព​ហិង្សា​របស់​ខ្លួន​ជា​បន្ទាន់។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា ក្រុម​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង AK47 មិន​គួរ​ប្រើ​អាវុធ​ប្រឆាំង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​នោះ​ទេ ហើយ​ថា​បើ​សកម្មភាព​ហិង្សា​នៅតែ​បន្ត​កើត​មាន​ឡើង​នោះ​នឹង​មាន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​នឹង​ត្រូវ​រង​របួស​ឬ​ក៏​អាច​មាន​ស្លាប់​បន្ថែម​ទៀត។

សេចក្តី​ថ្លែងការណ៍​នោះ​បន្ត​ថា កាលពី​ថ្ងៃ​ច័ន្ទ​ផ្ទះ​អ្នក​ស្រុក​ចំនួន​១៣០​ខ្នង​បាន​ត្រូវ​ដុត​បំផ្លាញ​ឆេះ ហើយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ផ្ទះ​នៅ​សេសសល់​ប្រមាណ​ជា​១៧០​ខ្នង​ក៏​បាន​ត្រូវ​ដុត​បំផ្លាញ​ខ្ទេចខ្ទី​អស់​បន្ថែម​ទៀត ហើយ​ថា​អ្នក​ស្រុក​ដោយ​មិន​ដឹង​ទៅ​រស់នៅ​ទី​ណា​ផ្សេង ក៏​បាន​នាំគ្នា​ទៅ​គេង​លើ​គំនរ​ផេះ​នៅ​ទីកន្លែង​ផ្ទះ​របស់​ខ្លួន​ដែល​ឆេះ​នោះ៕