ប្រធាន​អង្គការ​ស៊ីអិនរ៉ូ​ត្រូវ​គេ​គំរាម​បាញ់​សម្លាប់

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​ស្រាវជ្រាវ​ជាតិ​កម្ពុជា (ស៊ីអិនរ៉ូ) និង​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​គេ​គំរាម​បាញ់​សម្លាប់​កាលពី​ប្រមាណ​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៥ កញ្ញា​កន្លង​មក​នេះ ក្នុង​ពេល​ដែល​លោក​និង​សហការី​លោក​ចេញ​ដំណើរ​ពី​ការិយាល័យ។

លោក​បណ្ឌិត ហៀង រិទ្ធី ប្រធាន​អង្គការ​ស៊ីអិនរ៉ូ​មាន​ប្រសាសន៍​រៀបរាប់​អំពី​ភិនភាគ​នៃ​ជនសង្ស័យ​ជា​អ្នក​ប៉ង​សម្លាប់​រូប​លោក​យ៉ាង​ដូច្នេះ ៖ «ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​ម៉ាក​វីហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខម​២ លេខ​៩៩១៦ ហើយ​ម្នាក់​នោះ​អាយុ​ប្រហែល ៣៧​-​៣៨​ឆ្នាំ ហើយ​ក៏​ឈប់​ចំ​ពី​មុខ​ឡាន​ដែល​កំពុង​បើកបរ ស្តុប​ភ្លាម... ក៏​បញ្ជា​ឲ្យ​ខ្ញុំ​ចុះ​ពី​ឡាន ហើយ​វា​ថា "ចុះ​មក អ្ហែង​មិន​ចុះ​អញ​បាញ់​ងាប់​ឥឡូវ"»

លិខិត​ចុះ​ថ្ងៃ​ទី​២៦ កញ្ញា របស់​ប្រធាន​អង្គការ​ស៊ីអិនរ៉ូ​ដែល​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​វែក​មុខ​ជន​សង្ស័យ​នោះ លោក​បណ្ឌិត ហៀង រិទ្ធី បាន​ឲ្យ​ដឹង​ថា ដោយ​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ​៣០​នាក់​បាន​ឃើញ​សភាពការណ៍​គំរាម​នោះ ដែល​បាន​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​លេខ​៤៨៨ នៅ​ទល់​មុខ​វិទ្យាស្ថាន​ប៊ែលធី។

គួរ​រំឭក​ផងដែរ​ថា ក្រៅពី​កិច្ចការ​ស្រាវជ្រាវ​និង​ការងារ​ប្រឹងប្រែង​ពង្រឹង​វិស័យ​ច្បាប់​លោក​បណ្ឌិត ហៀង រិទ្ធី ក៏​ត្រូវ​បាន​ពណ៌នា​ថា​ជា​បញ្ញា​ជន​មួយ​រូប​ដែល​មាន​សម្តី​រិះគន់​ចំៗ​និង​ខ្លាំងៗ​ចំពោះ​ឥស្សរជន​ឬ​ស្ថាប័ន​ដែល​លោក​យល់​ថា មិន​បាន​ធ្វើ​តាម​ច្បាប់​និង​ពាក្យ​សន្យា​របស់​ខ្លួន។

លោក​បណ្ឌិត ហៀង រិទ្ធី ក៏​បាន​ទទួល​សារភាព​ដូច្នោះ​ផងដែរ ៖ «ចំណុច​សំខាន់ៗ​នេះ​ខ្ញុំ​ក៏​បាន​បញ្ជាក់​ផងដែរ​អំពី​បញ្ហា​បោះ​ឆ្នោត​មិន​យុត្តិធម៌ ការ​ដែល​ខ្ញុំ​បាន​ថា លោក សម រង្ស៊ី ការតវ៉ា​របស់​គាត់​គ្មាន​ប្រសិទ្ធភាព​ដោយសារ​គាត់​មាន​ភាព​ល្ងង់ខ្លៅ​ខ្លួនឯង។ ឃើញ​អ្នក​ណា​ខុស​ខ្ញុំ​ថា​ទាំងអស់ ឲ្យ​តែ​មិន​មាន​លក្ខណៈ​ថា ធ្វើ​ទៅ​វា​ត្រឹមត្រូវ​ទៅ​តាម​ឆន្ទៈ​របស់​ប្រជារាស្ត្រ អា​ហ្នឹង​គឺ​ថា ខ្ញុំ​រិះគន់ ទិតៀន ថា​ខ្លាំងៗ​អ៊ីចឹង មិន​ញញើត​ថា​ទេ ព្រោះ​ឃើញ​ការ​ពិត​ត្រូវតែ​ហ៊ាន​ថា អា​ហ្នឹង​ថ្មីៗ​នេះ​អ៊ីចឹង។ សម្ដេច​សង្ឃរាជ ទេព រង្ស ក៏​ខ្ញុំ​រិះគន់ រដ្ឋាភិបាល​កម្ពុជា​ក៏​ខ្ញុំ​រិះគន់​ដែរ។ ក្រោយពី​ការគំរាម​កំហែង​នេះ ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​ដាក់​លិខិត​ទៅ​ឯកឧត្ដម​ឧប​នាយក​រដ្ឋមន្ត្រី ស ខេង ដើម្បី​ស្នើសុំ​ឲ្យ​គាត់​មាន​វិធានការ គ្រប់​ស្ថាប័ន​ទាំងអស់​ឲ្យ​ស្វែងរក​ស្លាក​លេខ ខម២ ៩៩១៦ ដែល​គំរាម​កំហែង​បាញ់​សម្លាប់​ខ្ញុំ​យប់​មិញ​នេះ»