មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ថា ជនរងគ្រោះដែលរងនូវការបណ្តេញឲ្យចាកចេញពីដីឧទ្យានជាតិបូកគោ នៅចំណុចអន្លង់ក្រោម ស្រុកឈូក ខេត្តកំពត មាន៣១០គ្រួសារ ដែលអង្គការសិទ្ធិមនុស្សបានចែកស្បៀងសង្រ្គោះបន្ទាន់បណ្តោះអាសន្ន។
លោកថា ស្បៀងតិចតួចនេះគ្រាន់តែបានជួយបណ្តោះអាសន្នក្នុងនាមមនុស្សធម៌ដល់ជនរងគ្រោះក្រោមអំពើបង្ខំបណ្តេញឲ្យចាកចេញពីដីចំណុចអន្លង់ក្រោមដែលកំពុងហ៊ុមព័ទ្ធដោយក្រុមប្រដាប់អាវុធនៃរដ្ឋាភិបាលខ្មែរ ៖ «ខាងអាជ្ញាធរគេហាមមិនឲ្យយើងចែកដល់ប្រជាពលរដ្ឋទេនៅទីនោះ»។
តំណាងជនរងគ្រោះផ្ទះឆេះនៅភូមិអន្លង់ក្រោម អ្នកស្រី រ័ត្ន សុកន អះអាងថា បានទទួលស្បៀងក្នុងមួយគ្រួសារអង្ករ៥គីឡូក្រាម ត្រីខ៦កំប៉ុង មី២កញ្ចប់ តាមរយៈអង្គការសិទ្ធិមនុស្ស។
ជនរងគ្រោះឈ្មោះលោក ង៉ែត ចក់ ឲ្យដឹងថា អ្នកស្រុកដាច់ស្បៀងផង គ្មានទឹកស្អាតហូបផង រស់នៅហាលថ្ងៃហាលសន្សើម និងភ័យខ្លាចការគំរាមកំហែងពីក្រុមជនប្រដាប់អាវុធទាំងនោះក្រោយការដុតផ្ទះនិងទ្រព្យសម្បតិ្តឲ្យឆេះអស់។
លោក ង៉ែត ចង់ បានឲ្យដឹងថា ៖ «រត់គេចគេផង បើគេតាមរករាល់យប់។ យប់ឡើងគេជិះម៉ូតូទៅ ដើរចាំងពិលរកពេញផ្ទះ ពេញក្នុងព្រៃ ក្បែរៗផ្ទះដែលឆេះហ្នឹងណា៎»។
មេ៥០ខ្នង ភូមិអន្លង់ក្រោម លោក ហុង ចាន់ថា អះអាងថា ក្រោយការដុតឲ្យឆេះផ្ទះទាំងស្រុងមកអ្នកស្រុកគ្មានតង់សម្រាប់ជ្រកនិងគ្មានកំសៀវសម្រាប់ដាំទឹកឡើយ។ មនុស្សមួយចំនួនកំពុងរងនូវជំងឺគ្រុនក្តៅ រាក បន្ទាប់ពីរស់នៅក្រោមម្លប់ឈើ ខ្វះជម្រក គ្មានមុងចងការពារមូស និងផឹកទឹកឆៅ។
លោកថា រហូតមកទល់ពេលនេះមនុស្សប្រមាណ៥០%បានចាកចេញពីគំនរផេះទៅរកកន្លែងរស់នៅបណ្តោះអាសន្នដោយអស់សង្ឃឹមចំពោះអ្នកតំណាងរាស្រ្តនិងអាជ្ញាធរគ្រប់ថ្នាក់ដែលព្រងើយកន្តើយមិនជួយអន្តរាគមន៍ឬសួរសុខទុក្ខពួកគាត់ឡើយ។
លោក ហុង ចាន់ថា បានមានប្រសាសន៍ថា ៖ «ខ្លាចរហូតដល់អត់ហ៊ាននៅ ឥឡូវទាហានគេដាក់កំហិតថ្ងៃទី៣ ដែលត្រូវដេញយើងចេញជាបន្ទាន់»។
អភិបាលខេត្តកំពតនិងអាជ្ញាធរស្រុកឈូកជាប់រវល់មិនអាចផ្តល់ព័ត៌មានជុំវិញបញ្ហាបណ្តេញពលរដ្ឋនៅចំណុចអន្លង់ក្រោម ឃុំតាកែន បានឡើយ។
ឯអ្នកតំណាងរាស្រ្តបក្សប្រឆាំង លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សសមរង្ស៊ីរង់ចាំជួយអន្តរាគមន៍ផ្លូវច្បាប់ដល់ជនរងគ្រោះចំណុចអន្លង់ក្រោម នៅពេលបានទទួលពាក្យប្តឹង។
មន្រ្តីការពារសិទ្ធិមនុស្សលីកាដូបានអះអាងថា សង្គមស៊ីវិលច្រើនទៀតមានគម្រោងផ្តល់ស្បៀងដល់ជនរងគ្រោះក្រោមការបង្ខំបណ្តេញចេញនៅចំណុចអន្លង់ក្រោមនោះបន្ថែមទៀត។
លោកឲ្យដឹងថា អ្នកទាំងនោះរងនូវការបង្ខំឲ្យចាកចេញពីដីឧទ្យានជាតិបូកគោដោយការប្រើហិង្សាពីក្រុមប្រដាប់អាវុធ បរិស្ថាន នគរបាល និងយោធាកងពលលេខ៣១ កាលពីថ្ងៃ១៧ ខែវិច្ឆិកា នាំឲ្យមនុស្សរបួស៧នាក់ ធ្ងន់៣នាក់ និងនៅថ្ងៃ១៨ វិច្ឆិកា ផ្ទះទាំងអស់ក្នុងចំណុចអន្លង់ក្រោមត្រូវបានដុតបំផ្លាញទាំងស្រុង៕
