អង្គការ​នៅ​អាមេរិក​រិះគន់​ការ​ចាប់​ខ្លួន​អ្នក​ដាក់​គ្រឿង​ផ្ទុះ​នៅ​ភ្នំពេញ

នៅ​ថ្ងៃ​អាទិត្យ ទី​១១ មករា​នេះ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌​និង​សមធម៌ (CACJE) បានចេញ​សេចក្តី​ថ្លែងការណ៍ ចាត់​ទុក​ការ​ចាប់​ខ្លួន​បុគ្គល​ឈ្មោះ សោម ឯក ឬ ទី​តូ ឬ ចៅ សក្កដា ពី​បទ​ថា នៅ​ពី​ក្រោយ​ការ​ដាក់​គ្រឿង​ផ្ទុះ​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ មករា​នោះ ថា​ជា​ព្រឹត្តិការណ៍​សិប្បនិម្មិត​ថ្មី​មួយ​ទៀត​នៃ​ល្បិច​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ​របស់​រដ្ឋការ​ក្រុង​ភ្នំពេញ ដែល​តែងតែ​បង្កើត​ក្រុម​មនុស្ស ចលនា ឬ ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​យក​លេស​ទម្លាក់​កំហុស ហើយ​តាម​ចាប់​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​និង​អ្នក​ស្នេហា​ជាតិ​ដោយ​ចោទ​ថា​ជា​ក្រុម​ភេរវករ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ទៅ​វិញ។

CACJE ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង Cranston រដ្ឋ Rhode Island សហរដ្ឋ​អាមេរិក និង​មាន​លោក សួន សេរីរដ្ឋា ជា​ប្រធាន បាន​លើក​ឧទាហរណ៍​នៃ​ព្រឹត្តិការណ៍​សិប្បនិម្មិត​ប្រភេទ​នេះ​មួយ​ចំនួន​ដែល​កើត​មាន​កន្លង​មក​ហើយ ដែល​គេ​អះអាង​ថា ជា​ល្បិច​របស់​ក្រុម​មនុស្ស​លោក ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​ក្នុង​បំណង​វាយ​បំបាក់​ស្មារតី​ខ្មែរ​អ្នក​ជាតិ​និយម ដែល​ហ៊ាន​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា ដែល​បក្ស​ប្រជាជន​គោរព​សម្រាប់​ប្រារព្ធ​ពិធី​ដឹង​គុណ​ក្រុង​ហាណូយ​នោះ។

នៅ​ចុង​បញ្ចប់​អង្គការ CACJE បាន​ថ្កោលទោស​ការ​បង្កើត​រឿងរ៉ាវ​និង​ព្រឹត្តិការណ៍​សិប្បនិម្មិត​ដែល​ជា​ផ្នែក​មួយ​នៃ​នយោបាយ​ក្រុង​ភ្នំពេញ ដើម្បី​លាក់​បាំង​អសមត្ថភាព​របស់​ខ្លួន អូស​បន្លាយ​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ខ្មែរ​-ថៃ និង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​ឲ្យ​បំភ្លេច​រឿង​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​ដែល​កំពុង​ត្រូវ​ប្រទេស​ថៃ យៀកណាម​និង​លាវ​ឈ្លាន​ពាន៕