អង្គការ​ខ្មែរ​នៅ​អាមេរិក​និយាយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

នៅ​ក្នុង​ឱកាស​បុណ្យ​ខួប​ឆ្នាំ​ទី​១៧​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា​កន្លង​ទៅ​កាលពី​ម្សិលមិញ​នេះ នៅ​ឯ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក អង្គការ​សង្គមស៊ីវិល​មួយ​ឈ្មោះ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ (ខារ៉ាត់) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​វាយតម្លៃ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​នាំ​មក​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។

លោក យ៉ាប់ គឹមទឹង ប្រធាន​អង្គការ​ខារ៉ាត់ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ៖ «អ្វី​សំខាន់ ព្រោះ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩១ នៅ​ក្នុង​ទីក្រុង​ប៉ារីស បាន​ចារ​សារ​សំខាន់​ជា​ច្រើន​នៅ​ក្នុង​ហ្នឹង ជា​ពិសេស​សិទ្ធិ​មនុស្ស ហើយ​និង​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រជាជន​ខ្មែរ​យើង។ ហើយ​មួយ​ទៀត​ដូច​ការពារ​ព្រំដែន​របស់​ខ្មែរ​យើង​ដែរ ហើយ​មួយ​ទៀត​កិច្ច​ព្រមព្រៀង​ហ្នឹង​បាន​នាំ​សុខ​សន្តិភាព​ទៅ​ដល់​ស្រុក​ខ្មែរ​យើង»

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ចែង​អំពី​ការគោរព​បូរណភាព​ទឹក​ដី​និង​ឯករាជភាព​របស់​ប្រទេស​កម្ពុជា​ពីសំណាក់​ប្រទេស​ជិតខាង​ផងដែរ។

លោក យ៉ាប់ គឹមទឹង បាន​អះអាង​បន្ត​ថា ប្រសិន​បើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​យក​មក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ពេញលេញ​នោះ មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញ​បរិបូរណ៍​និង​ការរីកចម្រើន​ស្រុក​ទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការខាតបង់​ទឹក​ដី​របស់​ប្រទេស​ខ្មែរ​ទៅ​ប្រទេស​ជិតខាង​ក៏​នឹង​មិន​កើត​មាន​ផងដែរ។

លោក យ៉ាប់ គឹមទឹង បាន​បញ្ជាក់​ថា ៖ «ហើយ​មួយ​ចំណុច​ទៀត​ខ្ញុំ​ចង់​រំឭក​ហ្នឹង​មក​ពី​យើង​សោកស្ដាយ​ខ្លះ​ដែរ ពីព្រោះ​ថា​កិច្ច​ព្រមព្រៀង​ហ្នឹង​មិន​បាន​យក​ទៅ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ដល់​ពេល​អ៊ីចឹង​ទៅ​ប្រជាជន​ខ្មែរ​យើង​នៅ​ខ្វះ​សិទ្ធិ​ជា​ច្រើន ហើយ​មួយ​ទៀត​ដូច​ថា យើង​នៅតែ​មាន​បញ្ហា​ទាក់ទង​នឹង​ព្រំដែន ព្រំដែន​ជាមួយ​ថៃ​នៅ​ម្ដុំ​ព្រះវិហារ​ហ្នឹង។ ប៉ុន្តែ​ពួក​យើង​សោកស្ដាយ​ខ្លាំង​មែនទែន​គឺ​ព្រំដែន​ជាមួយ​វៀតណាម ពីព្រោះ​ធ្លាប់​មក​គ្រប់គ្រង​ប្រទេស​ខ្មែរ​យើង ហើយ​គេ​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ខ្មែរ​យើង​នៅ​ក្នុង​កាល​គេ​ត្រួតត្រា​យើង​ហ្នឹង បង្ខំ​ឲ្យ​យើង​ទទួលស្គាល់​កិច្ច​ព្រមព្រៀង​កាល​ដែល​គេ​នៅ​ត្រួតត្រា​យើង។ ពួក​យើង​នៅ​ក្រៅ​ប្រទេស​យល់​ថា យើង​ទទួល​ស្គាល់​ព្រំប្រទល់​ជាមួយ​ប្រទេស​យួន​សព្វថ្ងៃ​ហ្នឹង គឺ​យើង​មិន​ចំណេញ​មក​ប្រទេស​ខ្មែរ​យើង។ ពី​រឿង​ព្រំប្រទល់​ជាមួយ​ថៃ​សព្វថ្ងៃ​ហ្នឹង ពួក​យើង​ពី​ក្រៅ​ប្រទេស​ខ្មែរ​យល់​ថា រដ្ឋាភិបាល​ខ្មែរ​យើង​គួរតែ​យក​កិច្ច​ព្រមព្រៀង​ហ្នឹង​ទៅ​ទាក់ទង​នឹង​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​យើង​មាន​ជាមួយ​ថៃ​ហ្នឹង»

គួរ​រំឭក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មេ​ដឹកនាំ​ខ្មែរ​៤​ភាគី គឺ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ប្រធាន​ភាគី​អ្នក​តស៊ូ​ខ្មែរ​រាជានិយម​ហ៊្វុនស៊ិនប៉ិច លោកតា សឺន សាន ប្រធាន​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ លោក ខៀវ សំផន តំណាង​ភាគី​ខ្មែរ​ក្រហម និង​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​នេះ​ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​កម្ពុជា។

នៅ​ក្នុង​ពិធី​ជា​ប្រវត្តិសាស្រ្ត​នោះ​ក៏​មាន​តំណាង​ប្រទេស​ចំនួន​១៨ ក្នុង​នោះ​មាន​ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​លាវ ចូលរួម​និង​ចុះ​ហត្ថលេខា​ជា​សាក្សី​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​ផងដែរ៕