សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់

2008-05-10

អង្គការ​កាពារ​សិទ្ធិមនុស្ស​ក្រៅរដ្ឋាភិបាល​មួយ​នៅ​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា គេ​កំពុង​ជំរុញ​ឲ្យ​មន្ត្រី​តុលាការ​ធ្វើ​អន្តរាគមន៍​ផ្លូវ​ច្បាប់ ដើម្បី​បើក​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​មន្រ្តី​ប៉ូលិស​ស្រុក​ត្បែងមានជ័យ​ចំនួន​៣​រូប ពីបទ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់ ។

អ្នក​សម្របសម្រួល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​ព្រះវិហារ លោក ហោ នាថ បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៩ ខែ​ឧសភា​ថា លោក​បាន​ដាក់​លិខិត​អន្តរាគមន៍​ទៅ​ព្រះរាជអាជ្ញា​អម​តុលាការ តាំងតែ​ពី​ថ្ងៃ​ទី២៩ ខែ​មេសា​កន្លងមក​ម្ល៉េះ ដើម្បី​ឲ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅ​លើ​មន្រ្តី​ប៉ូលិស​៣​នាក់​ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​មនុស្ស​ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​នៅឡើយ​ទេ ។

លោក ហោ នាថ បាន​ឲ្យ​ដឹង​ថា ៖ «យើង​សុំ​ឲ្យ​ព្រះរាជអាជ្ញា​មេត្តា​ធ្វើ​អន្តរាគមន៍ ហើយ​ក៏​សុំ​ឲ្យ​មេត្តា​ស៊ើបអង្កេត​ករណី​នេះ​ត្រឹមត្រូវ ដើម្បី​ធ្វើការ​នាំ​ខ្លួន​ជន​ប្រព្រឹត្ត​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន»

ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​អះអាង​ថា​គេ​កំពុង​ចាត់ការ​រឿងនោះ ។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ​ទទួល​បន្ទុក​យុត្តិធម៌ លោក កែវ ចំរើន បាន​ឆ្លើយ​តប​បញ្ហា​នោះ​ថា មាន​សំណុំ​ឯកសារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​មន្រ្តី​ប៉ូលិស​ទាំង​៣​នាក់​នោះ បាន​ដាក់​ជូន​ទៅ​តុលាការ​រួចហើយ ឯ​ចំណាត់ការ​យ៉ាងណា​នោះ​អាស្រ័យ​ទៅ​លើ​មន្ត្រី​តុលាការ ។

លោក កែវ ចំរើន បាន​មាន​ប្រសាសន៍​ថា ៖ «សមត្ថកិច្ច​ខ្ញុំ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​អស់​ហើយ ។ រឿង​ការ​សម្រេច​យ៉ាងណា​ជា​រឿង​របស់​តុលាការ»

ចំណែក​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ព្រះវិហារ លោក កែវ ស៊ុន បាន​មាន​ប្រសាសន៍​ថា​លោក​បាន​ទទួល​សំណុំ​រឿង​ទាំងអស់​ហើយ ប៉ុន្តែ​មិន​ទាន់​ដល់​ពេលវេលា​សមស្រប​នៅ​ក្នុង​ការ​ចាត់ការ​នៅឡើយ​ទេ ៖ «ខ្ញុំ​ទទួល​បាន​ពី​នគរបាល​យុត្តិធម៌​មកហើយ​នៅ​លើ​ដៃ​ខ្ញុំ ប៉ុន្តែ​ពេលវេលា​វា​មិន​អាច​ទៅ​ធ្វើ​អី​បាន​ភ្លាម​ទេ តែ​កុំ​អាល​សម្ភាស​កុំ​អាល​អី»

តាម​ការ​ស៊ើបអង្កេត​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា គេ​បាន​រក​ឃើញ​មន្រ្តី​ប៉ូលិស​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​ចំនួន​៣​រូប ឈ្មោះ ឈុន ធានុរិទ្ធិ ហៅ​ប្រុស ឈ្មោះ វ៉ា សុផល និងឈ្មោះ តុប សារ៉ាត់ ថា​បាន​បើក​ម៉ូតូ​ប្រដេញ​ប្រដាប់​ដោយ​អាវុធ​អាកា​មួយ​ដើម តាម​បាញ់​សម្លាប់​យុវជន​ម្នាក់ ឈ្មោះ បឿន សុខណា ហៅ​ប្រុស នៅ​ពេល​ដែល​យុវជន​រូប​នោះ​បាន​បើក​ម៉ូតូ​ល្បឿន​លឿន​ឆាប​រង្វង់​មូល​ក្នុង​ទីរួមខេត្ត​ព្រះវិហារ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​មេសា​កន្លងមក ។

អធិការ​នគរបាល​ស្រុក​ត្បែងមានជ័យ លោក ទៀម សង្គ្រាម បាន​មាន​ប្រសាសន៍​ថា​ការ​បាញ់​សម្លាប់​នោះ​​​គឺ​គ្រាន់តែ​ជា​អំពើ​អចេតនា​ប៉ុណ្ណោះ នៅពេល​ដែល​ប៉ូលិស​បង្ក្រាប​ក្រុម​ស្ទាវ​មាន​កាំបិត​និង​ដាវ​ដោយ​ប្រតាយប្រតប់​គា្ន​ហើយ​បាន​រាល​កៃ​កាំភ្លើង ៖ «ជា​រឿង​អចេតនា​ទេ ព្រោះ​រាលកៃ​អាវុធ គឺ​អត់​មាន​ទៅ​បាញ់​អី​ដូច​និយាយ​អ៊ីចឹង​ទេ»

ទោះយ៉ាងណា​សាច់ញាតិ​អ្នក​រងគ្រោះ​បាន​ថ្កោលទោស​ការ​បាញ់​សម្លាប់​នោះ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អ្នក​ដៃដល់​មក​ផ្តន្ទាទោស ៖ «ចង់​ឲ្យ​ចាប់​អ្នក​ដៃដល់ ។ អត់​ទុកចិត្ត​ទេ​ខ្លួន​ជា​ប៉ូលិស​ហើយ​មក​ធ្វើ​អ៊ីចឹង បាញ់​ស្លាប់​ហើយ​មក​ធ្វើ​ច្រឡំ​ធ្វើ​អី​ម៉េច»

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​នៅ​ទីនោះ​ឲ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​ទាំង​បី​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​មនុស្ស​បាន​ព្យាយាម​បញ្ចុះបញ្ចូល​គ្រួសារ​ជនរងគ្រោះ​ឲ្យ​ទទួល​យក​សំណង​ជា​ប្រាក់ ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្តឹងផ្តល់ និង​បាន​ស្នើ​សុំ​ចរចា​ជាមួយ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​កុំ​ឲ្យ​បន្ត​ការ​ដេញ​ដោល​ផ្លូវច្បាប់​តទៅ​ទៀត ៕

អត្ថបទ​ដែល​ទាក់ទង

មនុស្ស​៣​នាក់​ស្លាប់​ក្នុង​ករណី​ឃាតកម្ម​២​ផ្សេង​គ្នា​នៅ​ខែត្រ​កំពង់ចាម

ចោរ​ចូល​ប្លន់​អ្នក​លក់​មាស​ដល់​ផ្ទះ​នៅ​ខែត្រ​សៀមរាប

អ្នក​ធ្វើ​អត្ថាធិប្បាយ​ទូរទស្សន៍​ CTN ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ស្លាប់

ប៉ូលិស​ខ្មែរ​ចាប់​ខ្លួន​បរទេស​៣​នាក់​ពី​បទ​ប៉ុនប៉ង​រត់​ពន្ធ​គ្រឿង​ញៀន

ជ័រ​កៅស៊ូ​ប្រមាណ​២០០​តោន​ត្រូវ​គេ​លួច​រត់ពន្ធ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ

តុលាការ​ខេត្ត​បាត់ដំបង​ឃុំ​ខ្លួន​បុរស​២​នាក់​ពីបទ​ប្រើ​អំពើ​ហិង្សា

សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅ​ខែត្រ​សៀមរាប​កើនឡើង

ប្រជា​សហគមន៍​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​កាប់​ឈើ

មនុស្ស​៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿង​ញៀន

អាជ្ញាធរ​ខែត្រ​កំពត​រង​ការចោទ​ថា​រារាំង​ការជួបជុំ​របស់​សហគមន៍