អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តព្រះវិហារ លោក ហោ នាថ បានមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រ ទី៩ ខែឧសភាថា លោកបានដាក់លិខិតអន្តរាគមន៍ទៅព្រះរាជអាជ្ញាអមតុលាការ តាំងតែពីថ្ងៃទី២៩ ខែមេសាកន្លងមកម្ល៉េះ ដើម្បីឲ្យមានចំណាត់ការផ្លូវច្បាប់ទៅលើមន្រ្តីប៉ូលិស៣នាក់ដែលសង្ស័យថា ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្សប៉ុន្តែមិនទាន់មានចំណាត់ការណាមួយនៅឡើយទេ ។
លោក ហោ នាថ បានឲ្យដឹងថា ៖ «យើងសុំឲ្យព្រះរាជអាជ្ញាមេត្តាធ្វើអន្តរាគមន៍ ហើយក៏សុំឲ្យមេត្តាស៊ើបអង្កេតករណីនេះត្រឹមត្រូវ ដើម្បីធ្វើការនាំខ្លួនជនប្រព្រឹត្តមកផ្តន្ទាទោសតាមច្បាប់ជាធរមាន» ។
ប៉ុន្តែក្រុមអាជ្ញាធរបានអះអាងថាគេកំពុងចាត់ការរឿងនោះ ។
ស្នងការរងនគរបាលខេត្តព្រះវិហារទទួលបន្ទុកយុត្តិធម៌ លោក កែវ ចំរើន បានឆ្លើយតបបញ្ហានោះថា មានសំណុំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងមន្រ្តីប៉ូលិសទាំង៣នាក់នោះ បានដាក់ជូនទៅតុលាការរួចហើយ ឯចំណាត់ការយ៉ាងណានោះអាស្រ័យទៅលើមន្ត្រីតុលាការ ។
លោក កែវ ចំរើន បានមានប្រសាសន៍ថា ៖ «សមត្ថកិច្ចខ្ញុំបានបញ្ជូនសំណុំរឿងទៅតុលាការអស់ហើយ ។ រឿងការសម្រេចយ៉ាងណាជារឿងរបស់តុលាការ» ។
ចំណែកព្រះរាជអាជ្ញាអមតុលាការខេត្តព្រះវិហារ លោក កែវ ស៊ុន បានមានប្រសាសន៍ថាលោកបានទទួលសំណុំរឿងទាំងអស់ហើយ ប៉ុន្តែមិនទាន់ដល់ពេលវេលាសមស្របនៅក្នុងការចាត់ការនៅឡើយទេ ៖ «ខ្ញុំទទួលបានពីនគរបាលយុត្តិធម៌មកហើយនៅលើដៃខ្ញុំ ប៉ុន្តែពេលវេលាវាមិនអាចទៅធ្វើអីបានភ្លាមទេ តែកុំអាលសម្ភាសកុំអាលអី» ។
តាមការស៊ើបអង្កេតរបស់អង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា គេបានរកឃើញមន្រ្តីប៉ូលិសរបស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យចំនួន៣រូប ឈ្មោះ ឈុន ធានុរិទ្ធិ ហៅប្រុស ឈ្មោះ វ៉ា សុផល និងឈ្មោះ តុប សារ៉ាត់ ថាបានបើកម៉ូតូប្រដេញប្រដាប់ដោយអាវុធអាកាមួយដើម តាមបាញ់សម្លាប់យុវជនម្នាក់ ឈ្មោះ បឿន សុខណា ហៅប្រុស នៅពេលដែលយុវជនរូបនោះបានបើកម៉ូតូល្បឿនលឿនឆាបរង្វង់មូលក្នុងទីរួមខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី១៣ ខែមេសាកន្លងមក ។
អធិការនគរបាលស្រុកត្បែងមានជ័យ លោក ទៀម សង្គ្រាម បានមានប្រសាសន៍ថាការបាញ់សម្លាប់នោះគឺគ្រាន់តែជាអំពើអចេតនាប៉ុណ្ណោះ នៅពេលដែលប៉ូលិសបង្ក្រាបក្រុមស្ទាវមានកាំបិតនិងដាវដោយប្រតាយប្រតប់គា្នហើយបានរាលកៃកាំភ្លើង ៖ «ជារឿងអចេតនាទេ ព្រោះរាលកៃអាវុធ គឺអត់មានទៅបាញ់អីដូចនិយាយអ៊ីចឹងទេ» ។
ទោះយ៉ាងណាសាច់ញាតិអ្នករងគ្រោះបានថ្កោលទោសការបាញ់សម្លាប់នោះ ហើយទាមទារឲ្យមានការចាប់ខ្លួនអ្នកដៃដល់មកផ្តន្ទាទោស ៖ «ចង់ឲ្យចាប់អ្នកដៃដល់ ។ អត់ទុកចិត្តទេខ្លួនជាប៉ូលិសហើយមកធ្វើអ៊ីចឹង បាញ់ស្លាប់ហើយមកធ្វើច្រឡំធ្វើអីម៉េច» ។
តាមការបង្ហើបពីសមត្ថកិច្ចនៅទីនោះឲ្យដឹងថា មន្ត្រីប៉ូលិសទាំងបីដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្សបានព្យាយាមបញ្ចុះបញ្ចូលគ្រួសារជនរងគ្រោះឲ្យទទួលយកសំណងជាប្រាក់ ដើម្បីកុំឲ្យមានការប្តឹងផ្តល់ និងបានស្នើសុំចរចាជាមួយក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលកុំឲ្យបន្តការដេញដោលផ្លូវច្បាប់តទៅទៀត ៕
