សង្គម​ស៊ីវិល​និងបក្ស​នយោបាយ​គ្រោង​ប្រជុំ​ពី​បញ្ហា​ពុករលួយ

បញ្ហា​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៧ រួម​ជាមួយ​នឹង​តំណាង​គណបក្ស​ចំនួន​១១​ទៀត គ្រោង​នឹង​លើក​យក​ទៅ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដើម្បី​រក​វិធានការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ។

គណៈកម្មាធិការ​ដើម្បី​ការបោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​ថា​ខុមហ្វ្រែល ដែល​ជា​អ្នក​ផ្តួចផ្តើម​កិច្ច​ពិភាក្សា​នេះ​បាន​រំពឹង​ថា ប្រជាពលរដ្ឋ អាជីវករ និង​យុវជន​ប្រមាណ​ពី​១៥០​នាក់​ទៅ​២០០​នាក់ នឹង​ចូលរួម​សាកសួរ​ទាក់ទិន​នឹង​បញ្ហា​អំពើ​ពុករលួយ​នេះ ។

សូម​ជម្រាប​ថា​កិច្ចពិភាក្សា​លើ​ប្រធានបទ​អំពើ​ពុករលួយ​នេះ គឺ​បាន​ធ្វើ​ឡើង​ប្រមាណ​តែ​២០​ថ្ងៃ​ប៉ុណ្ណោះ នៅ​មុន​ការបោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ ដើម្បី​ដាក់​ការជំរុញ​ដល់​អ្នក​នយោបាយ​ខ្មែរ ឲ្យ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ និង​ប្តេជ្ញា​ដោះស្រាយ​កម្ចាត់​អំពើ​ពុករលួយ​ដែល​កំពុង​ញាំញី​កម្ពុជា​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់​ពេល​វេលា ។

ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​រក​ឃើញ​កន្លង​មក​ថា ចំណូល​ជាតិ​យ៉ាង​ហោច​៥០០​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាត់បង់​ដោយសារ​អំពី​ពុករលួយ​ឬ​ការកិបកេង​ប្រវ័ញ្ច ៕