សង្គមស៊ីវិល​និង​ការ​ជំរុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ

2008-06-09

សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ប្រឆាំង​អំពើ​ពុករលួយ​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មិថុនា ឆ្នាំ​២០០៨ ថា​មុន​ពេល​បោះ​ឆ្នោត​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការ​ស្វែងរក​កិច្ចសន្យា​ពី​គោលជំហរ​របស់​គណបក្ស​នយោបាយ​ទាំង​១១ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​សភា​លើក​ទី​៤ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឬ​គ្មាន ។

RFA Photo

សកម្មជន​នៃ​អង្គការ​សង្គមស៊ីវិល​នាំគ្នា​ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ចុង​ឆ្នាំ​២០០៦ ។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ថា ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​បន្ត​ជាប់គាំង​បើទោះ​បី​សេចក្តី​ព្រាង​នីតិ​វិធី​ព្រហ្មទណ្ឌ​ត្រូវ​បាន​ធ្វើ​រួចរាល់​ហើយ​ក៍ដោយ ។ ហើយ​កាលពី​ថ្ងៃ​១៦ ឧសភា ឆ្នាំ​២០០៨ សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ប្រឆាំង​អំពើ​ពុករលួយ បាន​បញ្ជូន​ញត្តិ​មាន​ហត្ថលេខា​និង​ស្នាម​មេ​ដៃ​របស់​ប្រជាជន​ជាង​១​លាន​នាក់ ទាមទារ​ឲ្យ​សភា​ប្រទេស​កម្ពុជា​ពន្លឿន​និង​ឆាប់​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ យក​មក​អនុវត្ត​ក្នុង​ប្រទេស​នេះ​ឲ្យ​មាន​ការ​ដាក់​ទោស​ដល់​អ្នក​ប្រព្រឹត្ត​ពុករលួយ ។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ថា ៖ «ប្រសិន​បើ​គណបក្ស​ណា​មួយ​ឈ្នះ​ឆ្នោត តើ​គណបក្ស​នោះ​នឹង​ធ្វើ​ឲ្យ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មួយ​ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ និង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​យ៉ាង​យូរ​បំផុត​ត្រឹម​ដំណាច់​ឆមាស​ទី​១​នៃ​អាណត្តិ​ថ្មី​របស់​រដ្ឋាភិបាល...»

ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ខាង​លើ​ក្នុង​ចំណោម​គណបក្ស ១១ ដែល​បាន​ចូលរួម​បោះឆ្នោត​សភា​លើក​ទី​៤ គណបក្ស​ខ្លះ​ដែល​វិទ្យុ​អាស៊ីសេរី​បាន​សាកសួរ​មាន​គណបក្ស នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ បាន​សម្ដែង​សុឆន្ទៈ​គាំទ្រ​ថា នឹង​បង្កើន​ល្បឿន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​បាន​នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី ។

ចំណែក​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង ថា​ត្រូវ​ចេញ​ពីរ​បី​ឆ្នាំ​មកហើយ តាំងពី​ពាក់កណ្ដាល​អាណត្តិ​ទី​៣ ។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ឃើញ​ថា​ដោយសារ​ការ​រុញ... រវាង​អន្តរ​ក្រសួង​របស់​រាជរដ្ឋាភិបាល​ជាមួយ​និង​សហគមន៍​អន្តរជាតិ នៅ​ក្នុង​នោះ​មាន​ដូច​ជា អង្គការ JICA អង្គការ​ស៊ីដា World Bank ឬ​ក៏ FMF អីហ្នឹង NGO មួយចំនួន​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ ។ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ចង់​ដូច​គណបក្ស​ផ្សេងៗ​ទៀត​ដែរ ចង់​បាន​កេរ្តិ៍ឈ្មោះ ចង់​បាន​កិត្តិយស ចង់​បាន​ការ​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គាត់​ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​នៅ​ក្នុង​អាណត្តិ​ទី​៤​បន្ត​ទៅ​ទៀត» ។

រីឯ​លោក សេក បរិសុទ្ធ មន្រ្តី​កម្មវិធី​ប្រឆាំង​អំពើ​ពុករលួយ​របស់​អង្គការ​ផេក​កម្ពុជា មាន​ប្រសាសន៍​ថា​អំពើ​ពុករលួយ​ជា​ឧបសគ្គ​ធ្ងន់​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ បើ​តាម​ការ​សិក្សា​ឆ្នាំ​២០០៥ របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា រក​ឃើញ​ថា​វិស័យ​ឯកជន​ចំណាយ​ក្រៅ​ផ្លូវការ​ក្នុង​១​ឆ្នាំៗ ប្រមាណ​៣៣០​លាន​ដុល្លារ​អាមេរិក និង​រដ្ឋាភិបាល​បាត់​ប្រាក់​ចំណូល​ពន្ធ ៤០០​លាន​ដុល្លារ​អាមេរិក​ផងដែរ ។

លោក​បន្ត​ថា​អង្គការ​តម្លាភាព​អន្តរជាតិ​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាត់បង់​ប្រាក់​យ៉ាង​ហោច​ណាស់ ១​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃៗ ដោយសារ​តែ​អំពើ​ពុករលួយ ។ ហេតុ​ដូច្នេះ​បាន​ជា​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវការ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា ៕

អត្ថបទ​ដែល​ទាក់ទង

IRI កាត់ផ្ដាច់​ជំនួយ​ហិរញ្ញវត្ថុ​ចំពោះ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ

មន្ត្រី​៧​នាក់​ត្រូវ​បាន​ដក​ហូត​ភារកិច្ច​ព្រោះ​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់​ឈើ

មនុស្ស​២​នាក់​នៅ​បាត់ដំបង​រង​របួស​ដោយសារ​ការផ្ទុះ​គ្រាប់​មីន

ជំងឺ​គ្រុន​ឈាម​រាតត្បាត​ធ្ងន់ធ្ងរ​នៅ​ខេត្ត​សៀមរាប

ពលរដ្ឋ​មួយចំនួន​នៅ​មណ្ឌលគិរី​បារម្ភ​ខ្លាច​ខ្វះខាត​ស្បៀង​ឆ្នាំ​ក្រោយ

ស្ត្រី​ក្នុង​ក្រុង​ប្រើ​ប្រេង​រំអិល​ស្រោម​អនាម័យ​ជា​ថ្នាំ​សម្រាប់​បំបាត់​មុន​និង​មុខ​ជាំ

អាដហុក​បាត់ដំបង​បដិសេធ​ការសុំ​ស្នាក់​អាស្រ័យ​របស់​ពលរដ្ឋ​អ្នក​តវ៉ា​ដីធ្លី

ជម្លោះ​ផ្ទៃ​ក្នុង​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ

ជនជាតិ​ភាគ​តិច​នៅ​រតនគិរី​ព្រួយ​បារម្ភ​ជុំវិញ​គម្រោង​ធ្វើ​អាជីវកម្ម​ថ្មម៉ាប

អ្នក​ភូមិ​៣​នាក់​ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពេល​សាកសួរ