ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការពលកម្មអន្តរជាតិ ILO និងកម្មវិធីអន្តរជាតិលុបបំបាត់ពលកម្មកុមារIPECប្រចាំកម្ពុជា លោក MP Majosetp បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីសម្ពោធបណ្តាញសង្គមស៊ីវិលប្រឆាំងពលកម្មកុមារ កាលពីព្រឹកថ្ងៃច័ន្ទ ទី៧ ខែកក្កដា ថារហូតមកដល់ពេលនេះតួលេខកុមារដែលកំពុងធ្វើការនៅក្នុងទម្រង់ធ្ងន់ធ្ងរនៅខេត្តសៀមរាប គេពុំទាន់បានដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែនៅតាមតំបន់អង្គរគេឃើញមានកុមារជាច្រើនកំពុងលក់វត្ថុអនុស្សាវរីយ៍ទៅឲ្យភ្ញៀវទេសចរណ៍ ខាត់ស្បែកជើងធ្វើការងារតាមផ្ទះនិងតាមភោជនីយដ្ឋានជាដើម ។
លោក MP Majosetp បានមានប្រសាសន៍ថា ៖ "ខេត្តសៀមរាបគឺឃើញថា មានកុមារជាច្រើនដែលកំពុងធ្វើការលក់វត្ថុអនុស្សាវរីយ៍ លក់ផ្កា ខាត់ស្បែកជើង កុមាររើសអេតចាយតាមចិញ្ជើមថ្នល់ និងកុមារបម្រើការងារតាមផ្ទះដែលនៅក្នុងខេត្តសៀមរាប ឬនៅតាមភោជនីយដ្ឋាននានា" ។
អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោក អ៊ឹម ចំរើន បានមានប្រសាសន៍ថាអាជ្ញាធរខេត្តសៀមរាបជាមួយ ILO-IPECនឹងចាប់ផ្តើមអនុវត្តគម្រោងដែលមានរយៈពេល៤ឆ្នាំចាប់ពីដើមឆ្នាំ២០០៩ រហូតទៅដល់ឆ្នាំ២០១២ ដើម្បីធ្វើការជាមួយកុមារជាច្រើនប្រភេទ ហើយនិងប្រមូលពួកគេមកធ្វើការគ្រប់គ្រងឲ្យបានច្បាស់លាស់និងធានាឲ្យពួកគេបានចូលសាលារៀន ។
លោក អ៊ឹម ចំរើន បានឲ្យដឹងថា ៖ «កុមារបម្រើតាមផ្ទះ កុមារខាងវិស័យសំណង់ កុមារខាងរើសអេតចាយ កុមារខាងសុំទាន កុមារខាងលក់វត្ថុអនុស្សាវរីយ៍ ត្រូវចុះ Research ទាំងអស់ ដើម្បីប្រមូលកុមារទាំងនោះឲ្យមានការគ្រប់គ្រងជាក់លាក់» ។
ក្រុមបណ្តាញអង្គការសង្គមស៊ីវិលមកពីអង្គការក្រៅរដ្ឋាភិបាលនានា សមាគម សហជីព និងអ្នករត់ម៉ូតូឌុបជាច្រើនត្រូវបានគេយល់ថាជាក្រុមដ៏សំខាន់នៅក្នុងការងារធ្វើសកម្មភាពប្រឆាំងពលកម្មកុមារដ៏មានប្រសិទ្ធភាព ។
តាមមន្រ្តីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបបានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ គម្រោងទីមួយនៃការលុបបំបាត់ពលកម្មកុមារធ្ងន់ធ្ងរធ្វើនៅតាមការដ្ឋានឡឥដ្ឋ គេបានប្រមូលយកកុមារចំនួន១២០០នាក់ចេញពីកន្លែងការងារ ។
មន្រ្តីអង្គការ ILO បានឲ្យដឹងថានៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នមានកុមារប្រមាណ២៥ម៉ឺននាក់កំពុងធ្វើការក្នុងទម្រង់ធ្ងន់ធ្ងរបំផុត ដូចជានៅតំបន់នេសាទ នៅស្រែអំបិល ធ្វើការតាមផ្ទះ តាមកន្លែងលក់វត្ថុអនុស្សាវរីយ៍នៅកន្លែងសិប្បកម្ម ធ្វើការលីសែងនៅច្រកព្រំដែននិងនៅតំបន់ចម្ការកៅស៊ូជាដើម ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងផែនការស្តីពីការលុបបំបាត់ទម្រង់ពលកម្មធ្ងន់ធ្ងររបស់កុមារឲ្យអស់ត្រឹមឆ្នាំ២០១៦ ហើយ ILO-IPEC បានសហការយ៉ាងពេញទំហឹងទៅលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជានេះ ដោយគេត្រូវការប្រាក់ជំនួយរាប់រយលានដុល្លារអាមេរិកដើម្បីឈានទៅរកជោគជ័យនៃផែនការលុបបំបាត់ទាំងនោះទៅបាន ៕
