មន្រ្តីអង្គការទាំងនោះរំពឹងថា បើច្បាប់នោះកើតមាន នឹងធ្វើឲ្យប្រព័ន្ធនៃការគ្រប់គ្រងស្រ្តីរកស៊ីផ្លូវភេទបានល្អ និងជាកត្តាមួយជួយដល់សង្គមជាតិផងដែរ ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលប្រយុទ្ឋនឹងជងឺអេដស៍ លោក កែម ឡី បានបព្ចោញទស្សនៈថា បើមិនមានច្បាប់នេះទេ អង្គការក្រៅរដ្ឋាភិបាលពិបាកគ្រប់គ្រងនិងផ្តល់សេវាផេ្សងៗ ហើយនារីរកស៊ីផ្លូវភេទងាយរងគ្រោះនូវការមាក់ងាយពីសំណាក់សាធារណជន ។
ម្យ៉ាងទៀត ក៏មានការសូកប៉ាន់ពីមន្ត្រីប៉ូលិសនៅពេលចុះបេសកកម្មបង្រ្កាបម្តងៗ ដោយពួកគេទទួលលុយពីអ្នករកសីផ្លូវភេទ ហើយធ្វើការដោះលែងវិញ ។
លោកបានបនែ្ថមថា ប្រទេសណាក៏មាននារីរកស៊ីផ្លូវភេទដែរ តែបើយើងមានច្បាប់ត្រឹមត្រូវនោះ មានប្រយោជន៍ដល់សង្គមនិងគាំពារប្រពៃណីជាតិ ។
លោក កែម ឡី មានប្រសាសន៍ដូច្នេះថា ៖ «ប្រទេសណាក៏ដោយឲ្យតែប្រទេសជឿនលឿន អ្វីក៏ដោយត្រូវតែមានច្បាប់ ទោះបីយើងគិតថា អាហ្នឹងវាខុសពីប្រពៃណី ទំនៀមទម្លាប់អីក៏ដោយ ប៉ុន្តែយើងត្រូវតែមានច្បាប់ ។ ហើយកាលណាមានច្បាប់ អនុវត្តច្បាប់ល្អ ច្បាប់ហ្នឹងតែងឲ្យមានការចូលរួមបានល្អ ច្បាប់ហ្នឹងវាមានប្រយោជន៍ដល់ស្រុកយើង ទី១ ប្រសិនបើមានច្បាប់យើងអាចគ្រប់គ្រងបានល្អ ទី២ បើសិនជាមានច្បាប់ក្នុងការគ្រប់គ្រងវាធ្វើឲ្យចំនួនស្រ្តីរកស៊ីផ្លូវភេទហ្នឹងថយទៅវិញទេ មិនមែនកើនឡើងទេ» ។
អង្គការខារ៉ាមកម្ពុជាធ្វើការសម្របសម្រួលជំងឺអេដស៍និងចំណាកស្រុក លោក យ៉ា ណាវុធ បានមានប្រសាសន៍ថា កន្លងមក រដ្ឋាភិបាលធ្លាប់ហាមមិនឲ្យបើករកស៊ីផ្លូវភេទ ក៏ប៉ុន្តែ អ្នកទាំងនោះបែរជាបើកជារូបភាពហាងម៉ាស្សា ខារ៉ាអូខេ ហាងអ៊ុតសក់ទៅវិញ ហើយកត្តាទាំងនេះមិនទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ទេ ចំណែកឯការរកស៊ីផ្លូវភេទវិញ កាន់តែច្រីន ។
លោក យ៉ា ណាវុធ ថ្លែងដូច្នេះថា ៖ «យកល្អយើងគួរតែឲ្យមានជាច្បាប់មួយ វាជាការល្អដើម្បីយើងធ្វើយ៉ាងម៉េចកុំឲ្យវាមានភាពអនាធិបតេយ្យ ។ ស្រ្តីខ្លះគាត់មិនចង់រកស៊ីផ្លូវភេទនោះទេ ប៉ុន្តែអ្នកខ្លះគាត់ចាញ់បោកគេ ឬក៏ចាញ់បោកសង្សាគាត់ ឬក៏គាត់ជឿតាមមិត្តភក្ដិទៅក៏លង់ខ្លួន ឬអ្នកខ្លះទៀតក៏ត្រូវគេជួញដូរទៅធ្វើជាពេស្យាចារ ។ អ៊ីចឹងហើយយើងគិតថា ដើម្បីកុំឲ្យមុខរបរពេស្យាចារប៉ាតណាប៉ាតណី វាធ្វើឲ្យប៉ះពាល់ដល់សង្គម ឬទំនៀមទម្លាប់វប្បធម៌ប្រទេសមួយ ហើងគួរតែឲ្យមានច្បាប់មួយសម្រាប់គ្រប់គ្រងស្រ្តីទាំងនោះ ដើម្បីធ្វើយ៉ាងម៉េចកុំឲ្យប៉ះពាល់ដល់វប្បធម៌ ឬក៏សង្គម» ។
នាយកព័ត៌មាននៃសមាគមជួយសង្គ្រាះនៅកម្ពុជា ហៅកាត់ថា SAC លោក ស៊ូ បុត្រា ដែលកំពុងរស់នៅជាមួយជំងឺអេដស៍ ផងនោះ មានទស្សនៈយល់ឃើញជុំវិញបញ្ហានេះថា បើសិនជាមានច្បាប់នោះ នារីរកស៊ីផ្លូវភេទមានមេគ្រប់គ្រងច្បាស់លាស់នៅតាមកនែ្លងនានា និងមានកាតពាក់ត្រឹមត្រូវ ដែលជានិមិត្តសញ្ញាសម្រាប់ឲ្យសាធារណជនដឹង និងមិនងាយឆ្លងជំងឺកាមរោគផេ្សងៗ ពីនារីទាំងនោះ ។ ហើយច្បាប់នោះ នឹងត្រូវកំណត់ឲ្យពួកគេមានកាលកំណត់ធ្វើតេស្តឈាមច្បាស់លាស់ ។
លោក ស៊ូ បុត្រា មានប្រសាសន៍ដូច្នេះថា ៖ «បង្កើតឲ្យមានច្បាប់ដើម្បីការពារសិទ្ធិក្នុងការរស់នៅរបស់គាត់ ពីព្រោះអីខ្ញុំគិតថា ប្រសិនបើអត់មានច្បាប់ ហើយយើងអត់មានការគាំទ្រពួកគាត់ទេ គឺមានន័យថា យើងរើសអើងចំពោះគាត់» ។
អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី កូប កាម៉ារីយ៉ះ បែរជាមានទស្សនៈ ផ្ទាល់ខ្លួន ផ្ទុយពីក្រុមអង្គការសង្គមស៊ីវិលខាងលើទៅវិញ ដោយលោកស្រីបានយល់ឃើញថា បើសិនមានច្បាប់នោះ នឹងកើតមានអសីលធម៌ក្នុងសង្គម ។
លោកស្រីបន្តថា ទីផ្សារការងារមានច្រើន អ្នកទាំងនោះគួរតែផ្លាស់ប្តូរអាជីពធ្វើអ្វីផ្សេងវិញ ប្រសើរជាង ។ លោកស្រីបន្ថែមទៀតថា លោកស្រីមិនមានការរើសអើងនឹងនារីរកស៊ីផ្លូវភេទទេ ជាធម្មតាជាធម្មជាតិរបស់មនុស្សមានតណា្ហក្នុងការសែ្វងរកដៃគូ តែយើងមានវិធីសាស្ត្រផេ្សងក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺអេដស៍ ។
លោកស្រី កូប កាម៉ារីយ៉ះ មានប្រសាសន៍ថា ៖ «មិនគួរមានស្របច្បាប់ មូលហេតុរបររកស៊ីមានច្រើនណាស់ ដែលត្រូវស្របច្បាប់ ប៉ុន្តែរបរមួយហ្នឹងស្ដាប់មើលទៅវាជាលក្ខណៈជីវសាស្រ្តធម្មជាតិ វាត្រូវមានហើយ ប៉ុន្តែបើសិនជាគិតទៅលើសីលធម៌ ឬប្រពៃណី លើអីវិញវាអត់ត្រូវ ។ ខ្ញុំគិតថាវាមិនល្អ ការផ្ទុកមេរោគអេដស៍កាន់តែច្រើន ។ រឿងហ្នឹងយើងមានវិធីផ្សេងដែលត្រូវការពារ មិនត្រូវតែយកអ្នករកស៊ីផ្លូវភេទទៅជាស្របច្បាប់ បានការពារបាន ខ្ញុំគិតថាអ៊ីចឹង ។ ការពារដោយវិធីផ្សេង ដូចជាវិធីរកការងារផ្សេងឲ្យ ដូចជាធ្វើផ្សព្វផ្សាយ មួយទៀតលើកកម្ពស់សីលធម៌សង្គម» ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលនៅតែទាមទារចង់បានច្បាប់នោះដដែល បើសិនជាប្រទេសគ្មានច្បាប់ ការសូកប៉ាន់កើតមានឡើងកាន់តែខ្លាំង និងអ្នករកស៊ីផ្លូវភេទក៏កាន់តែកើននៅតាមទីកនែ្លងដែលគ្រប់គ្រងមិនបាន ជាហេតុធ្វើឲ្យសន្ទុះនៃការជួញដូរមនុស្សក៏មានច្រើន ។
សូមបញ្ជាក់ផងដែរថា អត្រានៃអ្នកផ្ទុកមេរោគអេដស កាលពីឆ្នាំ១៩៩៧ មាន ៣,២ភាគរយក្នុងចំណោមប្រជាជនសរុប ឆ្នាំ២០០៣ មាន១,២ភាគរយ ឆ្នាំ២០០៦ មានតែ ០,៩ភាគរយ ។ ចំពោះមនុស្សពេញវ័យមានអាយុពី១៥ឆ្នាំដល់៤៦ឆ្នាំ ចំនួនអ្នករស់នៅជាមួយជំងឺអេដស៍ ឬ អ្នកកើតអេដស៍ មាន ៦៥.០០០នាក់ ។
ចំណែកឯក្នុងឆ្នាំ២០០៨ អត្រានៃការឆ្លងជំងឺអេដស៍ក្នុងចំណោមស្រ្តីមេផ្ទះ មានចំនួន ២៧៦នាក់ បុរស ២០១នាក់ ស្ត្រីរកស៊ីផ្លូវភេទ ១៤៣នាក់ ភ្ញៀវ ២៧៥នាក់ និងកុមារមាន ៥៧៥នាក់ ។
បើគិតជាភាគរយនៃការឆ្លងពីម្តាយទៅកូនមាន ៣៩ភាគរយ អ្នករកស៊ីផ្លូវភេទដោយផ្ទាល់ និងប្រយោល មាន ១៩ភាគរយ ពីប្រពន្ធទៅប្តី ១៣ភាគរយ ពីប្តីទៅប្រពន្ធមាន ១០ភាគរយ ។
អ្នកវិភាគមានក្តីបារម្ភថា នៅឆ្នាំ២០០៩ រហូតដល់ ២០១០ នឹងអាចកើនឡើងកាន់តែច្រើន ដោយសារការប្រើប្រាស់ថ្នាំពន្យារជីវិតមិនទៀងទាត់ និងកង្វះថ្នាំ ។ លើសពីនេះទៀត ការឆ្លងនៃជំងឺអេដស៍ពុំមែនឆ្លងតាមស្រ្តីរកស៊ីផ្លូវភេទប៉ុណ្ណោះទេ គឺបុរសរួមភេទនឹងបុរស និងអ្នកញៀនថំា្នជាដើម ៕
