លោក ប៉ុក ពុទ្ធារិទ្ធ ជាមន្ត្រីទទួលបន្ទុកខាងប្រមូលស្នាមមេដៃនិងហត្ថលេខា ដែលមកពីវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយជាសមាជិករបស់ក្រុមអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថាញត្តិនោះនឹងត្រូវបានបញ្ជូនទៅឲ្យរដ្ឋសភានៅថ្ងៃទី១៦ ខែឧសភានាពេលខាងមុខ ដោយមានការយល់ព្រមទទួលយកពីសំណាក់ប្រធានរដ្ឋសភា លោក ហេង សំរិន ។
លោក ប៉ុក ពុទ្ធារិទ្ធ បានឲ្យដឹងថា ៖ «ដើម្បីដាក់ជូនរាជរដ្ឋាភិបាលក៏ដូចជាសភាជាតិដើម្បីឲ្យរដ្ឋាភិបាលជំរុញការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ។ ហើយញត្តិទាំងអស់ហ្នឹង ស្នាមមេដៃទាំងអស់ហ្នឹង យើងនឹងប្រគល់ជូនរដ្ឋសភានៅថ្ងៃទី១៦» ។
លោកក៏បានមានប្រសាសន៍ផងដែរថា គេនឹងធ្វើក្បួនដង្ហែញត្តិនោះពីទីស្នាក់ការរបស់អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលស្ថិតនៅជិតវត្តលង្កា ទៅកាន់វិមានរដ្ឋសភាដោយនឹងមានអ្នកចូលរួមពីមនុស្សប្រមាណ ១០០នាក់មកពីអង្គការនានាចំនួនជាង ៤០អង្គការដែលជាសមាជិក ។
ឆ្លើយតបទៅនឹងភាពយឺតយ៉ាវនៃការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនេះ សមាជិករដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានមានប្រសាសន៍ថាការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ មានការយឺតយ៉ាវដោយសារតែភាពចម្រូងចម្រាសលើចំណុចចំនួន៥ ដែលមិនទាន់ត្រូវបានដោះស្រាយរួច ។
លោក ជាម យៀប បានមានប្រសាសន៍ថា ៖ «មានចំណុច៥ដែលខ្ញុំបានដឹង ។ រឿងយឺតយ៉ាវចំណុចទី១ គឺរឿងអត្ថន័យនៃពាក្យថា អំពើពុករលួយជាអ្វី ? ដើម្បីយើងចង់បានន័យហ្នឹងឲ្យបានច្បាស់លាស់ត្រឹមត្រូវឲ្យគ្រប់សព្វ ដើម្បីកុំឲ្យពេលច្បាប់ចេញទៅ អាកន្លែងនៅសល់ចន្លោះហ្នឹង គឺថាចៅក្រមជំនុំជម្រះហ្នឹង គាត់អាចយកធ្វើជាអគតិ ឫក៏អំពើអយុត្តិធម៌បាន ។ ទី២ នៅលើគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ គឺថាភាគច្រើនចេះតែចង់ថា បានឯករាជ្យ ចង់បានអព្យាក្រឹត គឺយើងចង់បានណាស់ហើយអាហ្នឹង ។ ហើយទី៣ គឺថាអំពីការប្រកាសទ្រព្យសម្បត្តិ ហើយនិងទី៤ អំពីអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ គឺថាយើងឲ្យអំណាចទៅគាត់ច្រើនពេក ព្រោះអំណាចនៅក្នុងរដ្ឋធម្មនុញ្ញមានតែ៣ទេ នីតិបញ្ញត្តិ ប្រតិបត្តិ ហើយនិងតុលាការ អ៊ីចឹងដល់ឲ្យអំណាចច្រើនពេក វាទៅជាអំណាចទី៤ ។ អ៊ីចឹងហើយធ្វើឲ្យមានការអាក់ខានបន្តទៀត ហើយនិងទី៥ អំពីទោសបញ្ញត្តិ» ។
ទោះជាយ៉ាងណា លោក ជាម យៀប បានមានប្រសាសន៍ដោយសុទិដ្ឋិនិយមថា ច្បាប់ប្រឆាំងអំពើពុករលួយនឹងត្រូវបានអនុម័តរួចនៅដើមអាណត្តិទី៤នេះ ។
ឆ្លើយតបទៅនឹងញត្តិសុំឲ្យអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនេះ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថារាជរដ្ឋាភិបាលក៏បានសុំឲ្យអង្គការនានាធ្វើការបញ្ជាក់ជាសាធារណៈនូវទ្រព្យសម្បត្តិដែលខ្លួនមានផងដែរ ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «តំណាងរាស្ត្រក៏ត្រូវប្រកាសទ្រព្យសម្បត្តិដែរ ។ ប៉ុន្តែឥឡូវខ្ញុំសុំសំណូមពរមួយទៀតឯណោះ ថាគួរតែអង្គការក្រៅរដ្ឋាភិបាលទាំងអស់ក៏ដោយ គឺត្រូវតែប្រកាសអំពីទ្រព្យសម្បត្តិខ្លួនឯងដែរ តើគាត់មានយោបល់ថាម៉េចដែរ ? អ្នកណាដែលមានប្រាក់ខែលើសពី១លានរៀល ត្រូវតែត្រួតពិនិត្យទាំងអស់គ្នា» ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជាបានទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិ អង្គការនានា និងប្រជាពលរដ្ឋ ក៏ដូចជាគណបក្សប្រឆាំង ពីភាពយឺតយ៉ាវក្នុងការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដែលត្រូវបានព្រាងអស់រយៈពេលជាង ១០ឆ្នាំទៅហើយនោះ ៕