ស្លាក​សញ្ញា​បក្ស​"រណឫទ្ធិ"​នៅ​ស្រុក​កង​មាស ខែត្រ​កំពង់ចាម ត្រូវ​គេ​លួច

2008-07-07

មន្ត្រី​គណបក្ស នរោត្តម រណឫទ្ធិ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ស្លាក​សញ្ញា​គណបក្ស​មួយ​ផ្ទាំង​តាំង​នៅ​ក្នុង​ភូមិ​ព្រែក​លីវ​ទី​៣ ឃុំ​រកាអារ ស្រុក​កង​មាស ខេត្ត​កំពង់ចាម បាន​បាត់​ពី​កន្លែង​តាំង​កាលពី​យប់​មិញ ។

សកម្មជន​គណបក្ស នរោត្តម រណឫទ្ធិ ប្រចាំ​ស្រុក​កង​មាស លោក ស៊ុន ម៉េងងួន បាន​មាន​ប្រសាសន៍​ថា​គេ​មិន​ទាន់​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​បាន​ដក​ស្លាក​សញ្ញា​គណបក្ស​នោះ​ចេញ​ពី​កន្លែង​តាំង​ឡើយ ។

លោក ស៊ុន ម៉េងងួន បាន​ឲ្យ​ដឹង​ថា ៖ «យើង​អត់​ទាន់​មាន​តម្រុយ​ទេ ប៉ុន្តែ​កន្លែង​នេះ​គឺ​ជា​កន្លែង​មួយ​ដែល​យើង​ជួប​ការលំបាក​ដ៏​ច្រើន​ដែល​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​របស់​យើង​ត្រូវ​អ្នក​មាន​អំណាច​និង​អ្នក​លុយ​ជា​ច្រើន​បាន​ទិញ​ភ្នាក់ងារ​សង្កេតការណ៍​យើង​ឬ​ក៏​គំរាម​ឲ្យ​ទទួល​លុយ​គេ»

មន្ត្រី​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពង់ចាម លោក ស្រី សុភ័ក្ត្រ មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​បញ្ហា​នោះ​នៅ​ឡើយ​ទេ ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា​ជន​ណា​ដែល​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ការពិន័យ​តាម​ផ្លូវ​ច្បាប់ ។

លោក ស្រី សុភ័ក្ត្រ បាន​មាន​ប្រសាសន៍​ថា ៖ «អា​នេះ​បើ​យើង​រក​ឃើញ​មុខ​សញ្ញា​ច្បាស់លាស់ យើង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ហើយ ក៏ប៉ុន្តែ​គ្រាន់​ថា​ករណី​នេះ​ខ្ញុំ​មិន​ទាន់​អាច​បកស្រាយ​ថា​យ៉ាង​ម៉េច ព្រោះ​វា​បាត់​ទៅ​អត់​ដឹង​រឿង​អ៊ីចឹង ។ ហើយ​ខ្ញុំ​ក៏​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ណា​ពី​ខាង​ថ្នាក់​ក្រោម​មក​ដែរ»

ទាក់ទង​នឹង​រឿង​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស នរោត្តម រណឫទ្ធិ ក្នុង​ខេត្ត​កំពង់ចាម​នោះ មន្ត្រី​គណបក្ស នរោត្តម រណឫទ្ធិ នៅ​ក្នុង​ស្រុក​កំពង់​សៀម បាន​ឲ្យ​ដឹង​ថា​មាន​ករណី​ស្រដៀង​គ្នា​នេះ​បាន​កើតឡើង​នៅ​ទី​នោះ​ដែរ ។

សកម្មជន​គណបក្ស នរោត្តម រណឫទ្ធិ ប្រចាំ​ស្រុក​កំពង់​សៀម លោក សេង ហុងហួ បាន​មាន​ប្រសាសន៍​យ៉ាង​នេះ​ថា ៖ «នៅ​ក្នុង​ឃុំ​ខ្ញុំ​ហ្នឹង​គឺ​ឃុំ​កោះ​សំរោង ស្រុក​កំពង់​សៀម មាន​ស្លាក​របស់​គណបក្ស​របស់​ខ្ញុំ គឺ​គណបក្ស នរោត្ដម រណឫទ្ធិ ត្រូវ​គេ​ហែក​ហើយ​គេ​ចិញ្ច្រាំ ហើយ​មាន​ដុត​ទៅ​ទៀត ។ ភាគ​ច្រើន​វា​កើត​នៅ​ចន្លោះ​ម៉ោង​៩​ទៅ​ម៉ោង​១០ ព្រោះ​មាន​សមាជិក​យើង​ដែល​នៅ​ទី​ហ្នឹង​ឃើញ​នៅ​ម៉ោង​៨ វា​នៅ​កន្លែង​វា​ធម្មតា​ទេ​ថ្នាក់​ភូមិ​ហ្នឹង ប៉ុន្តែ​ដល់​ចន្លោះ​ម៉ោង​៩​ទៅ​ម៉ោង​១០​ហ្នឹង​ស្រាប់តែ​ឃើញ​បាត់ ។ ពេល​ព្រឹក​ឡើង​បាន​ទៅ​រក​មើល​គឺ​ឃើញ​គេ​ចិញ្ច្រាំ ។ ...ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​អ្នក​ណា​ទេ ខ្ញុំ​មើល​ទៅ​ជា​ចេតនា​នយោបាយ​ពិត​ប្រាកដ​ណាស់​នៅ​ក្នុង​បញ្ហា​ហ្នឹង»

មន្ត្រី​គណបក្ស នរោត្តម រណឫទ្ធិ ដដែល បាន​ឲ្យ​ដឹង​ថា​បើ​រាប់​ទាំង​រឿង​នៅ​ក្នុង​ស្រុក​កង​មាស និង​ស្រុក​កំពង់​សៀម​នេះ​ទៀត ករណី​ពាក់ព័ន្ធ​នឹង​រឿង​ទម្លាក់​ស្លាក​សញ្ញា​គណបក្ស​នេះ​មាន​ចំនួន​៤​ករណី​ហើយ ចាប់តាំងពី​មាន​ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ផ្តើម​ពី​ថ្ងៃ​ទី​២៦ មិថុនា​នោះ​មក ៕

អត្ថបទ​ដែល​ទាក់ទង

តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​នឹង​មិន​ចូលរួម​ក្នុង​គណៈកម្មការ​ជំនាញ​សភា​ទេ

បក្ស​ប្រឆាំង​ស្នើសុំ​ឲ្យ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​បង្កើន​ការត្រួត​ពិនិត្យ​ថែម​ទៀត

នាយក​រដ្ឋមន្ត្រី​ខ្មែរ​អំពាវនាវ​កុំ​ឲ្យ​ប្រទេស​នានា​ពឹង​អ.ស.ប.​រៀបចំ​ការបោះឆ្នោត

ហ៊ុន សែន៖ មិន​យូរ​មិន​ឆាប់​ក្រុម​ប្រឆាំង​គង់​តែ​នឹង​ចូលរួម​ប្រជុំ​សភា

បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​កែ​ច្បាប់​បោះឆ្នោត​និង​ឲ្យ​មាន​តួនាទី​ក្នុង​សភា​សម្រាប់​បក្ស​ប្រឆាំង

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​នៅតែ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​សភា

បក្ស​សមរង្ស៊ី​ប្រកាន់​ជំហរ​ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ដាច់​ដោយ​ឡែក

បក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​ពហិការ​សម័យ​ប្រជុំ​លើក​ដំបូង​របស់​សភា​អាណត្តិ​ទី៤

មូរ សុខហួរ ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​តុលាការ​ខែត្រ​កំពត

បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បន្ដ​បេ្ដជ្ញា​ចិត្ត​មិន​ចូល​រួម​សម័យ​ប្រជុំ​សភា​លើក​ដំបូង