សកម្មជនគណបក្ស នរោត្តម រណឫទ្ធិ ប្រចាំស្រុកកងមាស លោក ស៊ុន ម៉េងងួន បានមានប្រសាសន៍ថាគេមិនទាន់ដឹងថា តើអ្នកណាជាអ្នកបានដកស្លាកសញ្ញាគណបក្សនោះចេញពីកន្លែងតាំងឡើយ ។
លោក ស៊ុន ម៉េងងួន បានឲ្យដឹងថា ៖ «យើងអត់ទាន់មានតម្រុយទេ ប៉ុន្តែកន្លែងនេះគឺជាកន្លែងមួយដែលយើងជួបការលំបាកដ៏ច្រើនដែលភ្នាក់ងារសង្កេតការណ៍គណបក្សរបស់យើងត្រូវអ្នកមានអំណាចនិងអ្នកលុយជាច្រើនបានទិញភ្នាក់ងារសង្កេតការណ៍យើងឬក៏គំរាមឲ្យទទួលលុយគេ» ។
មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម លោក ស្រី សុភ័ក្ត្រ មានប្រសាសន៍ថាលោកមិនទាន់ទទួលបានព័ត៌មានជុំវិញបញ្ហានោះនៅឡើយទេ ។ ក៏ប៉ុន្តែលោកបញ្ជាក់ថាជនណាដែលប្រព្រឹត្តនឹងត្រូវទទួលការពិន័យតាមផ្លូវច្បាប់ ។
លោក ស្រី សុភ័ក្ត្រ បានមានប្រសាសន៍ថា ៖ «អានេះបើយើងរកឃើញមុខសញ្ញាច្បាស់លាស់ យើងត្រូវផ្តន្ទាទោសតាមច្បាប់ហើយ ក៏ប៉ុន្តែគ្រាន់ថាករណីនេះខ្ញុំមិនទាន់អាចបកស្រាយថាយ៉ាងម៉េច ព្រោះវាបាត់ទៅអត់ដឹងរឿងអ៊ីចឹង ។ ហើយខ្ញុំក៏អត់ទាន់បានទទួលព័ត៌មានណាពីខាងថ្នាក់ក្រោមមកដែរ» ។
ទាក់ទងនឹងរឿងបំផ្លាញស្លាកសញ្ញាគណបក្ស នរោត្តម រណឫទ្ធិ ក្នុងខេត្តកំពង់ចាមនោះ មន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ នៅក្នុងស្រុកកំពង់សៀម បានឲ្យដឹងថាមានករណីស្រដៀងគ្នានេះបានកើតឡើងនៅទីនោះដែរ ។
សកម្មជនគណបក្ស នរោត្តម រណឫទ្ធិ ប្រចាំស្រុកកំពង់សៀម លោក សេង ហុងហួ បានមានប្រសាសន៍យ៉ាងនេះថា ៖ «នៅក្នុងឃុំខ្ញុំហ្នឹងគឺឃុំកោះសំរោង ស្រុកកំពង់សៀម មានស្លាករបស់គណបក្សរបស់ខ្ញុំ គឺគណបក្ស នរោត្ដម រណឫទ្ធិ ត្រូវគេហែកហើយគេចិញ្ច្រាំ ហើយមានដុតទៅទៀត ។ ភាគច្រើនវាកើតនៅចន្លោះម៉ោង៩ទៅម៉ោង១០ ព្រោះមានសមាជិកយើងដែលនៅទីហ្នឹងឃើញនៅម៉ោង៨ វានៅកន្លែងវាធម្មតាទេថ្នាក់ភូមិហ្នឹង ប៉ុន្តែដល់ចន្លោះម៉ោង៩ទៅម៉ោង១០ហ្នឹងស្រាប់តែឃើញបាត់ ។ ពេលព្រឹកឡើងបានទៅរកមើលគឺឃើញគេចិញ្ច្រាំ ។ ...ខ្ញុំមិនហ៊ានសន្និដ្ឋានអ្នកណាទេ ខ្ញុំមើលទៅជាចេតនានយោបាយពិតប្រាកដណាស់នៅក្នុងបញ្ហាហ្នឹង» ។
មន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ ដដែល បានឲ្យដឹងថាបើរាប់ទាំងរឿងនៅក្នុងស្រុកកងមាស និងស្រុកកំពង់សៀមនេះទៀត ករណីពាក់ព័ន្ធនឹងរឿងទម្លាក់ស្លាកសញ្ញាគណបក្សនេះមានចំនួន៤ករណីហើយ ចាប់តាំងពីមានការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ផ្តើមពីថ្ងៃទី២៦ មិថុនានោះមក ៕
