ស្របពេលនេះដែរ សភាជាតិនឹងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់សំណងរបស់រដ្ឋាភិបាលឲ្យក្រុមហ៊ុនទទួលសិទ្ធិវិនិយោគ លើការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលគម្រោងនេះស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយនោះ។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី នៅខេត្តស្ទឹងត្រែង បានស្នើឲ្យរដ្ឋសភាពន្យារពេលអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់ជាមួយប្រជាពលរដ្ឋទៅលើផលប៉ះពាល់ជាបណ្ដោះអាសន្នសិន ពីព្រោះថារដ្ឋាភិបាលមិនទាន់សិក្សាអំពីផលប៉ះពាល់គ្រប់ជ្រុងជ្រោយនៅឡើយ អំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ។
លោក មៀច មាន ជាអ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី បានឲ្យដឹងនៅថ្ងៃទី១២ កុម្ភៈ ថា មានមូលហេតុជាច្រើនដែលលោកស្នើឲ្យសភាពន្យារពេលអនុម័តសេចក្ដីព្រាងច្បាប់នេះ រួមមានចំនួនប្រជាពលរដ្ឋរស់នៅជាក់ស្ដែងនៅតំបន់ទន្លេសេសាន ស្ថិតនៅក្នុងតំបន់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះមាន ៧ភូមិ និងជាង ៥ពាន់គ្រួសារ តែចំនួនដែលរដ្ឋាភិបាលគ្រោងនឹងផ្ដល់សំណង មានតែជាង ៤ពាន់គ្រួសារ។
ម្យ៉ាងទៀត រដ្ឋាភិបាលក៏មិនទាន់ផ្ដល់ព័ត៌មានអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះច្បាស់លាស់ដល់ប្រជាពលរដ្ឋនៅឡើយ។ លោកបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅពេលនេះ មានការប៉ះពាល់ជាច្រើន ទាំងប្រជាពលរដ្ឋ ទាំងបរិស្ថាន៖ «ប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដោយប្រយោលអីហ្នឹង គាត់កំពុងព្រួយបារម្ភរបស់គម្រោងរដ្ឋាភិបាល។ មួយទៀត ការជំរុញរបស់រដ្ឋាភិបាលអំពីការសាងសង់នេះ ហាក់បីដូចជាមិនបានគិតគូរអំពីការស្នើសុំរបស់ប្រជាពលរដ្ឋអំពីផលប៉ះពាល់»។
ការស្នើឡើងដូច្នេះ នៅបន្ទាប់ពីរដ្ឋសភាបានចេញសេចក្ដីប្រកាសព័ត៌មានថា សភានឹងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋាភិបាល ឲ្យក្រុមហ៊ុនទទួលសិទ្ធិវិនិយោគលើការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃទី១៥ កុម្ភៈ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំកាលពីថ្ងៃទី៧ កុម្ភៈ ដែលមានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ស៊ុយ សែម បានចូលរួម។
កាលពីខែធ្នូ ឆ្នាំ២០១២ កន្លងទៅ លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានប្រសាសន៍ថា គម្រោងសាងសង់ទំនប់អគ្គិសនីសេសានក្រោម២ នេះ គ្មានអ្វីគួរឲ្យព្រួយបារម្ភទៀតទេ ព្រោះគម្រោងសង់ទំនប់នេះ រដ្ឋាភិបាល និងក្រុមហ៊ុនបានចុះសិក្សា និងជួបជាមួយពលរដ្ឋរស់នៅតំបន់នោះស្រុះស្រួលគ្នាហើយអំពីផែនការផ្ដល់សំណងផលប៉ះពាល់ រង់ចាំតែថ្ងៃចាប់ផ្ដើមសាងសង់ប៉ុណ្ណោះ។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី ប្រជាពលរដ្ឋមួយឈ្មោះ ហ្វុន ឃឿន រស់នៅភូមិស្រែគរ២ ឃុំស្រែគរ បានឲ្យដឹងថា ពួកគាត់មិនបានដឹងអំពីគម្រោងផ្ដល់សំណងពីផលប៉ះពាល់រដ្ឋាភិបាលថាយ៉ាងណានោះទេ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់កំពុងព្រួយបារម្ភអំពីគម្រោងសាងសង់នេះ៖ «ការរស់នៅតំបន់ទន្លេមិនអីទេ ការរស់នៅក្នុងព្រៃនៅពេលឈឺមិនដឹងធ្វើយ៉ាងម៉េចទេ ហើយប្រជាពលរដ្ឋកំពុងព្រួយបារម្ភ។ ប្រជាពលរដ្ឋប្រកបមុខរបរនេសាទ អ្នកខ្លះដាំដំណាំនៅតាមមាត់ទន្លេ អ្នកខ្លះរកជ័រចុង និងជ័រទឹកទៅ»។
លោក មៀច មាន បានអះអាងថា ក្រៅពីប្រជាពលរដ្ឋនឹងរងផលប៉ះពាល់ផ្ទាល់ជាង ៥ពាន់គ្រួសារនេះ នៅមានប្រជាពលរដ្ឋជាង ៧ម៉ឺននាក់ផ្សេងទៀត រស់នៅខ្សែទឹកខាងលើ និងរស់នៅខ្សែទឹកខាងក្រោម នឹងរងផលប៉ះពាល់ដោយប្រយោលអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល បានឲ្យដឹងថា គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីសេសានក្រោម២ នេះ នឹងផ្ដល់ថាមពលអគ្គិសនីកម្រិត ៤០០មេហ្គាវ៉ាត់។ គម្រោងនេះ ត្រូវអនុវត្តដោយក្រុមហ៊ុន ហាយដ្រូ ផៅវើ ឡូវើ សេសានធូ (HYDRO POWER LOWER SESAN 2) ដែលជាក្រុមហ៊ុនចម្រុះរវាងក្រុមហ៊ុនក្នុងស្រុក ជាមួយក្រុមហ៊ុនមកពីប្រទេសវៀតណាម និងក្រុមហ៊ុនអគ្គិសនីដ៏ធំមកពីប្រទេសចិន ក្នុងគម្រោងទឹកប្រាក់សាងសង់ជាង ៧៨១លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
