សារ​របស់ Obama ទៅ​កាន់​ពិភពលោក​ក្រោយ​ការឈ្នះ​ឆ្នោត

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ដឹង​លទ្ធផល​ថា លោក​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី លោក Barack Obama បាន​ពោល​សម្តែង​អំពី​ជំហរ​របស់​លោក​ទៅ​កាន់​ពិភពលោក។

លោក Barack Obama បាន​ថ្លែង​ថា ៖ «ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ហែក​កម្ទេច​ពិភពលោក យើង​នឹង​យក​ឈ្នះ​លើ​អ្នក។ ចំពោះ​អ្នក​ដែល​ស្វែងរក​សន្តិភាព​និង​សន្តិសុខ​ជូន​ពិភពលោក​វិញ​នោះ យើង​នឹង​គាំទ្រ​អ្នក»។

លោក Barack Obama បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ឆ្នោត​ដ៏​លើសលុប​លើ​គូប្រជែង​របស់​លោក គឺ​លោក John MacCain ពី​គណបក្ស​សាធារណរដ្ឋ​កាលពី​យប់​ថ្ងៃ​អង្គារ។ នេះ​ជា​លើក​ដំបូង​បំផុត​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ជាង​២០០​ឆ្នាំ​នៃ​កាបោះឆ្នោត​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ប្រធានាធិបតី​មាន​ឈាម​ជ័រ​ជា​អាមេរិកាំង​ស្បែក​ខ្មៅ។

សូម​ជម្រាប​ថា លោក Barack Obama មាន​ឪពុក​ជា​ជនជាតិ Kenya ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​និង​មាន​ម្តាយ​ជា​អាមេរិកាំង​ស្បែក​ស។

នៅ​ក្នុង​ឱកាស​ថ្លែង​សុន្ទរក​ថា ជ័យជម្នះ​និង​សម្តែង​អំណរគុណ​ដល់​អ្នក​គាំទ្រ ក៏​ដូច​ជា​ប្រជាជន​អាមេរិកាំង​ទាំង​មូល លោក Barack Obama បាន​មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​អាច​សម្រេច​សុបិន​ឬ​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​ដូច​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ក្នុង​ថ្ងៃ​នេះ​បញ្ជាក់​ជា​ភស្តុតាង។

លោក Barack Obama នឹង​ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៤ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ដើម​ឆ្នាំ​២០០៩​ខាង​មុខ​នេះ។ លោក​បាន​ឲ្យ​ដឹង​ថា កិច្ចការ​ដំបូង​បំផុត​របស់​លោក​ជា​ប្រធានាធិបតី គឺ​ការចេញ​បញ្ជា​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ។

នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​គាំទ្រ លោក Barack Obama ក៏​បាន​សន្យា​ចំពោះ​ម្ចាស់​ឆ្នោត​ដែរ​ថា លោក​នឹង​ដក​កងទ័ព​អាមេរិកាំង​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ឲ្យ​អស់​នៅ​ក្នុង​រយៈពេល​១៦​ខែ។

នៅ​ប្រទេស Kenya ឯ​ណោះ​វិញ ប្រធានាធិបតី Kenya បាន​ចេញ​សេចក្តី​ប្រកាស​ឲ្យ​មាន​ការឈប់​សម្រាក​ពី​ការងារ​មួយ​ថ្ងៃ​ដើម្បី​អបអរ​សាទរ​ជ័យជម្នះ​របស់​លោក Barack Obama ដែល​មាន​ឈាម​ជ័រ​ជា​ជនជាតិ Kenya។

ចំណែក​មេ​ដឹកនាំ​ប្រទេស​និង​អ្នក​នយោបាយ​នានា​ជុំវិញ​ពិភពលោក​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ក៏​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ជ័យជម្នះ​របស់​លោក Barack Obama ប្រធានាធិបតី​ថ្មី ពី​គណបក្ស​ប្រជាធិបតេយ្យ​នេះ​ផងដែរ បន្ទាប់ពី​លោក​ប្រធានាធិបតី George Bush នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​ដឹកនាំ​ប្រទេស​អស់​រយៈកាល​ពីរ​អាណត្តិ ឬ​៨​ឆ្នាំ​កន្លង​មក​នេះ។

គួរ​រំឮក​ថា ដោយសារ​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហា​អំណាច​មួយ​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​យោធា ព្រម​ទាំង​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ផង​នោះ ទំនោរ​នយោបាយ​ក្រៅ​ប្រទេស​ក៏​ដូច​ជា​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លូន​របស់​ប្រធានាធិបតី​នីមួយៗ ក៏​មាន​សារសំខាន់​ណាស់​ខ្លាំង​ណាស់​ដែរ​សម្រាប់​ប្រទេស​ផង​ទាំងឡាយ​នៅ​លើ​ពិភពលោក​នេះ៕