មានប្រសាសន៍ក្នុងពិធីហែក្បួនព្យុហយាត្រានៅក្រុងភ្នំពេញ នាឱកាសខួបរំឭកបុណ្យឯករាជ្យជាតិនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានលើកឡើងចំទៅដល់ទំនាស់ព្រំដែនទេ ក៏ប៉ុន្តែលោកសន្យាថានឹងជំរុញទៅមុខដោយមានការកែទម្រង់កងទ័ពផង ដើម្បីធានាឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងផ្នែកការពារទឹកដីម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «នៅក្នុងនីតិកាលទី៤នេះនឹងបន្តជំរុញអនុវត្តយ៉ាងសកម្មនូវកម្មវិធីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធដើម្បីធានាបាននូវកិច្ចការពារប្រកបដោយប្រសិទ្ធភាពខ្ពស់នូវអធិបតេយ្យនិងបូរណភាពទឹកដី សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមនៃព្រះរាជាណាចក្រកម្ពុជាក្នុងនោះអទិភាពចម្បងនឹងត្រូវផ្តោតលើការបន្តពង្រឹងកងកម្លាំងប្រដាប់អាវុធឲ្យក្លាយទៅជាកងកម្លាំងមានវិជ្ជាជីវៈជំនាញមានសមត្ថភាពក្នុងការបន្តវេន មានបច្ចេកវិជ្ជានិងសម្ភារៈសមស្រប គោរពប្រតិបត្តិច្បាប់ម៉ឺងម៉ាត់ គោរពសិទ្ធិមនុស្ស មានទឹកចិត្តស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីនិងឧត្ដមប្រយោជន៍ជាតិនិងប្រជាជន»។
ទាក់ទងនឹងការពង្រឹងវិស័យកងទ័ពរដ្ឋសភាគ្រោងនឹងអនុម័តថវិកាជាតិចំនួន២០០០លានដុល្លារអាមេរិកក្នុងនោះមាន៥០០លានដុល្លារសម្រាប់ចំណាយលើវិស័យយោធា។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីខាងលើនេះធ្វើឡើងក្នុងពេលដែលមានការប្រឈមផ្នែកយោធារវាងកម្ពុជានិងថៃនៅតំបន់ក្បែរប្រាសាទព្រះវិហារ ហើយដែលកាលពីខែមុនមានការផ្ទុះអាវុធបណ្តាលឲ្យមានការបារម្ភអំពីសង្គ្រាមនៅព្រំដែននោះផង៕
