គំនិតរកថវិកាដែលនឹងមានទឹកប្រាក់ចំនួន៨០ពាន់លានដុល្លារអាមេរិកដើម្បីជួយទ្រទ្រង់ផ្នែកសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់ឲ្យមានលំនឹងគឺនៅក្រោយពេលដែលស្ថានភាពដំណើរការសេដ្ឋកិច្ចរបស់ប្រទេសធំៗខ្លះ ដូចជាសហរដ្ឋអាមេរិកជាដើម បានឈានទៅរកឱនភាព។
គំនិតផ្តួចផ្តើមនោះបានលើកឡើងនៅក្នុងកិច្ចប្រជុំនៃបណ្តាប្រទេសអាស៊ានបូកបី ដែលរួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងចូលរួម នៅទីក្រុងប៉េកាំង កាលពីខែមុន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងប្រសាសន៍កាលពីថ្ងៃទី២១ វិច្ឆិកា នៅក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៤ នៅក្រុងភ្នំពេញ បានថ្លែងថា នៅក្នុងកិច្ចប្រជុំប្រទេសអាស៊ានលើកទី១៤ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែត្រឈៀងម៉ៃ ប្រទេសថៃ នាខែធ្នូខាងមុខនេះ ប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយប្រទេសជាដៃគូពិភាក្សាចំនួនបីដដែល នឹងពិភាក្សាអំពីគម្រោងបង្កើតមូលនិធិដ៏ធំនោះ។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ៖ «ប្រជុំអាស៊ាននៅពេលខាងមុខនេះអាស៊ានបូកបីកំពុងតែរកលុយធ្វើម៉េចសម្រេចឲ្យបានគំនិតផ្ដួចផ្ដើមឈៀងម៉ៃក្នុងទំហំទឹកប្រាក់៨០ពាន់លាន ដែលក្នុង៨០ពាន់លានហ្នុង ប្រទេសបូកបីចេញ៨០% ឯអាស៊ានដប់ចេញ២០%។ ឯកឧត្ដម គាត ឈន់ បានស្នើជម្រើសទៅហើយ ខ្ញុំឲ្យជូនជម្រើសទៅហើយ ហើយកម្ពុជាត្រៀមបម្រុងខ្លួនដើម្បីនឹងចេញទុនបម្រុងរបស់ខ្លួនក្នុងរង្វង់ទឹកប្រាក់៥ទៅ១០%នៃទុនបម្រុងដើម្បីចូលរួមនៅក្នុង... ដើម្បីឲ្យវាបានទំហំលុយស្នើនឹង៨០ពាន់លានសម្រាប់ទ្រទ្រង់កម្មវិធីរបស់យើងនេះ ព្រោះបើយើងពឹងផ្អែកចេញពី IMF ធនាគារពិភពលោកមកប្រហែលជាវាមិនគ្រប់ទេ ហើយធនាគារអភិវឌ្ឍន៍អាស៊ីក៏មិនគ្រប់ដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៀតថា មន្ត្រីក្រសួងហិរញ្ញវត្ថុខ្មែរកំពុងតែធ្វើកិច្ចការនេះយ៉ាងសកម្មដើម្បីឲ្យទាន់មុនកិច្ចប្រជុំនៅខេត្តឈៀងម៉ៃ ប្រទេសថៃ នាខែក្រោយនេះ៕