ហ៊ុន សែន៖ រដ្ឋាភិបាល​ថ្មី​នឹង​មិន​មាន​ការចូលរួម​ពី​បក្ស​"រណឫទ្ធិ"​ទេ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​នឹង​មិន​មាន​ការចូលរួម​ពី​គណបក្ស នរោត្តម រណឫទិ្ធ នោះ​ទេ។

0:00 / 0:00

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ពិធី​ប្រគល់​ជ័យលាភី​អាហារូបករណ៍​ដល់​និសិ្សត​នា​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចម្រុះ​នា​ពេល​បច្ចុប្បន្ន​នេះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​មាន​ចំនួន​គណៈរដ្ឋមន្រ្តី​ច្រើន​ទៅ​ហើយ ដូច្នេះ​វា​ពិបាក​នឹង​ទទួល​យក​គណបក្ស​ផ្សេង​ទៀត​មក​ចូលរួម។

លោក​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ៖ «សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​នេះ​គឺ​មាន​តែ​គណបក្ស​ប្រជាជន​និង​ហ៊្វុនស៊ិនប៉ិច​ប៉ុណ្ណោះ គ្មាន​អ្នក​ផ្សេង​ទេ។ អ៊ីចឹង​អ្នក​ដែល​ត្រៀម​ធ្វើ​រដ្ឋលេខាធិការ ត្រៀម​ធ្វើ​អនុ​ខេត្ត អនុ​ស្រុក​អី​នេះ បើ​ថា​ចាញ់បោក​គេ ទៅ​តាម​ទារ​លុយ​មក​វិញ​មក ព្រោះ​ខ្ញុំ​បារម្ភ​ណាស់​អា​ហ្នឹង បារម្ភ​ជួស​តែម្ដង ព្រោះ​គេ​ត្រៀម​ណាស់ ថា​នឹង​បាន​រដ្ឋលេខាធិការ​មួយ​ក្រសួង​មួយ អនុ​រដ្ឋលេខាធិការ​មួយ​ក្រសួង​មួយ ខេត្ត​អាច​មួយ​និង​ពីរ គណបក្ស នរោត្ដម រណឫទ្ធិ មាន​មនុស្ស​ធ្វើ​អា​រឿង​ហ្នឹង។ អ៊ីចឹង​ខ្ញុំ​និយាយ​កាត់​មុន​តែម្ដង មិន​ចង់​ឲ្យ​មាន​នរណា​មួយ Lobby (បញ្ចុះ​បញ្ចូល) អ៊ីចេះ Lobby អ៊ីចុះ។ មេ​របស់​មេ​វា​នៅ​ឯ​ណេះ»

មន្រ្តី​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​គណបក្ស​មិន​ដែល​មាន​ការចរចា​ដើម្បី​ចូលរួម​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នោះ​ឡើយ។

លោក ស៊ុត ឌីណា អគ្គលេខាធិការ​រង​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ​បាន​មាន​ប្រសាសន៍​ថា ការចរចា​កន្លង​មក​គឺ​មាន​តែ​រឿង​ការយាង​ត្រឡប់​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ តែ​ប៉ុណ្ណោះ។

លោក ស៊ុត ឌីណា បាន​ឲ្យ​ដឹង​ថា ៖ «កន្លង​មក​យើង​អត់​ទាន់​មាន​ការចរចា​រឿង​រដ្ឋាភិបាល​ទេ ការចរចា​មាន​ត្រឹមតែ​ហៅ​ថា ការរក​ដំណោះស្រាយ​ក្នុង​ការលើកលែង​ទោស​និង​យាង​ព្រះអង្គ​បាន​ចូល​ប្រទេស​វិញ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ស៊ុត ឌីណា ក៏​បាន​បញ្ជាក់​ថា ការប្រកាស​របស់​លោក ហ៊ុន សែន ស្តីពី​មន្រ្តី​ខិលខូច​នោះ​គឺ​ជា​រឿង​ល្អ​សម្រាប់​គណបក្ស​នេះ។

លោក ស៊ុត ឌីណា បាន​បញ្ជាក់​ថា ៖ «យល់​ថា ប្រសិនបើ​ក្រុម​ហ្នឹង​មាន​មែន គឺ​ថា​នេះ​គឺ​ជា​សារ​មួយ ជា​វិធានការ​មួយ​ដែល​ល្អ​សម្រាប់​គណបក្ស​រណឫទ្ធិ កុំ​ឲ្យ​មាន​អ្នក​ធ្វើ​អ៊ីចឹង​ត​ទៅ​ទៀត។ ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស យើង​មិន​ទាន់​មាន​ការពិភាក្សា​ផ្លូវការ​ណា​មួយ​ពី​រឿង​រៀបចំ​អ្នក​នេះ​ធ្វើ​អី អ្នក​នោះ​ធ្វើ​អី ឬ​ចូល​រដ្ឋាភិបាល គឺ​អត់​ទាន់​មាន​ទេ»

គួរ​បញ្ជាក់​ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទិ្ធ ដែល​ទើប​នឹង​យាង​ត្រឡប់​ចូល​មក​ប្រទេស​វិញ​កាលពី​ចុង​ខែ​កញ្ញា​កន្លង​មក ក្រោយ​ពេល​ដែល​មាន​ការត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយសារតែ​គណបក្ស​របស់​ព្រះអង្គ​បាន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​បាន​ទទួល​ជ័យជម្នះ​លើសលុប​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។

នៅ​ពេល​នេះ​រដ្ឋាភិបាល​ចម្រុះ​ថ្មី​អាណត្តិ​ទី​៤ មាន​សមាជិក​ជាង​២០០​នាក់ ដែល​គណៈរដ្ឋមន្រ្តី​នេះ​បាន​កាន់កាប់​ស្ទើរតែ​ទាំងស្រុង​ដោយ​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ការចូលរួម​តិចតួច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​អ្នក​ប្រឆាំង​រិះគន់​ថា ជា​គណៈរដ្ឋមន្ត្រី​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ការចំណាយ​ថវិកា​ជាតិ ហើយ​នឹង​អាច​មាន​ការកើនឡើង​នៃ​អំពើ​ពុករលួយ​ផងដែរ៕