សូមជម្រាបថា យោងតាមច្បាប់កម្ពុជាការនិយាយណាដែលប៉ះពាល់ដល់ការសម្ងាត់កងទ័ពនិងប៉ះពាល់កត្តាសន្តិសុខជាតិត្រូវគេហាមឃាត់។
ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីដែលបានធ្វើនៅក្នុងសុន្ទរកថាមួយឯវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ គឺនៅបន្ទាប់ពីមានសេចក្តីរាយការណ៍បើកចំហខ្លះដែលលោកថា មានការចោទរដ្ឋាភិបាលអំពីការចាប់មនុស្សធ្វើទាហានបញ្ជូនទៅព្រំដែនខ្មែរថៃ និងកត្តាប៉ះពាល់សន្តិសុខជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «បញ្ហាយោធាសុំកុំឲ្យនិយាយច្រើនពេក ហើយលោកមួយនោះគាត់ចូលចិត្តណាស់ គាត់ថាទាហានពិតប្រាកដមានតែ៤ម៉ឺនទេ។ បើលោកចង់និយាយអី លោកហៅរដ្ឋមន្រ្តីការពារជាតិទៅនិយាយភ្លាម លោកអត់អាចនិយាយបែបហ្នឹងបានទេ។ នេះចេះរដ្ឋមន្រ្តីការពារជាតិមិនឆ្លើយតប ឬអគ្គបញ្ជាការកងទ័ពមិនឆ្លើយតប ចុះបើសិនជាគាត់ឆ្លើយតប ធ្លាយតែមួយម៉ាត់ទៅ ថាកងទ័ពរាល់ថ្ងៃមានប៉ុណ្ណេះតណ្ដប់ម៉ឺន បូកនឹងកម្លាំងនេះប៉ុណ្ណេះម៉ឺន អានោះប៉ុណ្ណោះម៉ឺនទៀត វាមិនធ្លាយអាថ៌កំបាំងកងទ័ព។ ហើយបើនៅស្ងៀមពួកអ្នកខាងក្រៅគេចាត់ទុកថាកម្លាំងពួកអាហ្នឹងខ្សោយគិតវ៉ៃលុក។ រឿងបញ្ហានេះ មិនមែនសេរី ឥឡូវទៅសួរអាមេរិកាំងមើល សួរថាអាមេរិកាំងមានកងទ័ពប៉ុន្មាន? អាមេរិកាំងដែលជាប្រទេសគេហៅថា តម្លាភាពបំផុត អាមេរិកាំងគេប្រាប់ទេ? ស្អីនៅឯណា? កន្លែងមូលដ្ឋាននៅត្រង់ណាអីត្រង់ណា ទ័ពប៉ុន្មានគេប្រាប់ទេ? យើងកុំគេហៅថា ឈានទៅដល់សេរី សេរីហួស សេរីដល់ទៅខូចសន្តិសុខទៀត អាហ្នឹងគ្រោះថ្នាក់ទៅវិញ»។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បដិសេធចំពោះការនិយាយដែលលោកបានលើកឡើងថា មានការរិះគន់អំពីការចាប់មនុស្សធ្វើទាហាន។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ៖ «មានព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងព្រំដែនកម្ពុជាថៃ មានមនុស្សមួយចំនួនគិតថា រាជរដ្ឋាភិបាលនឹងចាប់ទាហានយកទៅច្បាំង ទាហានច្បាំងមិនទាំងអស់ផង វាត្រូវការអីទៅចាប់កូនសិស្សយកទៅច្បាំង? នេះជាបញ្ហា។ ហើយលើកអ៊ីចេះ លើកអ៊ីចុះ វាច្រើនរឿងណាស់។ ណាស់ហើយអាហ្នឹងសង្គមប្រជាធិបតេយ្យ ប៉ុន្តែគ្រាន់តែថា បញ្ហាយោធាសុំកុំឲ្យនិយាយច្រើនពេក»៕
