លោក ហ៊ុន សែន មានប្រសាសន៍បន្តថាជំហររាជរដ្ឋាភិបាលខ្មែរនៅតែចង់ឲ្យមានការដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃដោយសន្តិវិធី ហើយថាប្រទេសទាំងពីរត្រូវពង្រឹងពង្រីកមិត្តភាពនិងសហប្រតិបត្តិការបន្ថែមទៀត ។
នៅទន្ទឹមនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងរិះគន់ចំពោះខិត្តប័ណ្ណដែលបានចែកចាយកាលពីពេលថ្មីៗនេះ អំពាវនាវសុំឲ្យប្រជាពលរដ្ឋខ្មែរឈប់នាំទំនិញថៃចូលមកកម្ពុជានិងឈប់ទិញទំនិញទាំងនោះយកមកប្រើប្រាស់ ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់ទាហានថៃ រំលោភចូលបូរណភាពទឹកដីកម្ពុជានៅវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ និងនៅប្រាសាទតាមាន់ធំក្នុងខេត្តឧត្តរមានជ័យ ។
លោកថាគ្រាន់តែបញ្ហាជម្លោះព្រំដែនគេមិនគួរធ្វើឲ្យប្រទេសទាំងពីរក្លាយទៅជាសត្រូវជាមួយគ្នា នៅរាល់គ្រប់បញ្ហាទាំងអស់នោះទេ ៕
