នាយករដ្ឋមន្ត្រី​ស្នើ​សុំ​ឲ្យ​មាន​សន្តិសុខ​ក្នុង​អំឡុង​ពេល​បោះឆ្នោត

2008-05-17

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រសួង​មហាផ្ទៃ និង​នគរបាល​ជាតិ ឲ្យ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ និង​គ្មាន​ការ​គំរាមកំហែង​ក្នុង​អំឡុង​ពេល​បោះឆ្នោត ។

AFP Photo

លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​១ មេសា ២០០៧ ។

លោក​នាយករដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ដូច្នេះ ក្នុង​ឱកាស​សម្ពោធ​អគារ​ថ្មី​នៃ​អគ្គបញ្ជាការដ្ឋាន​នគរបាល​ជាតិ និង​ទិវា​ខួប​លើក​ទី​៦៣ នៃ​កំណើត​របស់​នគរបាល​ជាតិ ។

អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​គឺ​បាន​ធ្វើ​ឡើង ក្នុង​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ។

លោក​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ៖ «របៀប​រៀប​រយ​សង្គម​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត​ដើម្បី​បង្ក​ឲ្យ​មាន​បរិយាកាស សន្តិសុខ​ស្ងប់​ស្ងៀម គ្មាន​ការ​បំភិតបំភ័យ ការ​គំរាម​កំហែង ដើម្បី​ផ្ដល់​ភាព​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​បរិយាកាស​ល្អ​ប្រសើរ ដល់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​រដ្ឋសភា នីតិកាល​ទី​៤ ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​មាន​សុវត្ថិភាព»

ទន្ទឹម​គ្នា​នេះ​ដែរ អគ្គបញ្ជាការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី បាន​លើក​ឡើង​ថា នគរបាល​ជាតិ​នឹង​ធានា​នូវ​ភាព​ស្ងប់ស្ងាត់ សុវត្ថិភាព និង​គ្មាន​ការ​គំរាមកំហែង​ក្នុង​អំឡុងពេល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ ។

អនុ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក កែវ រ៉េមី បាន​ស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប៉ុន្តែ​ទោះជាយ៉ាងណា លោក​បាន​មាន​ប្រសាសន៍​ផងដែរ​ថា​បើទោះបី​ជា​មាន​ការ​លើក​ឡើង​ដូច្នោះ​ក៏ដោយ ការ​គំរាម​កំហែង​ចំពោះ​សកម្មជន​គណបក្ស​នយោបាយ​គឺ​នៅតែ​កើត​មាន​ឡើង ។

លោក កែវ រ៉េមី បាន​ឲ្យ​ដឹង​ថា ៖ «ក៏​ប៉ុន្តែ​យើង​ចោទ​សួរ​ទៅ​វិញ​ថា ចុះ​បើ​សិន​ជា​នៅ​តែ​មាន​បុគ្គល​មក​គំរាម​កំហែង បំភិតបំភ័យ ហើយ​បំពាន​ទៅ​លើ​ការ​ណែ​នាំ បំពាន​ទៅ​លើ​ច្បាប់​ទម្លាប់​នេះ ថា​តើ​មាន​វិធានការ​អី​ចំពោះ​មន្រ្តី​នៅ​មូលដ្ឋាន​ហ្នឹង?»

អគ្គលេខាធិការ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក រស យឿន ក៏​បាន​ស្វាគមន៍​ដល់​អនុសាសន៍​របស់​នាយករដ្ឋមន្ត្រី​ផងដែរ ៖ «យើង​ខ្ញុំ​ថា បើ​សុវត្ថិភាព​ល្អ ការ​ប្រព្រឹត្ត​ទៅ​នូវ​ការ​បោះ​ឆ្នោត ក៏​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ និង​មាន​ប្រជាធិបតេយ្យ សេរីភាព​បរិបូរណ៍​ចំពោះ​ពលរដ្ឋ​យើង ប្រជាជន​យើង​ទាំង​អស់​គ្នា»

នាយកប្រតិបត្តិ​អង្គការ​និកហ្វិច លោកបណ្ឌិត ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​ថា សេចក្ដី​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​ដល់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ឲ្យ​ប្រតិបត្តិ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ។

លោកបណ្ឌិត ហង្ស ពុទ្ធា ក៏​បាន​បន្ថែម​ទៀត​ថា តាម​ការ​សង្កេត​របស់​លោក​ស្ថានភាព​នៃ​ការ​បោះឆ្នោត​ក្នុង​អាណត្តិ​ទី​៤​នេះ គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការ​បោះឆ្នោត​នា​អាណត្តិ​មុនៗ ។ ទោះជា​យ៉ាងណា​លោក​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​ការ​បោះឆ្នោត​នា​អាណត្តិ​នេះ អាច​នឹង​មាន​គណបក្ស​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត ដែល​គណបក្ស​នោះ​យល់​ថា មិន​បាន​គាំទ្រ​ខ្លួន​ដើម្បី​កុំ​ឲ្យ​ទៅ​បោះឆ្នោត ។

លោកបណ្ឌិត ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​ថា ៖ «ទិញ​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ។ ឧទាហរណ៍​ដឹង​ថា​អ្នក​ហ្នុង​ឯង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ខ្លួន ខ្លួន​ប្រើ​វិធី​ទិញ​កុំ​ឲ្យ​អ្នក​ឯង​ទៅ​បោះ​ឆ្នោត បាន​ន័យ​ថា​ក្រោម​ម៉ោង ៣ បង្ហាញ​ថា ដៃ​របស់​ខ្លួន​អត់​មាន​ជ្រលក់​ទឹក​ថ្នាំ​ទេ គេ​នឹង​ឲ្យ​លុយ តែ​បោះ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​ទេ ។ អ៊ីចឹង​ជា​វិធីសាស្រ្ត​ថ្មី​១ ដែល​អាច​នឹង​កើត​មាន​ឡើង»

គួរ​ជម្រាប​ថា លោក​នាយករដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ជា​ញឹកញាប់ ស្នើ​ឲ្យ​ការ​បោះឆ្នោត​មាន​តម្លាភាព ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ និង​គ្មាន​ការ​គំរាម​កំហែង ក៏ប៉ុន្តែ​ការ​គំរាម​កំហែង​ចេះតែ​កើត​មាន​ឡើង​ជា​ហូរហែ​ក្នុង​អំឡុងពេល​បោះ​ឆ្នោត​ម្ដងៗ ៕

អត្ថបទ​ដែល​ទាក់ទង

សកម្មជន​បក្ស​សមរង្ស៊ី​នៅ​ខែត្រ​កំពង់ចាម​រង​ការគំរាម​សម្លាប់

បក្ស​សមរង្ស៊ី​និង​បក្ស​ប្រជាជន​បដិសេធ​ការសម្រប​សម្រួល​របស់ PEC

បក្ស​នយោបាយ​លើក​ពី​បញ្ហា​នៅ​ក្នុង​ការឃោសនា​រក​សំឡេង​ឆ្នោត

អាជ្ញាធរ​ក្រុងភ្នំពេញ​រារាំង​ការឃោសនា​របស់​បក្ស​ខ្មែរ​ឈប់​ក្រ

មន្ត្រី​បក្ស​ប្រជាជន​ម្នាក់​នៅ​កំពត​ត្រូវ​គេ​បង្គាប់​ឲ្យ​បង់​ប្រាក់​ជំងឺ​ចិត្ត​៥​សែន​រៀល

តំណាង​បក្ស​ប្រជាជន​នៅ​ក្រចេះ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រធាន​បក្ស​ប្រឆាំង

ដូន​ជី​និង​អាចារ្យ​ចោទ​ចៅអធិការ​ថា​រើសអើង​និន្នាការ​បក្ស​នយោបាយ

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ស៊ើបអង្កេត​ករណី​រថយន្ត​បក្ស​"រណឫទ្ធិ"​រង​គ្រោះ​បែក​កញ្ចក់

សមាជិក​បក្ស​ប្រជាជន​នៅ​ឃុំ​កោះព្រះ​ខេត្ត​ស្ទឹងត្រែង​ចុះចូល​ជាមួយ​បក្ស​សម​រង្ស៊ី

អាជ្ញាធរ​ខេត្ត​បាត់ដំបង​បដិសេធ​សំណើ​៤​ក្នុង​ចំណោម​៥​របស់​បក្ស​សមរង្ស៊ី