មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងប្រជារាស្ត្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានថ្លែងពីនយោបាយរដ្ឋាភិបាលរបស់លោកដែលនឹងអាចទប់ស្កាត់អំពើពុករលួយនោះយ៉ាងណាទេ ប៉ុន្តែបានបញ្ជាក់ថា ការប្រើកម្លាំងរឹបអូសទ្រព្យសម្បត្តិពីជនពុករលួយនឹងអាចធ្វើឲ្យមានវិបត្តិ ។
លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ៖ «អ្នកពុករលួយវាដាក់អន្ទាក់ ប្រាប់ថា ខ្ញុំពុករលួយមានលុយ១០០លាន ...ហើយទៅរឹបអូស រឹបអូសចុះរឹបអូសឡើង ធ្វើម៉េចទៅ ? គេសុខចិត្ត ? ហើយអ៊ីចឹងសង្គ្រាមវាមិនផ្ទុះ! អារឹបអូសហ្នឹង ។ អាពួកនេះរឹបអូសម្ដង រឹបអូសយូរៗទៅ តាំងពីអាអ្នកមានធ្លាក់ដល់អាអ្នកក្រ ទាំងអស់តែគ្នាហ្នឹង ទៅរលាយខ្ទេចទាំងអស់ ៣លាននាក់ជាង កុំលេងឲ្យសោះ» ។
ប្រតិកម្មនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា នេះជាការបង្ហាញពីការខ្វះសុឆន្ទៈក្នុងការប្រឆាំងអំពើពុករលួយរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដោយហេតុថា ការប្រឆាំងអំពើពុករលួយ គឺគេអាចធ្វើជាមួយនឹងច្បាប់ដោយសន្តិវិធី ។
លោក កឹម សុខា បានបញ្ជាក់ថា ៖ «ឲ្យតែអ្នកដឹកនាំមានឆន្ទៈ ហើយយកនីតិរដ្ឋជាធំ ជាពិសេសយើងអនុម័តឲ្យមានច្បាប់សិន ហើយយើងទាំងអស់គ្នានៅក្រោមច្បាប់ទៅ ហើយយើងដោះស្រាយទៅតាមច្បាប់ដោយសន្តិវិធី យើងកុំឲ្យមានការសងសឹក ។ អ៊ីចឹងអត់មានអីសង្គ្រាមទេ ព្រោះអ្នកដែលគេមានលុយហើយ ក៏គេចង់បានលុយគេដែលស្របច្បាប់ដែរ» ។
រីឯលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក្នុងសភាវិញ ក៏បានសម្តែងប្រតិកម្មដូច្នេះដែរថា ៖ «ច្បាប់ដែលមិនទាន់មាន ដូចជាច្បាប់ប្រឆាំងអំពើពុករលួយ យើងឲ្យរដ្ឋសភាអនុម័តច្បាប់ហ្នឹងទៅ ហើយយើងយកច្បាប់ហ្នឹង យកមកអនុវត្តឲ្យបានពេញលេញ ។ ដល់យើងអនុវត្តឲ្យបានពេញលេញទៅ គឺថាអំពើពុករលួយវាត្រូវតែថយចុះហើយ» ។
លោក ធន សារាយ ប្រធានអង្គការអាដហុក បានមានប្រសាសន៍ថា ការគ្រប់គ្រងរដ្ឋពិតជាមានការលំបាកមែន ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានសុឆន្ទៈពិតប្រាកដដើម្បីបំបាត់គម្លាតនៃជីវភាពរស់នៅដែលកើតមានឡើងអំពីអំពើទុច្ចរិតទាំងឡាយ ។
លោក ធន សារាយ បានមានប្រសាសន៍ថា ៖ «ជារឿងមួយមិនដូចរបបខ្មែរក្រហមទេ ។ របបខ្មែរក្រហម គឺគាត់រឹបអូសយកតែម្ដងទ្រព្យសម្បត្តិគេ អាហ្នឹងខុស ។ ប៉ុន្តែក្នុងរឿងដែលគ្រប់គ្រងទីផ្សារសេរី គឺរដ្ឋហ្នឹងត្រូវមានតួនាទីមួយ គឺថាកុំឲ្យមានចំណូលណាដែលមិនស្របច្បាប់ ដូចថាបានមកដោយលួចថវិកាជាតិ បានមកដោយជំនួញខុសច្បាប់នានា ដូចជាជួញដូរស្ត្រី ជួញដូរអាភៀន បានមកពីការស៊ីសំណូកអីហ្នឹង អាហ្នឹងហើយដែលរដ្ឋត្រូវធ្វើ» ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា មានអំពើពុករលួយកម្រិតខ្ពស់មួយក្នុងចំណោមប្រទេសដែលមានវិបត្តិអំពើពុករលួយនានាលើពិភពលោក ដែលបញ្ហានេះបណ្តាលឲ្យមានភាពក្រីក្រ ភាពអយុត្តិធម៌ក្នុងសង្គម ។
កាលពីពេលថ្មីៗនេះក្រុមអង្គការក្រៅរដ្ឋាភិបាល បាននាំយកស្នាមមេដៃរបស់ប្រជារាស្ត្រខ្មែររាប់លាននាក់ ដែលបានធ្វើនៅក្នុងញ្ញត្តិមួយ ដាក់ជូនរដ្ឋសភានិងរដ្ឋាភិបាល ដើម្បីជំរុញឲ្យឆាប់ចេញច្បាប់ប្រឆាំងនឹងអំពើពុករលួយ ដែលគេបានដឹងជាទូទៅថា បានជាប់គាំងអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ៕
