ក្រុង​ភ្នំពេញ​អាច​នឹង​មាន​អគ្គិសនី​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០០៩

ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ បើ​តាម​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ឋាមពល បាន​ឲ្យ​ដឹង​ថា​អាច​នឹង​មាន​គ្រប់គ្រាន់​ចាប់​ពី​ឆ្នាំ​២០០៩​ត​ទៅ ហើយ​តម្លៃ​អគ្គិសនី​នា​ពេល​នោះ នឹង​អាច​ចុះ​មក​នៅ​កម្រិត​ប្រមាណ​៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ។

លោក អ៊ិត ប្រាង រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ឋាមពល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ពុធ​នេះ​បន្ថែម​យ៉ាង​ដូច្នេះ​ថា ៖ «កន្លែង​ណា​ដែល​មាន​បណ្ដាញ​ត​ទៅ​ហ្នឹង​វា​លែង​ខ្វះ​ហើយ ។ មែន​ទែន​ចាប់​ពី​ឆ្នាំ​២០០៩ ដែល​មាន​ការត​ភ្ជាប់​ជាមួយ​វៀតណាម​ហើយ​ហ្នឹង ភ្នំពេញ​យើង​លែង​ខ្វះ​ហើយ លែង​ខ្វះ​ហើយ​ពីព្រោះ​វៀតណាម​អាច​បញ្ជូន​ឲ្យ​យើង​២០០​មេហ្គាវ៉ាត់ ។ អាហ្នឹង​ថ្លៃ​វា​អាច​ចុះ​មក​នៅ​ខ្ទង់​ប្រហែល​១២​សេន (ដុល្លារ) គិត​ទៅ​វា​៤៨០ ខ្ទង់​៥០០​រៀល​អី​ហ្នឹង ថ្លៃ​វា​ចុះ​មក​ដល់​ប៉ុណ្ណឹង​នៅ​លើ​បណ្ដាញ ហើយ​អា​ហ្នឹង​វា​ត្រូវ​បូក​បន្ថែម​នូវ​បណ្ដាញ​ចែកចាយ​ទៀត​ទៅ ថែម​១​សេន ឬ​ក៏​២​សេន​ទៀត​ទៅ​តាម​កន្លែង តាម​តំបន់​ជិត​ឆ្ងាយ ជាក់ស្ដែង​ទៅ​តាម​ទីតាំង​កន្លែង​នីមួយៗ» ។

លោក អ៊ិត ប្រាង មាន​ប្រសាសន៍​បន្ត​ថា​កម្ពុជា​អាច​នឹង​មាន​អគ្គិសនី​គ្រប់គ្រាន់​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ឆ្នាំ​២០១៧ ។ បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុងតែ​បន្ត​រៀបចំ​បណ្តាញ​ភ្ជាប់​ចរន្ត​ពី​ប្រទេស​វៀតណាម សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស និង​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា គឺ​ភ្ជាប់​ចរន្ត​អគ្គិសនី​ពី​ប្រទេស​លាវ ។

ចំណែក​ខាង​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​គឺ​បញ្ជូន​ចរន្ត​ផ្គត់ផ្គង់​ពី​ទីក្រុង​ភ្នំពេញ ហើយ​និង​រៀបចំ​កសាង​រោងចក្រ​អគ្គិសនី​នៅ​ខេត្ត​កោះកុង ដើម្បី​បន្ថែម​ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​ដល់​ពលរដ្ឋ​នៅ​ទី​នោះ ។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​បច្ចុប្បន្ន​នេះ​តម្លៃ​អគ្គិសនី​នៅ​តំបន់​ខ្លះ​នៃ​ប្រទេស​កម្ពុជា គឺ​មាន​តម្លៃ​រហូត​ដល់​៤០០០​រៀល ឬ​ស្មើ​នឹង​មួយ​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ៕