ការចងសម្ព័ន្ធគ្នានេះ ដើម្បីសិក្សារៀនសូត្រអំពីបទពិសោធន៍ផ្សេងៗពីគ្នាទៅវិញទៅមក ជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា និងអភិបាលក្រុងបាងកក លោក សុខុមផាន ផារីផាត់ត្រា បានអះអាងដូចៗគ្នាថា កិច្ចព្រមព្រៀងនេះគឺជាឯកសារគោលរឹងមាំមួយ ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងទីក្រុងនៃប្រទេសទាំងពីរ និងទំនាក់ទំនងនៃប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅគ្រាដែលរដ្ឋាភិបាលថ្មីរបស់ថៃ ដឹកនាំដោយអ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Sihawatra) កំពុងតែមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ គឺជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែលជាមិត្តភក្ដិជិតស្និទ្ធជាមួយលោក ហ៊ុន សែន។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា យើងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការរៀបចំទីក្រុងនៅថ្ងៃអនាគត៖ «សាលារាជធានីភ្នំពេញមានផែនការរួចហើយថានឹងសិក្សារៀនសូត្រពីបាងកក អំពីការរីកចម្រើនលូតលាស់របស់បាងកក ហើយនិងការប្រឈមដូចដែលយើងដឹងទាំងអស់គ្នាថា បញ្ហាទឹកជំនន់ បញ្ហាចរាចរណ៍ និងបញ្ហាផ្ទះសម្បែង ដែលយើងត្រូវរៀនសូត្រពីក្រុងបាងកក សម្រាប់អនាគតទីក្រុងយើង។ ទី២ យើងនឹងបង្កលក្ខណៈឲ្យអ្នកវិនិយោគទុនថៃ មកវិនិយោគនៅកម្ពុជា ដែលមានទីស្នាក់ការនៅក្នុងទីក្រុងភ្នំពេញ ហើយយើងសម្របសម្រួលជាមួយទីក្រុងបាងកក ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ដែលគាត់ធ្វើការងារនៅទីក្រុងបាងកក»។
ចំណែកឯអភិបាលក្រុងបាងកក លោក សុខុមផាន ផារីផាត់ត្រា បានមានប្រសាសន៍ថា ចំណងទាក់ទងគ្នាល្អមិនមែនកើតមាននៅក្នុងអាណត្តិដឹកនាំដោយអ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ នេះទេ រដ្ឋាភិបាលថៃ ក្រោយៗទៀតក៏នៅតែរក្សាទំនាក់ទំនងល្អនេះជាដដែល ទោះបីជាគណបក្សប្រជាធិបតេយ្យផ្សេងពីគណបក្សភឺថៃ (Pheu Thai Party) ដឹកនាំរដ្ឋាភិបាលថៃ ក៏ដោយ៖ «ចំពោះទីក្រុងបាងកក មានទន្លេតែមួយទេ ប៉ុន្តែមានប្រឡាយច្រើនណាស់។ ប៉ុន្តែការអនុវត្តតាមដងទន្លេនៅក្នុងទីក្រុងបាងកក គឺមានការលំបាក។ ដូច្នេះហើយ យើងដកស្រង់បទពិសោធន៍ តើគួរធ្វើយ៉ាងណាក្នុងការអភិវឌ្ឍនៅតាមដងទន្លេនេះឲ្យបានល្អប្រសើរ»។
អ្នកវិភាគឯករាជ លោកបណ្ឌិត សុខ ទូច ដែលតែងតែតាមដានស្ថានការណ៍នយោបាយរវាងកម្ពុជា និងថៃ កន្លងមក បានមានប្រសាសន៍ថា ថៃ តែងតែប្រើប្រាស់នយោបាយត្រជាក់មកលើកម្ពុជា ដើម្បីឲ្យអ្នកនយោបាយខ្មែរទន់ចិត្ត៖ «ថៃ អត់ព្រមឈរដោះស្រាយ ដែលអ្វីដែលគេចង់ទេ។ ថៃ បកស្រាយនូវអ្វីដែលជាមិនជាចំណង ហើយមកបង្កើតភាពល្អជាមួយកម្ពុជា ដែលធ្វើកម្ពុជាត្រជាក់ចិត្ត ពីព្រោះគេដឹងហើយថាកម្ពុជា មានជំងឺមួយគឺជំងឺឆាប់ទន់ចិត្ត ឆាប់ភ្លេចអតីតកាល ជាបុព្វហេតុហ្នឹង។ ហើយចំណុចទី២ ចំណងមិត្តភាពអ្នកនយោបាយ វាអាចកើតមានរយៈពេលមួយ ហើយបាត់វិញនៅពេលដែលអ្នកនយោបាយប្រឈមមុខគ្នា អាចងាយស្រួលបំផុត»។
ដោយឡែក ឯកអគ្គរាជទូតថៃ ថ្មី ប្រចាំនៅកម្ពុជា លោក ទូចឆៃយុទ្ធ ភក្ដី (Touchayoot Paki) ដែលមកជួបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ កន្លងទៅនេះបានមានប្រសាសន៍សន្យាថា បេសកកម្មរបស់លោក គឺមកពង្រឹងចំណងទាក់ទងរវាងកម្ពុជា និងថៃ ពីព្រោះប្រទេសទាំងពីរជាប្រទេសជិតខាងគ្នា និងមានវប្បធម៌ ព្រមទាំងការរស់នៅស្រដៀងគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
