មន្ត្រី​សុខាភិបាល​ខែត្រ​ព្រះវិហារ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណី​អាហារ

2008-07-14

មន្ត្រី​សុខាភិបាល​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ចេញ​លិខិត​ណែនាំ​ទៅ​គ្រប់​បណ្ដា​ស្រុក​និង​មណ្ឌល​សុខភាព​ឲ្យ​ប្រុងប្រយ័ត្ន​តាមដាន​ចំពោះ​ចំណី​អាហារ​ដែល​មាន​ជាតិ​ពុល​ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់ ។

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ លោក យឹម សុងកន បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កក្កដា ថា​មន្ទីរ​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​តាម​បណ្តា​ស្រុក​និង​បណ្តាញ​មណ្ឌល​សុខភាព​ទាំង​អស់ ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្ន​ចំណី​អាហារ​ពុល​និង​ការពារ​ជំងឺ​ឆ្លង​ផង ។

លោក យឹម សុងកន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ចេញ​ជា​លិខិត​ណែនាំ​ទៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​គ្រប់​ស្រុក​គ្រប់​មណ្ឌល​សុខភាព គ្រប់​បណ្ដាញ​របស់​យើង​ដើម្បី​តាមដាន​បញ្ហា​ហ្នឹង​គ្រប់​ទាំងអស់​ទាំង​ជំងឺ​ឆ្លងផង»

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា​ការចេញ​សេចក្តី​ណែនាំ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​កុមារ​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​បាន​ពុល​ដោយសារតែ​ញ៉ាំ​ស្ករ​គ្រាប់​មក ។

ទោះ​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ ការស្លាប់​កុមារ​ម្នាក់​និង​៣​នាក់​ផ្សេង​ទៀត​ស្ថិត​ក្នុង​អាការៈ​ធ្ងន់ធ្ងរ​នោះ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ​កំពុង​ធ្វើការ​ស្រាវជ្រាវ​និង​តាមដាន​រក​មូលហេតុ​នៅ​ឡើយ ។

តាម​មន្ត្រី​សុខាភិបាល​ឲ្យ​ដឹង​ថា គេ​បាន​យក​ស្ករ​៤​គ្រាប់​ដែល​សល់​ពី​ក្មេង​ញ៉ាំ​ទាំង​នោះ​ប្រគល់​ទៅ​ឲ្យ​ស្នងការ​នគរបាល​ដើម្បី​ធ្វើការ​តាមដាន ដោយសារតែ​មន្ទីរ​សុខាភិបាល​គ្មាន​ឧបករណ៍​ពិសោធន៍ ។

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក ម៉ៅ ពៅ បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ថា ក្រុម​ប៉ូលិស​កំពុង​រៀបចំ​ស្រាវជ្រាវ​និង​ធ្វើ​កោសល្យវិច័យ​ដើម្បី​រក​មូលហេតុ​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​ការស្លាប់​របស់​កុមារ​ម្នាក់​ដោយសារតែ​ជាតិ​ពុល​នៅ​ក្នុង​ស្ករ​គ្រាប់ ឬ​ក៏​បណ្តាល​មក​ពី​ចំណី​ផ្សេង​អាហារ​ផ្សេងៗ​ទៀត ?

សូម​រំឮក​ថា​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​កន្លង​មក ក្មេង​ប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ​បាន​ស្លាប់​និង​៣​នាក់​ទៀត​បាន​សង្គ្រោះ​ទាន់​ពេលវេលា បន្ទាប់ពី​បាន​ញ៉ាំ​ស្ករ​គ្រាប់​ដែល​សមត្ថកិច្ច​អះអាង​ថា​ជា​ផលិតផល​វៀតណាម ហើយ​បាន​ពុល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

បុរស​ឈ្មោះ ផាន់ រ៉ន រស់​នៅ​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ដែល​ចៅ​និង​កូន​របស់​គាត់​បាន​ពុល​នោះ​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​បាន​ទិញ​ស្ករ​គ្រាប់​មក​ចែក​គ្នា​ញ៉ាំ ។

លោក ផាន់ រ៉ន បាន​ឲ្យ​ដឹង​ថា ៖ «ទិញ​ស្ករ​គ្រាប់​ចំនួន​៨​គ្រាប់ ១​គ្រាប់ ១០០ ។ មីង​ហ្នឹង​បាន​ចែក​ឲ្យ​ម្នាក់​១​គ្រាប់​នៅ​សល់​៤​គ្រាប់​ទុក​នៅ​នឹង​កាត៉ាប ខ្ញុំ​អត់​ដឹង​ទេ ។ ដល់​ហើយ​យាយ​រៀបចំ​ឲ្យ​ហូប​បាយ ឃើញ​មុខ​ចៅ​ស្វាយ សង្ស័យ​ថា​ខ្យល់គរ ដល់​ពេល​នេះ​ទៅ​កោស​ខ្យល់ ដល់​ពេល​កោស​ខ្យល់​ទៅ យាយ​មក​ពី​ជើង​ថា ផឹក​ថ្នាំ​សាកមើល​ក្រែង​គ្នា​ពុល ពេទ្យ​ក៏​ព្យួរ​ស៊ីរ៉ូម​ទៅ ដាច់​ខ្យល់ ។ ខ្ញុំ​មើល​អា​ចៅ​ឯណេះ​ឡើង​បន្ត​ទៀត មុខ​ដូច​គ្នា​ទៀត ទាំងអស់​មាន​គ្នា​៤​នាក់»

មន្ត្រី​ខេត្ត​ព្រះវិហារ​បាន​និយាយ​ថា​តាម​ការណែនាំ​របស់​មន្ទីរ​សុខាភិបាល​គួរតែ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណី​អាហារ ក៏ប៉ុន្តែ​ទោះ​យ៉ាងណា​គេ​មិន​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ ពីព្រោះ​នៅ​ខេត្ត​ព្រះវិហារ​ចំណី​អាហារ​ភាគ​ច្រើន​ផលិត​នៅ​ក្នុង​ស្រុក គឺ​មាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ៕

អត្ថបទ​ដែល​ទាក់ទង

អង្គការ​មួយ​គ្រោង​ចែក​សៀវភៅ​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ​ក្នុង​ក្រុង​ភ្នំពេញ

កម្ពុជា​គ្រោង​នឹង​ផ្លាស់ប្ដូរ​ឯកអគ្គរាជទូត​ចំនួន​៧​រូប

លទ្ធផល​ជំរឿន​បង្ហាញ​ថា កម្ពុជា​មាន​បច្ចុប្បន្ន​មាន​ប្រជាជន ជាង​១៣​លាន​នាក់

មតិ​ពលរដ្ឋ​ជុំវិញ​ការផាក​ពិន័យ​របស់​ប៉ូលិស​ចរាចរណ៍

ខ្មែរ​អ៊ិស្លាម​ស្វាគមន៍​និង​រីករាយ​ចំពោះ​ខែ​បួស

អធិករណ៍​នៅ​វត្ត​វារិន្ទ ក្នុង​សង្កាត់​ព្រែកលៀប នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ

ការហឺត​ផ្សែង​ធូប​ច្រើន​អាច​កើត​ជំងឺ​មហារីក

ម្ចាស់​រថយន្ត​ដឹក​ទំនិញ​មិន​សប្បាយ​ចិត្ត​នឹង​បទ​បញ្ជា​សាលាក្រុង

ពុទ្ធបរិស័ទ​ប្រមាណ​៥០​នាក់ នាំ​គ្នា​តវ៉ា​បណ្ដេញ​ចៅ​អធិការ​វត្ត​វារិន្ទ​ព្រែកលៀប

កសិករ​ម្នាក់​នៅ​ខែត្រ​បាត់ដំបង​រង​របួស​ជា​ទម្ងន់​ដោយ​ការផ្ទុះ​មីន