អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក យឹម សុងកន បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ថាមន្ទីរសុខាភិបាលបានចេញសេចក្តីណែនាំទៅតាមបណ្តាស្រុកនិងបណ្តាញមណ្ឌលសុខភាពទាំងអស់ ក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យប្រុងប្រយ័ត្នចំណីអាហារពុលនិងការពារជំងឺឆ្លងផង ។
លោក យឹម សុងកន បានមានប្រសាសន៍ថា ៖ «យើងចេញជាលិខិតណែនាំទៅគ្រប់មូលដ្ឋានសុខាភិបាលគ្រប់ស្រុកគ្រប់មណ្ឌលសុខភាព គ្រប់បណ្ដាញរបស់យើងដើម្បីតាមដានបញ្ហាហ្នឹងគ្រប់ទាំងអស់ទាំងជំងឺឆ្លងផង» ។
មន្ត្រីដដែលបានមានប្រសាសន៍ថាការចេញសេចក្តីណែនាំបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកុមារម្នាក់បានស្លាប់និង៣នាក់ទៀតបានពុលដោយសារតែញ៉ាំស្ករគ្រាប់មក ។
ទោះយ៉ាងណារហូតមកដល់ពេលនេះ ការស្លាប់កុមារម្នាក់និង៣នាក់ផ្សេងទៀតស្ថិតក្នុងអាការៈធ្ងន់ធ្ងរនោះ ត្រូវបានមន្ទីរសុខាភិបាលខេត្តព្រះវិហារកំពុងធ្វើការស្រាវជ្រាវនិងតាមដានរកមូលហេតុនៅឡើយ ។
តាមមន្ត្រីសុខាភិបាលឲ្យដឹងថា គេបានយកស្ករ៤គ្រាប់ដែលសល់ពីក្មេងញ៉ាំទាំងនោះប្រគល់ទៅឲ្យស្នងការនគរបាលដើម្បីធ្វើការតាមដាន ដោយសារតែមន្ទីរសុខាភិបាលគ្មានឧបករណ៍ពិសោធន៍ ។
ស្នងការនគរបាលខេត្តព្រះវិហារ លោក ម៉ៅ ពៅ បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទថា ក្រុមប៉ូលិសកំពុងរៀបចំស្រាវជ្រាវនិងធ្វើកោសល្យវិច័យដើម្បីរកមូលហេតុបញ្ជាក់ឲ្យច្បាស់ថា តើការស្លាប់របស់កុមារម្នាក់ដោយសារតែជាតិពុលនៅក្នុងស្ករគ្រាប់ ឬក៏បណ្តាលមកពីចំណីផ្សេងអាហារផ្សេងៗទៀត ?
សូមរំឮកថាកាលពីថ្ងៃទី១០ ខែកក្កដាកន្លងមក ក្មេងប្រុសម្នាក់អាយុ៥ឆ្នាំបានស្លាប់និង៣នាក់ទៀតបានសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីបានញ៉ាំស្ករគ្រាប់ដែលសមត្ថកិច្ចអះអាងថាជាផលិតផលវៀតណាម ហើយបានពុលក្នុងស្ថានភាពធ្ងន់ធ្ងរ ។
បុរសឈ្មោះ ផាន់ រ៉ន រស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ដែលចៅនិងកូនរបស់គាត់បានពុលនោះបានមានប្រសាសន៍ថា ពួកគេបានទិញស្ករគ្រាប់មកចែកគ្នាញ៉ាំ ។
លោក ផាន់ រ៉ន បានឲ្យដឹងថា ៖ «ទិញស្ករគ្រាប់ចំនួន៨គ្រាប់ ១គ្រាប់ ១០០ ។ មីងហ្នឹងបានចែកឲ្យម្នាក់១គ្រាប់នៅសល់៤គ្រាប់ទុកនៅនឹងកាត៉ាប ខ្ញុំអត់ដឹងទេ ។ ដល់ហើយយាយរៀបចំឲ្យហូបបាយ ឃើញមុខចៅស្វាយ សង្ស័យថាខ្យល់គរ ដល់ពេលនេះទៅកោសខ្យល់ ដល់ពេលកោសខ្យល់ទៅ យាយមកពីជើងថា ផឹកថ្នាំសាកមើលក្រែងគ្នាពុល ពេទ្យក៏ព្យួរស៊ីរ៉ូមទៅ ដាច់ខ្យល់ ។ ខ្ញុំមើលអាចៅឯណេះឡើងបន្តទៀត មុខដូចគ្នាទៀត ទាំងអស់មានគ្នា៤នាក់» ។
មន្ត្រីខេត្តព្រះវិហារបាននិយាយថាតាមការណែនាំរបស់មន្ទីរសុខាភិបាលគួរតែប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះចំណីអាហារ ក៏ប៉ុន្តែទោះយ៉ាងណាគេមិនព្រួយបារម្ភខ្លាំងពេកទេ ពីព្រោះនៅខេត្តព្រះវិហារចំណីអាហារភាគច្រើនផលិតនៅក្នុងស្រុក គឺមាននាំចូលពីប្រទេសជិតខាងតែបន្តិចបន្តួចប៉ុណ្ណោះ ៕
