សមត្ថកិច្ច​រឹប​អូស​គ្រឿង​ញៀន​បាន​ជិត ២​គីឡូក្រាម​នៅ​រាជធានី​ភ្នំពេញ

អាជ្ញាធរ​ប្រឆាំង​គ្រឿង​ញៀន បាន​ចុះ​បង្ក្រាប​ឈ្មួញ​លក់​ដូរ​គ្រឿង​ញៀន និង​រឹប​អូស​បាន​គ្រឿង​ញៀន​ចំនួន​ជិត ២​គីឡូក្រាម នៅ​រសៀល​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។

0:00 / 0:00

ម្សៅ​ហេរ៉ូអ៊ីន ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន ឆែក​ឃើញ​នៅ​ក្នុង​ផ្ទះ​ជន​សង្ស័យ នៅ​រាជ​ធានី​ភ្នំពេញ។

អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន រឹប​អូស​គ្រឿង​ញៀន​ប្រភេទ​ម្សៅ​ហេរ៉ូអ៊ីន ចំនួន ៥​ប្រអប់ ស្មើ​នឹង​ជិត ២​គីឡូក្រាម ពី​ផ្ទះ​ល្វែង​ប្រណីត​លេខ​២៦ ផ្លូវ​លេខ​៣៨៤ ក្នុង​សង្កាត់​ទួលស្វាយព្រៃ រាជធានី​ភ្នំពេញ។

ចៅ​សង្កាត់​ទួលស្វាយព្រៃ លោក លី ពូ មាន​ប្រសាសន៍​បញ្ជាក់​ថា ម្ចាស់​ផ្ទះ​ដែល​អាជ្ញាធរ​រឹប​អូស​បាន​គ្រឿង​ញៀន​នោះ មាន​ឈ្មោះ កែវ សារឿន អាយុ ៥២​ឆ្នាំ ជា​ខ្មែរ-វៀតណាម ត្រូវ​របួស​ជើង​ស្ដាំ​ដោយ​សារ​គ្រាប់​កាំភ្លើង បន្ទាប់​ពី​បាញ់​ត​គ្នា​ជាមួយ​ក្រុម​សមត្ថកិច្ច នៅ​វេលា​ក្រោយ​ពេល​បាយ​ថ្ងៃ​ត្រង់។ សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៦​នាក់​នៅ​ក្នុង​ផ្ទះ​នោះ៖ «យើង​ឃាត់​ខ្លួន​នៅ​នឹង​ផ្ទះ​នេះ មាន​គាត់​ហ្នឹង​មួយ ប្ដី​ប្រពន្ធ ហើយ​នឹង​កូន ២​នាក់។ កូន​តូច​មួយ ហើយ​នឹង​មួយ​ជំទង់​ប្រហែល​ជា ១៨-២០ (ឆ្នាំ) អី​ហ្នឹង។ បួន​នាក់។ មួយ​ទៀត​គេ​យក​ពី​ក្រៅ​មក​ទេ»

មាន​ជន​ជាតិ​វៀតណាម ម្នាក់​ទៀត ត្រូវ​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន ចាប់​បាន​បន្ទាប់​ការ​ឆែកឆេរ​នៅ​ទីតាំង​ពាក់ព័ន្ធ​នៅ​តំបន់​ផ្សេង​ទៀត។

លោក​ចៅសង្កាត់​ទួលស្វាយព្រៃ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ឈ្មោះ កែវ សារឿន ជា​ទាហាន​ជើង​គោក​សក្ដិ​៥។ ក៏​ប៉ុន្តែ គេ​នៅ​មិន​ទាន់​បញ្ជាក់​ថា​នៅ​អង្គភាព​ណា​មួយ​ទេ។

មន្ត្រី​ដែល​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ជា​បឋម​នៅ​កន្លែង​បង្ក្រាប​នោះ​ថា ក្រៅ​ពី​ម្សៅ​ហេរ៉ូអ៊ីន ជិត ២​គីឡូក្រាម នៅ​មាន​អាវុធ​ខ្លី​ចំនួន ២​ដើម ម្សៅ​គីមី​ផ្សំ និង​ពុម្ព​ផលិត​ផង។

ក្រៅ​ពី​ការ​បង្ក្រាប​នៅ​ផ្ទះ​លេខ​២៦ ក្នុង​សង្កាត់​ទួលស្វាយព្រៃ អាជ្ញាធរ​បន្ត​ឆែកឆេរ​នៅ​ទីតាំង​ផ្សេង ៣​កន្លែង​ទៀត គឺ​នៅ​ម្ដុំ​សំណង់​១២ ស្ទឹងមានជ័យ និង​ព្រែកប្រា។

ចៅ​សង្កាត់​ទួលស្វាយព្រៃ លោក លី ពូ និង​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សាម៉ន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន បាន​តាម​ដាន​សកម្មភាព​របស់​ជន​សង្ស័យ​ទាំង​យប់​ទាំង​ថ្ងៃ​ជា​ច្រើន​ខែ​មក​ហើយ។ ជន​សង្ស័យ កែវ សារឿន ជា​ដំបូង​ត្រូវ​បាន​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ​ប្រណីត។ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​ទើប​ដឹង​ថា ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន៖ «គាត់​មក​នៅ​ទី​នេះ​បាន​ពីរ​ឆ្នាំ​ជាង។ បន្ទាប់​ពី​បាន​មួយ​ឆ្នាំ ឃើញ​ជួស​ជុល​ផ្ទះ។ យើង​ខ្ញុំ​ជាមួយ​មេ​ប៉ុស្តិ៍​ដាក់​ការ​សង្ស័យ។ ទី​មួយ​សង្ស័យ​ថា អាច​រក​ស៊ី​ឈើ។ ឃើញ​ក្នុង​ផ្ទះ​ហ្នឹង​បំពាក់​គ្រឿង​ឈើ​ប្រណីតៗ ល្អ​ណាស់។ សង្ស័យ​ឈើ​ទេ ប៉ុន្តែ​ឥឡូវ​ចេញ​រឿង​ហ្នឹង​វិញ»

រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី២៧ ធ្នូ មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន រួម​នឹង​មន្ត្រី​តុលាការ នៅ​មិន​ទាន់​អាច​បញ្ជាក់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​បាន​ទេ ពីព្រោះ​ករណី​នេះ​ស្ថិត​នៅ​ក្រោម​ការ​ឆែកឆេរ​បន្ថែម​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។