មន្ត្រីជាន់ខ្ពស់នគរបាលប្រឆាំងគ្រឿងញៀន បានអះអាងថា សាលាដំបូងក្រុងភ្នំពេញ បានចោទប្រកាន់ជនសង្ស័យទាំង ៤នាក់នោះហើយ ក្រោមបទជួញដូរគ្រឿងញៀន ហើយតុលាការបានសម្រេចបញ្ជូនជនសង្ស័យទាំងនោះទៅឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស នៅពេលនេះ។
នគរបាលប្រឆាំងគ្រឿងញៀន កំពុងតែបន្តការស៊ើបអង្កេតនៅមុនការបើកសវនាការនៅថ្ងៃអនាគត ដោយមានភស្តុតាង និងសំណុំរឿងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ និងចាប់ខ្លួន។ មន្ត្រីអនុវត្តន៍ច្បាប់ បានឲ្យដឹងថា បើសិនណាតុលាការរកឃើញថាមានទោសកំហុសមែននោះ តុលាការអាចនឹងផ្ដន្ទាទោសឲ្យជាប់គុកមួយជីវិត។
ជនសង្ស័យចំនួន ៤នាក់នេះ ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួននៅសណ្ឋាគារបូលីណា ផាលេស (Bolyna Palace) នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ។ ថ្នាំញៀននេះ ត្រូវបាននាំចូលមកកម្ពុជា ពីតំបន់ត្រីកោណមាស តាមច្រកព្រំដែនកម្ពុជា-ឡាវ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ណាត ថង អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទី២ ឈ្មោះ ណាត ស៊ុត អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទី៣ ឈ្មោះ អាំផន កុំផន (Amphon Koumphon) ជនជាតិឡាវ និងជនសង្ស័យទី៤ ឈ្មោះ វង់ភីម ខាំបាយ (Vongphim Khambay) ជនជាតិឡាវ។
ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉ន បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែធ្នូ ថា លោកសុំឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង៖ «ព្រោះបញ្ហា គឺច្បាប់ គឺចេញជាធរមានហើយ។ ឥឡូវហ្នឹង ខាងតុលាការ លោកមិនដែលធ្វេសប្រហែលទេ។ យើងគឺថាមានករណីធ្ងន់ធ្ងរអីចឹង ចាប់បានមនុស្ស និងភស្តុតាងជាក់ស្ដែងតាមជំនាញអីចឹង បញ្ជូនទៅ អត់ដែលមាននរណារួចខ្លួនទេ គឺករណីធំៗអីចឹង»។
ទាក់ទងនឹងយុទ្ធនាការបង្ក្រាបសម្បុកជួញដូរគ្រឿងញៀនថ្មីៗនេះ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា លោក មាស សុវណ្ណ បានមានប្រសាសន៍ថា ការបង្ក្រាបកន្លងមកនេះ គឺចំគោលដៅធំៗ៖ «ស្ថាប័នជំនាញៗរុករកហើយក៏ពុះពារ និងការតស៊ូដើម្បីបង្ក្រាបនោះ។ ខ្ញុំឃើញអីចឹង សប្បាយចិត្តណាស់ ធ្វើការសហការដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ តាមលក្ខណៈច្បាប់ឲ្យបានម៉ឺងម៉ាត់»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកសាទរចំពោះការបង្ក្រាបដោយជោគជ័យនេះ ប៉ុន្តែលោកនៅមានការព្រួយបារម្ភថានៅមានកងកម្លាំងយោធា និងប្រដាប់អាវុធមួយចំនួន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៖ «រដ្ឋាភិបាលត្រូវតែពិនិត្យទៅលើអ្នកមានអំណាច និងអ្នកទទួលខុសត្រូវសំខាន់ៗមួយចំនួន ជាពិសេសក្នុងជួរកងទ័ព និងនគរបាលជាតិនេះ ដែលភាគច្រើនជាអ្នកផ្សំគំនិត»។
របាយការណ៍របស់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា សម្រាប់រយៈពេល ៩ខែ ឆ្នាំ២០១២ កន្លងមកនេះ បានឲ្យដឹងថា នគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៥៥៣ករណី និងចាប់ខ្លួនជនសង្ស័យចំនួន ១.២៦៤នាក់។
សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីន (WY) ចំនួន ៥.៣៤៧គ្រាប់ មេតំហ្វេតាមីនក្រាមម្សៅទឹកកក ចំនួនជាង ១៩គីឡូក្រាម អ៊ិចស្តាស៊ី ចំនួន ១.៣២៥គ្រាប់ កូកាអ៊ីន ចំនួនជាង ៤០គីឡូក្រាម ប្រេងម្រះព្រៅភ្នំ ចំនួន ៨តោន និងសារធាតុគីមីផ្សំគ្រឿងញៀនចំនួនជាង ៥៣តោនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
