កាសែតថៃបានសរសេរថាការចេញអធិបញ្ជារបស់តុលាការនេះ បានប៉ះពាល់ដល់សេចក្ដីប្រកាសរួមគ្នារវាងកម្ពុជានិងថៃដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចមកហើយនោះ ហើយនៅក្នុងសេចក្ដីប្រកាសរួមគ្នានោះបានបង្ហាញពីការគាំទ្រយ៉ាងសកម្មពីភាគីថៃក្នុងការដែលប្រទេសកម្ពុជា បានស្នើសុំដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ប្រទេសកម្ពុជាគ្រោងនឹងភ្ជាប់សេចក្ដីប្រកាសរួមគ្នានោះជាមួយនឹងសំណើដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ហើយបញ្ជូនទៅឲ្យអង្គការយូណេស្កូក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងកេបិច ប្រទេសកាណាដា នាដើមខែក្រោយ ៕
