កាសែតថៃ The Nation ក្នុងច្បាប់ចេញផ្សាយថ្ងៃសុក្របានស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអន្តរជាតិឃ្លាំមើលកម្ពុជាដែលអះអាងថា "...រដ្ឋបាលក្រុងភ្នំពេញចាញ់កលថៃដោយបានកំណត់យកផ្ទៃដីបរិវេណជុំវិញប្រាសាទព្រះវិហារ ទំហំត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ..." ។
កាសែតថៃ The Nation ក៏បានសរសេររំឮកឡើងវិញអំពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលបានកាត់ក្តីក្នុងឆ្នាំ១៩៦២ សម្រេចប្រគល់ប្រាសាទព្រះវិហារមកឲ្យខ្មែរស្របតាមសន្ធិសញ្ញាសៀម-បារាំង ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយនិងផែនទីដែលគូសដោយប្រទេសបារាំងផងដែរ ។
កាសែតថៃ The Nation បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអន្តរជាតិឃ្លាំមើលកម្ពុជា ដែលបានសរសេរបន្ថែមទៀតថា "...ផែនទីគូសដោយបារាំងនេះ ដែលមានតម្កល់ទុកនៅឯទីក្រុងឡាអេ បានបង្ហាញយ៉ាងច្បាស់ថាដីតំបន់ជុំវិញប្រាសាទព្រះវិហារដែលថៃចាត់ទុកថាជាតំបន់ត្រួតស៊ីគ្នានោះគឺជារបស់ខ្មែរ ។ ដូច្នេះការដែលកំណត់ដាក់តែតួប្រាសាទព្រះវិហារនិងដីបរិវេណជុំវិញទំហំត្រឹមតែ៣០ម៉ែត្រ ដែលជាតំបន់គ្រឹះប្រាសាទទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាការបាត់បង់ទឹកដីទៅឲ្យប្រទេសថៃ..." ។
ក្រុមប្រឹក្សាដដែលនេះបានទាមទារឲ្យរាជរដ្ឋាភិបាលខ្មែរដកផែនទីថ្មីនេះចេញ និងស្នើសុំយ៉ាងទទូចឲ្យប្រើផែនទីច្បាប់ដើមដែលគូសដោយបារាំងយកមកភ្ជាប់ជាមួយពាក្យសុំបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវិញ ៕
