លោក ជា មករា បានសាកសួរអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី គឺលោក សាវយុត ដែលកំពុងតែស្ថិតនៅលើខ្នងភ្នំប្រាសាទព្រះវិហារ ស្ដីពីស្ថានការណ៍នៅតំបន់នោះ ៖
ជា មករា ៖ តើនៅខាងប្រាសាទព្រះវិហារស្ថានការណ៍នៃការដាក់ទ័ពរបស់ថៃនិងកម្ពុជា រហូតមកទល់នឹងថ្ងៃទី៤នេះមានសភាពការណ៍យ៉ាងម៉េច ?
សាវយុត ៖ នៅពេលនេះស្ថានការណ៍យោធារវាងកងទ័ពថៃនិងកងទ័ពខ្មែរ បើសិនជានិយាយអំពីការប្រឈមមុខដាក់គ្នាតានតឹងដោយអាវុធដែលឈានទៅរកការបាញ់បង្ហូរឈាមគ្នានោះគឺមិនមានទេ ។ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃទី៤នេះហើយ យើងឃើញថាកងទ័ពថៃនៅតែជញ្ជូនគ្នាចូលមកកាន់តំបន់វត្តខ្មែរឈ្មោះ កែវសិក្ខាគិរីស្វរៈ ជាប្រចាំ ក្នុងមួយម៉ោងគេឃើញកងទ័ពចូលប្រមាណជា២០នាក់ ឬក៏៥០នាក់ ។
ជា មករា ៖ រហូតមកទល់នឹងពេលនេះតើមានកងទ័ពថៃប្រមាណនាក់ហើយនិងកងទ័ពខ្មែរប៉ុន្មាននាក់ ?
សាវយុត ៖ តាមតួលេខដែលកងទាហាននៅច្រកទ្វារអង្គុយកត់ រហូតមកដល់រសៀលម៉ោង៣ថ្ងៃនេះគឺមានកងទ័ពថៃប្រហែលជា៧០០នាក់ហើយដែលចូលមកកាន់តំបន់ខ្មែរនោះ ហើយកងទ័ពខ្មែរក៏មានចំនួនច្រើនសន្ធឹកសន្ធាប់ដែរ ដោយមានសមាសភាពចម្រុះព្រំដែន មានកងទាហាន ហើយនិងកងកម្លាំងរាជអាវុធហត្ថផង បានឡើងមកជាបន្តបន្ទាប់ទោះបីជាពេលយប់ក៏ឡើងមកដែរ ។
និយាយពីការចរចាថាតើមានដំណោះស្រាយយ៉ាងណាដើម្បីឲ្យកងទ័ពថៃដកចេញ សូមបញ្ជាក់ថាកាលពីវេលាម៉ោង១២ថ្ងៃត្រង់ មេបញ្ជាការកងពលថៃប្រចាំតំបន់នោះជាមួយមេបញ្ជាការកងពលលេខ១២របស់កម្ពុជា បានចាប់ផ្តើមអង្គុយតុចរចាជាមួយគ្នា ។ ហើយនៅពេលនោះខាងអាជ្ញាធរខេត្តព្រះវិហារបានសំណូមពរឲ្យកងទ័ពថៃដកចេញពីវត្តដើម្បីទុកឲ្យប្រជាពលរដ្ឋខ្មែរមានលទ្ធភាពចូលមកធ្វើបុណ្យទាននៅពេលថ្ងៃចូលវស្សា ។ ហើយកងទ័ពថៃបានសន្យាថាគេនឹងដកចេញនៅថ្ងៃនេះ ក៏ប៉ុន្តែផ្ទុយទៅវិញមិនឃើញមានថាការដកចេញអីទេ ឃើញតែកងទ័ពថៃជញ្ជូនគ្នាជាបន្តបន្ទាប់ ហើយនៅជាប់បន្ទាត់ព្រំដែននៃច្រកទ្វារនោះយើងឃើញថា វត្តមានកងទ័ពថៃមានច្រើន ហើយមានកាំភ្លើងធុនធំនិងកាំភ្លើងយន្តផង ។
ដោយឡែកកាលពីវេលាម៉ោងប្រមាណ៣រសៀលនេះ គឺយើងឃើញថាមានការជួបចរចាគ្នាម្ដងទៀតរវាងមេបញ្ជាការរងរបស់កងវរសេនាតូចថៃលេខ២៣ហ្នឹងបានចូលមក ក៏ប៉ុន្តែគេមិនបាននិយាយអំពីការដកកងទ័ពចេញទេ ។ គេប្រាប់ថាកងទ័ពគេមិនអាចដកចេញ ហើយគេបានសំណូមពរឲ្យកងទាហានខ្មែរហ្នឹងដកចេញពីវត្តកុំឲ្យនៅជិតកងទ័ពថៃទៅវិញ ។
ជា មករា ៖ មូលហេតុអ្វីបានជាគេសុំឲ្យដកទាហានខ្មែរចេញ ប៉ុន្តែគេទុកទាហានថៃវិញ ?
សាវយុត ៖ ថៃបានលើកមូលហេតុថាកាលណាឲ្យទាហានខ្មែរនៅជាប់គ្នាជាមួយទាហានថៃនោះ នៅពេលយប់គេពិបាកនឹងគ្រប់គ្រងស្ថានការណ៍ ដែលអាចថាកងទ័ពខ្មែរឆាឆៅដែលធ្វើឲ្យមានការផ្ទុះអាវុធឬអាចឈានទៅដល់អំពើហិង្សាបាញ់គ្នាបាន ។ ដូច្នេះគេសំណូមពរឲ្យកងទ័ពខ្មែរដកចេញពីទីវត្តដែលជាទីកន្លែងដែលកងទ័ពថៃកំពុងតែនៅយ៉ាងច្រើននោះ ។
ក៏ប៉ុន្តែយើងឃើញថាកាលពីម្សិលមិញការទាមទាររបៀបនេះគឺសឹងឈានទៅរកការផ្ទុះអាវុធទៅហើយ ដោយសារតែកងទ័ពខ្មែរមិនព្រម ហើយមានការប្រទាញប្រទង់គ្នាខ្លាំងរហូតដល់សម្លុតស្រែកដាក់គ្នាហើយនិងច្រានទ្រូងគ្នាទៀតផង ៕
