ការសម្រេចនោះបានធ្វើឡើងកាលពីថៃ្ងទី៧ ខែកក្កដាកន្លងទៅថ្មីៗនេះ ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា ទោះបីជាមានការតវ៉ាជំទាស់ពីក្រុមបាតុករថៃមួយចំនួនកាលពីពេលថ្មីៗនេះនៅខាងមុខច្រកចូលប្រាសាទព្រះវិហាររបស់កម្ពុជាក៏ដោយ ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជាបានធ្វើសន្និសីទកាសែតមួយនៅឯក្រសួងការបរទេសក្នុងទីក្រុងភ្នំពេញ ដើម្បីសម្ដែងការសា្វគមន៍ចំពោះសេចក្ដីសម្រេចនោះថា ៖ «សម្រេចដោយសមាជិកគណៈកម្មការទាំង២១ អត់មានប្រទេសណាមួយជំទាស់ទេ ។ នេះជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាមួយ ការបញ្ចូលប្រាសាទព្រះវិហារយើងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ក៏ប៉ុន្តែសំខាន់ជាងនេះទៀតជាជោគជ័យរបស់អរិយធម៌ខ្មែរយើង វប្បធម៌ខ្មែរយើង» ។
ស្របពេលជាមួយគ្នានេះដែរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខនៃរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថែ្លងការណ៍ជាចំហមួយជូនជនរួមជាតិកម្ពុជា ថានេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនិងប្រទេសកម្ពុជា ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានាក្នុងតំបន់និងពិភពលោកដែលប្រាសាទព្រះវិហារត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទនិងរមណីយដ្ឋាន បានទទួលស្គាល់ជាកំពូលស្នាដៃដ៏អស្ចារ្យនៃស្ថាបត្យកម្មខែ្មរនិងមានតម្លៃនោះ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខែ្មរដែលបានធ្វើពីធីបន់ស្រន់កន្លងមកសុំឲ្យមានជោគជ័យនោះ បានមានប្រសាសន៍ថា ៖ «គឺខាងមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរនៅថ្ងៃ១១នេះ យើងធ្វើពិធីអបអរសាទរមួយនៅក្នុងលក្ខណៈជាក្រុមគ្រួសារ ជាមួយនឹងគណៈអធិបតី ជាមួយនឹងអ្នកសារព័ត៌មានខ្លះ» ។
រីឯលោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសមរង្ស៊ីបានមានប្រសាសន៍ប្រតិកម្មចំពោះការទទួលស្គាល់របស់អង្គការ UNESCO ដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះថា ៖ «មានន័យថាប្រទេសកម្ពុជាបានធានានូវបូរណភាពទឹកដីនៅក្នុងតំបន់ប្រាសាទព្រះវិហារនេះនៅឡើយទេ យើងទាមទារឲ្យរដ្ឋាភិបាលធ្វើការបញ្ជាក់ទៅភាគីថៃឲ្យបានច្បាស់អំពីព្រំដែនរវាងប្រទេសកម្ពុជានិងថៃ» ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងសន្និសីទកាសែតនៅថៃ្ងអង្គារនេះថា ការដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះគឺមិនមែនដាក់បន្ទាត់ព្រំដែននោះទេ គឺដាក់បញ្ជូលតែប្រាង្គប្រាសាទតែប៉ុណ្ណោះ ដូច្នេះមិនបានធ្វើឲ្យកម្ពុជានិងថៃបាត់បង់ទឹកដីបន្តិចណាទ្បើយ ។
សូមរំឮកថាប្រាសាទព្រះវិហារនៅលើខ្នងភ្នំដងរ៉ែកជាប់នឹងព្រំដែនថៃនោះ ត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្តីកាលពីថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ៕
